អាជ្ញាធរខេត្តកំពង់ស្ពឺ​ ព្រមានចាត់វិធានការម្ចាស់ការដ្ឋានមួយកន្លែង ដែលលួចចាក់ថ្មចូលប្រឡាយមេខាងលើស្ទឹងព្រែកត្នោតធ្វើឱ្យប៉ះពាល់ដល់ចរន្តទឹកហូរ

209


កំពង់ស្ពឺ៖​ លោក ញ៉ាញ់ ជាបហ៊ង ប្រធានមន្ទីរធនធានទឹក​ខេត្តកំពង់ស្ពឺ​ បានសម្រេចចុះទៅបញ្ឈប់ការដ្ឋានមួយកន្លែង​ ស្ថិតនៅក្នុងភូមិវល្លិ៍ប្រេង ឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ក្រោយរកឃើញថា​បានចាក់ថ្មចូលប្រឡាយមេពីខាងលើស្ទឹងព្រែកត្នោត​ ដោយមិនមានច្បាប់អនុញ្ញាត​ នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣។

លោក ញ៉ាញ់ ជាបហ៊ង បានឱ្យដឹងថា ប្រជាពលរដ្ឋបានរាយការណ៍មកមន្ទីរជំនាញពាក់ព័ន្ធនឹងក្រុមឈ្មួញបាននាំគ្នាដឹកថ្មចាក់ចូលប្រឡាយមេផ្នែកខាងលើនៃស្ទឹងព្រែកត្នោត​ ធ្វើឱ្យប៉ះពាល់ដល់ដីរបស់រដ្ឋ។​ ក្រោយរាយការណ៍នេះលោកនិងមន្ត្រីជំនាញរួមជាមួយអាជ្ញាធរមូលដ្ឋាន ស្រុក-ខេត្ត​ ក៏បានចុះទៅដល់ទីតាំងជាក់ស្តែង ហើយពិនិត្យឃើញថា​បានចាក់ថ្មចូលទៅក្នុងប្រឡាយមេធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ចរន្តទឹកហូរ។

ជំហានដំបូង​ លោក ញ៉ាញ់ ជាបហ៊ង បានណែនាំដល់បុគ្គលិកកម្មករការដ្ឋានឱ្យបញ្ឈប់ជាបន្ទាន់នូវរាលសកម្មភាពដែលបាននិងកំពុងរំលោភបំពានដល់ដីរដ្ឋ ហើយបើនៅតែមិនស្តាប់តាមការណែនាំនេះនឹងត្រូវទទួលទោសទណ្ឌតាមផ្លូវច្បាប់។

ប្រជាពលរដ្ឋដែលរស់នៅក្បែរការដ្ឋាននោះ​ លោក ជុំ រដ្ឋា បានសម្តែងការសាទរចំពោះចំណាត់ការដ៏មានប្រសិទ្ធិរបស់អាជ្ញាធរខេត្ត​ និងមន្ទីរពាក់ពន្ធ័លើករណីនេះ។​ លោកថាប្រជាពលរដ្ឋនឹងអាចប្រឈមដល់ការលិចលង់ភូមិឋានដោយទឹកជំនន់ ប្រសិនជាការចាក់លុបប្រឡាយមេនេះបានសម្រេច ពិសេសជំនន់ទឹកភ្លៀងនៅរដូវវស្សា៕
អត្ថបទ៖​ ប៊ុត សារុន

Turbo tech solutions
HQP