យន្តហោះ​ដឹក​អ្នកដំណើរ​រុស្ស៊ី​សម្រេចចិត្តចុះចត​​លើ​ទី​វាលជាបន្ទាន់ ក្រោយ​មាន​បញ្ហា​ប្រេងឥន្ធនៈ

126

​យន្តហោះ​ដឹក​អ្នកដំណើរ​របស់​រុស្ស៊ី​មួយ ដែល​មាន​មនុស្សចំនួន ១៧០នាក់​ នៅ​លើ​នោះបានធ្វើការ​ចុះចត​ជាបន្ទាន់​ដោយ​ជោគជ័យ​នៅលើ​ទីវាល​មួយ​។​

​យន្តហោះ Airbus A320 ដែល​ជា​កម្មសិទ្ធិ​របស់​ក្រុមហ៊ុន Ural Airlines បាន​ហោះហើរ​ពី​រមណីយដ្ឋាន​សូ​ជី (Sochi) នៅ​សមុទ្រ​ខ្មៅ​ទៅ​កាន់​ទីក្រុង​អូ​ម​សក៍ (Omsk) នៅ​ភាគ​ខាងកើត​តំបន់​ស៊ី​បេរី នៅពេលដែល​អាកាសយានិក​រាយការណ៍​ពី​បញ្ហា​ប្រព័ន្ធ​អ៊ីដ្រូលី​ក ហើយ​បាន​ស្នើសុំ​ការអនុញ្ញាត​ឱ្យ​យន្តហោះ​ចុះចត​នៅ​អាកាសយានដ្ឋាន​ថូ​ល​ម៉ាឆេ​វ៉ូ (Tolmachevo) ក្នុង​ទីក្រុង​ណូវ៉ូ​ស៊ីបឺស​ក៍ (Novosibirsk) ដែល​មាន​ផ្លូវ​រត់​វែង​ជាង​។

​អគ្គនាយក​ក្រុមហ៊ុន Ural Airlines លោក សឺ​ហ្គេ ស្គូ​រ៉ា​តូវ (Sergei Skuratov) បាន​និយាយថា ក្រោយមក​អ្នក​បើក​យន្តហោះ​បានដឹងថា ពួកគេ​មិន​មាន​ឥន្ធនៈ​គ្រប់គ្រាន់​ដើម្បី​ហោះ​ទៅដល់​អាកាសយានដ្ឋាន​ទេ ហើយ​បាន​សម្រេចចិត្ត​ចុះចត​នៅ​ក្នុង​ទីវាល​មួយ​ជំនួស​វិញ​នៅ​ចម្ងាយ​ប្រហែល ២០០ គីឡូម៉ែត្រ​ពី​ភាគ​ខាងលិច​ទីក្រុង​ណូវ៉ូ​ស៊ីបឺស​ក៍​។​ ក្រុមមន្ត្រី​បាន​និយាយថា គ្មាន​អ្នកណាម្នាក់​រងរបួស​នោះទេ ប៉ុន្តែ​អ្នកដំណើរ​ពីរ​នាក់​ត្រូវការ​ជំនួយ​ផ្នែក​វេជ្ជសាស្ដ្រ​សម្រាប់​ជំងឺ​លើសឈាម ហើយ​មនុស្ស​មួយចំនួន​ទៀត​បាន​ទទួល​ការពិនិត្យ​ស្នាម​ជាំ​តូចៗ​។​

​ប្រព័ន្ធ​ផ្សព្វផ្សាយ​រុស្ស៊ី​បានបង្ហាញ​វីដេអូ​យន្តហោះ​កំពុង​ចត​លើ​ទីវាល​មួយ ដោយ​គ្មាន​សញ្ញា​នៃ​ការខូចខាត​ទេ ហើយ​ពួកគេ​បាន​ដកស្រង់​សម្តី​អ្នកដំណើរ ដែល​សរសើរ​ពី​ជំនាញ​និង​ស្មារតី​ផ្ចង់​បាន​ល្អ​របស់​អ្នកបើកបរ​។​ រដ្ឋអាជ្ញា​រុស្ស៊ី​បាន​បើក​ការស៊ើបអង្កេត​បន្ទាប់ពី​ការចុះ​ចត​ជាបន្ទាន់​នេះ​។​

​លោក​ស្គូ​រ៉ា​តូវ​បាន​ច្រាន​ចោល​ការចោទប្រកាន់ថា រឿង​នេះ​បាន​កើតចេញ​ពី​ការថែទាំ​យន្តហោះ​មិនបាន​ល្អ ចំពេល​មាន​ការដាក់ទណ្ឌកម្ម​ដោយ​សហរដ្ឋ​អាម៉េរិក​និង​សម្ពន្ធមិត្ត​របស់​ពួកគេ​ជុំវិញ​សកម្មភាព​យោធា​របស់​រុស្ស៊ី​នៅ​អ៊ុ​យក្រែន​។​

​ទណ្ឌកម្ម​បាន​ហាមឃាត់​ការផ្ទេរ​គ្រឿងបន្លាស់​យន្ត​ហោះ​ពី​លោក​ខាងលិច​ក្នុងចំណោម​ការ​រឹតបន្តឹង​ផ្សេង​ទៀត​ជាច្រើន​។​

​ប្រធាន​ក្រុមហ៊ុន​អាកាសចរណ៍ Ural បាន​និយាយថា ក្រុមហ៊ុន​បាន​រក្សា​សុវត្ថិភាព​នៃ​ក្រុម​យន្តហោះ​របស់ខ្លួន ត្បិត​មាន​ការដាក់ទណ្ឌកម្ម​។​

​ក្នុង​ឆ្នាំ ២០១៩ យន្តហោះ A321 ដែល​ជា​កម្មសិទ្ធិ​របស់​ក្រុមហ៊ុន Ural Airlines បានធ្វើការ​ចុះចត​ជា​បន្ទាន់​នៅ​លើ​ទីវាល​ក្បែរ​ទីក្រុង​មូ​ស្គូ បន្ទាប់ពី​បាន​បុក​ជាមួយ​សត្វ​ស្លាប​ពេល​ហោះ​ឡើង ដោយ​បណ្តាល​ឱ្យ​មនុស្ស ៧៤ នាក់​ក្នុងចំណោម​មនុស្ស ២៣៣ នាក់​នៅ​លើ​យន្តហោះ រងរបួស​៕

Turbo tech solutions
HQP