ភ្នំពេញ៖ អគ្គស្នងការរងនគរបាលជាតិ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានលើកឡើងថា ជុំវិញបញ្ហាការពួនស្ទាក់របស់មន្ត្រីនគរបាលចរាចរណ៍ ត្រូវតែលប់បំបាត់ ប៉ុន្តែការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកនៅតែបន្តអនុវត្ត ដើម្បីពង្រឹងសណ្តាប់ធ្នាប់សុវត្ថិភាពចរាចរណ៍។
លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានលើកឡើងដូចនេះ ក្រោយទទួលបាននៃការបង្ហោះព័ត៌មានតាមបណ្តាញព័ត៌មានសង្គមជុំវិញបញ្ហាមន្ត្រីនគរបាលចរាចរណ៍ម្នាក់ឈរអនុវត្តច្បាប់ចរាចរណ៍នៅគោលដៅស្តុបបូកគោ កាលពីវេលាម៉ោង ៩:១៣នាទីព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៣ ដែលធ្វើសកម្មភាពពួនស្ទាក់ចាប់ប្រជាពលរដ្ឋធ្វើដំណើរនៅលើដងផ្លូវនៃគោលដៅខាងលើ ដែលអនុវត្តផ្ទុយនឹងបទបញ្ជារបស់ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ។
ភ្លាមនោះលោកស្នងការនគរបាលរាជធានីភ្នំពេញ ក៏បានបញ្ជាទៅនាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក រាជធានីភ្នំពេញ ឱ្យនាំមន្ត្រីនគរបាលចរាចរណ៍រូបនោះយកមកអប់រំ និងធ្វើការព្រមានលើកទី១ ដើម្បីឱ្យកែប្រែឥរិយាបថ។ ទន្ទឹមនេះក៏បានសំណូមពរដល់ប្រជាពលរដ្ឋធ្វើដំណើរលើដងផ្លូវនានាក្នុងរាជធានីភ្នំពេញ ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ដើម្បីសុខសុវត្ថិភាពខ្លួនឯង និងអ្នកទៃ៕


