រដ្ឋបាលខេត្តសៀមរាបសម្រេចបើកចេញ-ចូលឡើងវិញ ភូមិខ្វៀន ភូមិគោកតាចាន់ ផ្សារភូមិភាគ៤ នៃសង្កាត់គោកចកឡើងវិញ

292

សៀមរាប៖ នៅថ្ងៃទី២៤ ខែមេសា នេះ រដ្ឋបាលខេត្តសៀមរាបបានសម្រេចបើកចេញ-ចូលឡើងវិញ នូវភូមិតាខ្វៀន ភូមិគោកតាចាន់ ផ្សារភូមិភាគ៤ នៃសង្កាត់គោកចកឡើងវិញ ក្រោមពាក់ព័ន្ធនឹងអ្នកជំងឺកូវីដ១៩ កាលពីដើមខែ មេសាកន្លងទៅ។

ក្នុងនោះដែរ រដ្ឋបាលខេត្តសៀមរាបក៏អនុញ្ញាតឲ្យបើកឡើងវិញនូវមន្ទីរសម្រាកព្យាបាល ឆាយ លាង អាជីវកម្មដ្ឋាន និងផ្ទះចំនួន១៦ ទីតាំងទៀត ស្ថិតនៅភូមិសាស្រ្តក្នុងក្រុងសៀមរាប ចាប់ពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ នេះតទៅ។

តាមការបញ្ជាក់របស់រដ្ឋបាលខេត្ត ទីតាំងខាងលើនេះ គឺមានការពាក់ព័ន្ធនឹងអ្នកវិជ្ជមានជំងឺកូវីដ១៩ ឈ្មោះ ពុធ សំអាត និងទាវ សូវៀត (០៨ មេសា ២០២១) ឈ្មោះ ចាប នី (០៩ មេសា ២០២១) ហើយដែលត្រូវរដ្ឋបាលខេត្ត សម្រេចបិទជាបណ្ដោះអាសន្ននាពេលកន្លងមក។ ក្រោមការតាមដានយ៉ាងយកចិត្តទុកដាក់របស់ក្រុមការងារជំនាញ បានធ្វើឲ្យករណីនេះបានវិលទៅរកភាពប្រក្រតី និងស្ថិតក្រោមការគ្រប់គ្រង ដូចនេះគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត សម្រេចបើកការចេញ-ចូល ឬដំណើរការឡើងវិញនូវទីតាំងខាងលើនេះ។

បន្ថែមពីនេះ រដ្ឋបាលខេត្ត ក៏អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ និងសាធារណជន មេត្តាយកចិត្តទុកដាក់អនុវត្តនូវវិធានការរបស់ក្រសួងសុខាភិបាល និងអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា គឺ ៣ ការពារ (ត្រូវពាក់ម៉ាស់ ត្រូវលាងដៃជាមួយសាប៊ូ ឬជែល និងត្រូវរក្សាគម្លាតសង្គម) ៣កុំ (កុំចូលទៅកន្លែងបិទជិតគ្មានខ្យល់ចេញ-ចូល កុំទៅកន្លែងមានមនុស្សច្រើនកុះករ និងកុំប៉ះពាល់គ្នា)៕

Turbo tech solutions
HQP