អ្នកនៅរស់រានមានជីវិតពីគ្រោះរញ្ជួយដីក្នុងប្រទេសម៉ារ៉ុក បានប្រមូលផ្តុំគ្នានៅក្នុងទីវាលនៅលើភ្នំ High Atlas កាលពីយប់ថ្ងៃសៅរ៍កន្លងទៅ ពោលគឺមួយថ្ងៃបន្ទាប់ពីរងការវាយប្រហារដោយគ្រោះរញ្ជួយដីដ៏សាហាវបំផុតរបស់ប្រទេស ក្នុងរយៈពេលជាង៦ទសវត្សរ៍ ដោយបានសម្លាប់មនុស្សជាង២០០០នាក់ និងបានបំផ្លិចបំផ្លាញភូមិស្រុកអស់ជាច្រើន។
អ្នកស្រុកកំពុងបន្តប្រតិបត្តិការស្វែងរកអ្នកនៅរស់ ដែលកប់ជាប់ក្នុងបំណាក់ដីតាមជម្រាលភ្នំ ខណៈដែលផ្ទះធ្វើពីឥដ្ឋ ថ្ម និងឈើគ្រើមត្រូវបានប្រេះបាក់ ហើយវិហារឥស្លាមបានដួលរលំ ដោយសារការរញ្ជួយដីដែលបានវាយប្រហារកាលពីយប់ថ្ងៃសុក្រទី៨កញ្ញាកន្លងទៅ។ ទីក្រុងប្រវត្តិសាស្ត្រចំណាស់ ដែលមានឈ្មោះថាម៉ារ៉ាកេស (Marrakesh) រងនូវការខូចខាតយ៉ាងធ្ងន់ធ្ងរផងដែរ។
ក្រសួងមហាផ្ទៃបានឱ្យដឹងថា មនុស្សចំនួន២០១២នាក់ត្រូវបានសម្លាប់ និង២០៥៩នាក់ផ្សេងទៀតបានរងរបួស ក្នុងនោះមាន ១៤០៤នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។ ទីភ្នាក់ងារស្ទាបស្ទង់ភូមិសាស្ត្រអាម៉េរិកបានអះអាងថា គ្រោះរញ្ជួយដីនេះមានកម្រិត៦,៨រ៉ិចទ័រ ហើយចំណុចកណ្តាលនៃការរញ្ជួយដីមានចម្ងាយប្រហែល៧២គីឡូម៉ែត្រ ភាគនិរតីនៃទីក្រុងម៉ារ៉ាកេស។
ដោយឡែក នៅក្នុងភូមិ Amizmiz បុគ្គលិកជួយសង្គ្រោះ បានព្យាយាមស្វែងរកជនរងគ្រោះក្រោមបំណែកថ្មដោយដៃទទេ ខណៈកម្ទេចកម្ទីពីគ្រោះរញ្ជួយដីនេះ បានបិទផ្លូវសំខាន់ដែលតភ្ជាប់ទៅភូមិក្បែរនោះ។ អ្នកស្រុកកំពុងជួបប្រទះនឹងកង្វះការផ្គត់ផ្គង់ ខណៈដែលមានតែហាងមួយកន្លែងប៉ុណ្ណោះបានបើកដើម្បីផ្តល់សេវា។
ទន្ទឹមគ្នានោះ ផ្ទះសម្បែងស្ទើរតែទាំងអស់នៅក្នុងតំបន់អាសនី ចម្ងាយប្រហែល៤០គីឡូម៉ែត្រភាគខាងត្បូងនៃទីក្រុងម៉ារ៉ាកេស ត្រូវរងខូចខាត ខណៈវិហារឥស្លាមចំនួនពីរខ្នងបានដួលរលំ។
ប្រទេសម៉ារ៉ុក បានប្រកាសកាន់ទុក្ខជាតិរយៈពេលបីថ្ងៃ ដោយបង្ហូតទង់ជាតិត្រឹមពាក់កណ្តាលដងទង់នៅទូទាំងប្រទេស។ កងកម្លាំងប្រដាប់អាវុធម៉ារ៉ុកនឹងដាក់ពង្រាយក្រុមជួយសង្គ្រោះបន្ថែមទៀត ដើម្បីផ្គត់ផ្គង់ទឹកស្អាត ស្បៀងអាហារ តង់ និងភួយទៅកាន់តំបន់រងគ្រោះ។
គួរបញ្ជាក់ថា គ្រោះរញ្ជួយដីចុងក្រោយនេះ មានជម្រៅរញ្ជួយទៅក្នុងដី១៨,៥គីឡូម៉ែត្រ និងបង្កឱ្យមានការបំផ្លិចបំផ្លាញច្រើនជាងការរញ្ជួយដីដែលមានកម្រិតដូចគ្នា។ វាជាការរញ្ជួយដីដ៏សាហាវបំផុតរបស់ប្រទេសម៉ារ៉ុក ចាប់តាំងពីឆ្នាំ១៩៦០ នៅពេលដែលការរញ្ជួយដីមួយត្រូវបានគេប៉ាន់ស្មានថា បានសម្លាប់មនុស្សយ៉ាងហោចណាស់១២០០០នាក់ នេះបើយោងតាមការស្ទង់មតិភូមិសាស្ត្រអាម៉េរិក៕
