ប្ដីស្លាប់ ប្រពន្ធរងរបួសធ្ងន់​ក្រោយជួបគ្រោះថ្នាក់ចរាចរណ៍ទាំងព្រឹក នៅលេីផ្លូវបេតុងព្រៃស​

478

​ភ្នំពេញ​៖​ បុរសម្នាក់បានដួលបោកក្បាលស្លាប់ភ្លាមៗ​ ចំណែកស្ត្រីជាប្រពន្ធបានរងរបួសធ្ងន់​ បន្ទាប់ពីអ្នកទាំងពីរជិះម៉ូតូឌុបគ្នាចេញពីផ្ទះទៅធ្វើការក៏ទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀត​បណ្តាលឱ្យដួល​ កាលពីវេលាម៉ោង៦និង៣០នាទីព្រឹកថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ២០២៣ ស្ថិតនៅតាមបណ្តោយផ្លូវព្រៃស ភូមិត្រពាំងចក សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ​ ។ 

តាមប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា មុនកេីតហេតុគេឃេីញស្ត្រីម្នាក់បានជិះម៉ូតូម៉ាក Wave ពណ៌ខ្មៅ គ្មានផ្លាកលេខធ្វើដំណើរតាមបណ្តោយផ្លូវព្រៃសក្នុងទិសដៅពីលិចទៅកើត ខណៈមកដល់ចំណុចកើតហេតុក៏មានប្តីប្រពន្ធមួយគូបានជិះម៉ូតូម៉ាកហុងដាឌ្រីម​ សេ១២៥ ពណ៌ខ្មៅ​ ពាក់ផ្លាកលេខ ភ្នំពេញ 1CC-8860 ឌុបគ្នាយ៉ាងលឿន​រួចក៏ទាក់ដៃចង្កូតជាមួយម៉ូតូWave បណ្តាលឱ្យបុរសជាប្តីបានដួលបោកក្បាលស្លាប់ភ្លាមៗ​ ចំណែកឯប្រពន្ធរងរបួសធ្ងន់ធ្ងរ ដោយឡែកភាគីម្ខាងទៀតរងរបួសស្រាល ។ 

​សមត្ថកិច្ចបានឱ្យដឹង​ថា សពបុរសរងគ្រោះមានឈ្មោះ មួង ផុន អាយុ៤៣ឆ្នាំ រីឯប្រពន្ធរងរបួសធ្ងន់មានឈ្មោះ សុីវ ធីនី អាយុ៤០ឆ្នាំ អ្នកទាំងពីររស់នៅភូមិស្រែគូ ឃុំជាងទង ស្រុកត្រាំកក់ ខេត្តតាកែវ ។ ចំណែកម្ចាស់ម៉ូតូWave មានឈ្មោះ ព្រំ ស៊ុនរី ភេទស្រី អាយុ៤២ ឆ្នាំ មានស្រុកកំណើតនៅ ភូមិរៃខាងជើង ឃុំក្រោលគោល ស្រុកស្វាយជ្រំ   ខេត្តស្វាយរៀង។ 

​ក្រោយកេីតហេតុ​សមត្ថកិច្ចមូលដ្ឋាន​ និងមន្ត្រីជំនាញ​បានចុះធ្វេីការវាស់វែង​យកម៉ូតូទាំង០២គ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក​នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំដោះស្រាយនាពេលក្រោយ។ ចំណែកសពជនរងគ្រោះសមត្ថកិច្ចធ្វេីកំណត់ហេតុប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ៕​

Turbo tech solutions
HQP