បុរស​ម្នាក់ជា​មន្ត្រី​នគរបាល ផឹកស្រវឹងបើកបររេ​ចង្កូត​ទៅ​កៀរ​រថយន្តមួយគ្រឿងទៀត នៅផ្លូវ​ព្រះ​មុនី​វង្

112

​ភ្នំពេញ៖ បុរស​ម្នាក់ជា​មន្ត្រី​នគរបាល បាន​ស្រវឹងរួច​បើករថយន្ត​ម៉ាក​ឡិច​ស៊ី​ស LX470 រេ​ចង្កូត​ទៅ​កៀរ​រថយន្ត​តូ​យ៉ូ​តា​ព្រុស កំពុង​ឈប់​រង់ចាំ​ភ្លើងស្តុប បណ្ដាល​ឱ្យ​រង​ការ​ខូចខាត​តិចតួច បន្ទាប់​មក​រថយន្ត​បង្ក​នោះ​ក៏​រេ​ចង្កូត​ទៅ​បុ​ក​ជាមួយនឹង​ដើម​ត្របែកព្រៃ​ទៀត​ធ្វើ​ឱ្យ​រង​ការ​ខូចខាត​រថយន្ត​បន្ថែម​ទៀត បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១១​និង​៤០​នាទី​យប់ ថ្ងៃ​ទី​៦ ខែកញ្ញា ឆ្នាំ​២០២៣ នៅ​ចំណុច​ភ្លើងស្តុប ផ្លូវ​៣១០ កែង​ផ្លូវ​ព្រះ​មុនី​វង្ស ស្ថិត​ក្នុង​សង្កាត់​បឹង​កេងកង​ទី​២ ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ ។

តាម​ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​បានឃើញ​បុរស​វ័យ​ជាង​៥០​ឆ្នាំ​ម្នាក់ ដែល​ត្រូវ​គេ​ស្គាល់​ថាគឺ​មន្ត្រី​នគរបាល​ពាក់​សក្តិ​៤​កន្លះ បាន​បើករថយន្ត​ម៉ាក​ឡិច​ស៊ី​ស LX 470 ពណ៌​ស្ករ ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​ព្រះ​មុនី​វង្ស ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង ក្នុង​ស្ថានភាព​ស្រវឹង​។ លុះ​មក​ដល់​ចំណុច​កើតហេតុ ក៏​ស្រាប់តែ​រថយន្ត​រេ​ចង្កូត​ជ្រុល​ទៅ​កៀរ​រថយន្ត​ម៉ាក​តូ​យ៉ូ​តា​ព្រុស ស៊េរី​ឆ្នាំ​២០១០ ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ​2BR 5276 ដែល​ឈប់​រង់ចាំ​ភ្លើងស្តុប ក្នុង​ទិស​ដៅ​ស្របគ្នា បណ្តាល​ឲ្យ​រថយន្ត​តូ​យ៉ូ​តា​ព្រុស​រង​ការ​ខូចខាត​កូដ​ថ្នាំ​ថ្ពាល់​មុខ​ចំហៀង​ខាងស្តាំ​បន្តិច តែ​មិន​មាន​គ្រោះថ្នាក់​ដល់​មនុស្ស​នោះ​ទេ​។

ប្រភព​ដដែល​បន្ត​ថា ដោយឡែក​រថយន្ត​ឡិច​ស៊ី​ស​វិញ នៅ​ពេល​ដែល​បើក​កៀរ​រថយន្ត​តូ​យ៉ូ​តា​ព្រុស​ហើយ រថយន្ត​ក៏​រេ​ចង្កូត​ទៅ​ខាងឆ្វេង​បញ្ច្រាសទិស​ដៅ​ចរាចរណ៍ ហើយ​ជ្រុល​ទៅ​បុក​ផ្ទប់​ជាមួយនឹង​ដើម​ត្របែកព្រៃ​ទៀត បណ្តាល​ឲ្យ​រថយន្ត​រង​ការ​ខូចខាត​ផែ្ន​ក​ខាង​មុខ​តិចតួច បន្ទាប់​មក​បុរស​ជា​អ្នក​បើករថយន្តក៏​បាន​ដេក​លក់​ក្នុង​រថយន្ត​តែ​ម្ដង ។ មួយសន្ទុះ​ក្រោយមក កម្លាំង​សមត្ថកិច្ច​ចរាចរណ៍​ខណ្ឌ​បឹង​កេងកង បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ រួច​ធ្វើការ​គោះ​ទ្វារដើម្បី​ហៅទើប​អ្នក​បើករថយន្ត​ដឹងខ្លួន​ទាំង​អាកា​រៈ​ស្រវឹង​ផង​ដែរ ។

ក្រោយ​ពេល​កើតហេតុ ដោយ​ពិនិត្យ​ឃើញ​ថាសមត្ថកិច្ច​ក៏​សម្រេច​អោយ​ម្ចាស់​រថយន្ត​បន្តដំណើរ​ទៅ​ផ្ទះ​វិញ ដោយ​មាន​កម្លាំង​សមត្ថកិច្ច​ជួយ​ជូន​ទៅ​ទៀត​ផង ៕

ពាក់ព័ន្ធ​ក្នុង​ករណី​ខាងលើ​នេះ​ដែរ កម្លាំង​សមត្ថកិច្ចក៏​បានអោយ​តំណាង​រថយន្ដ​តូ​យូ​តា​ព្រុសធ្វើការ​ចរចា​គ្នា​ជាមួយ​ខាង​រថយន្ត​ឡិច​ស៊ី​ស ដោយ​ឱ្យ​ជួយ​ចេញថ្លៃ​ការ​ជួសជុល ដើម្បី​បញ្ចប់រឿង​នៅ​នឹង​កន្លែង​កើតហេតុ​។

Turbo tech solutions
HQP