សៀមរាប៖ ស្ត្រីម្នាក់ជិះម៉ូតូឌុបកូនស្រីម្នាក់អាយុ0២ឆ្នាំ ទើបចេញពីមន្ទីរពេទ្យជួបគ្រោះថ្នាក់ចរាចរណ៍ត្រូវរថយន្តឡិចសុីសបើកបុក បណ្តាលឲ្យស្លាប់ទាំងម្តាយទាំងកូន។ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង៤និង៤៥នាទីរសៀល ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ ស្ថិតនៅតាមផ្លូវ៦០ម៉ែត្រ ត្រង់ចំណុចខាងមុខ មូលដ្ឋានកងរាជអាវុធហត្ថក្រុងសៀមរាប ក្នុងភូមិអញ្ចាញ សង្កាត់នគរធំ ក្រុងសៀមរាប ខេត្តសៀមរាប ។
តាមប្រភពបានឱ្យដឹងថា មុនកើតហេតុគេឃើញស្ត្រីរងគ្រោះ មានវ័យ២៨ឆ្នាំ ជិះម៉ូតូហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ សៀមរាប 1AG-7894 ឌុនកូនស្រីអាយុ០២ឆ្នាំ ទើបចេញពីមន្ទីរពេទ្យ ធ្វើដំណើរតាមផ្លូវ៦០ម៉ែត្រ ពីលិចទៅកើត ដល់ចំណុចកើតហេតុ ស្រាប់តែរថយន្តបង្កម៉ាកឡិចសុីស៤៧០ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2H-3866 បើកបរពីកើតទៅលិច ដោយបុរសម្នាក់ស្រវឹងស្រាជោគជាំ រេពេញផ្លូវជ្រុលបុកពេញទំហឹង បណ្តាលឱ្យស្លាប់ទាំង០២នាក់ម្តាយកូន ។
ក្រោយកើតហេតុ សមត្ថកិច្ចចុះទៅអន្តរាគមន៍ពិនិត្យស្រាវជ្រាវទំនាក់ទំនងទៅក្រុមគ្រួសារទទួលសពយកទៅធ្វើបុណ្យតាមប្រពៃណី រីឯរថយន្តបង្កនិងអ្នកបើកបរ រួមជាមួយម៉ូតូ សមត្ថកិច្ចវាស់វែងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោកស្នងការខេត្ត ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ៕

