ប៉ៃលិន៖ ក្នុងរយៈពេលតែមួយយប់ ក្រុមចោរបានបំពុលសត្វឆ្កែក្នុងភូមិ ហើយលួចគោអស់ចំនួន ០៦ក្បាល ខណ:ម្ចាស់គោចំនួន ០២គ្រួសារ នេះមានជីវភាពក្រីក្រ និងបានខិតខំសន្សំលុយយ៉ាងយូរទម្រាំទិញបានគោទាំង ០៦ក្បាល នេះបាន។
ស្រី្តវ័យចំណាស់ ឈ្មោះ ហ៊ីង សែ អាយុ ៦៣ឆ្នាំ និង ប្តីឈ្មោះ ឌិត ឌន អាយុ ៧៥ឆ្នាំ រស់នៅភូមិប៉ាងរលឹម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ដែលជាម្ចាស់គោបានរៀបរាប់ទាំងអួលដើមកថា នៅរសៀលថ្ងៃទី១៣ ខែកញ្ញា នេះថា កាលពីវេលាម៉ោងប្រមាណ ២ទាបភ្លឺ ឈានចូលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣នេះ ពួកគាត់បានឮឆ្កែព្រុសខ្លាំងៗ ហើយក៏ក្រោកដើរមើលតែមិនឃើញមានអ្វីប្លែកទេទើបដើរទៅដេកវិ ក៏លង់លក់តែម្តង។ លុះដល់វេលាម៉ោង ៥ព្រឹក ប្តីក្រោកចេញមកមើលស្រាប់តែបាត់គោអស់រលីងពីទ្រុង ដោយមើលឃើញដានជើងចោរដឹកគោឡើងឡានយកទៅបាត់អស់រលីង។
ស្ត្រីខាងលើបានបន្តទៀតថា គោរបស់គាត់មានចំនួន ០៤ក្បាល បាត់ទាំងអស់នេះជាទ្រព្យ ដែលគាត់ខិតខំសន្សំនិងដើរស៊ីឈ្នួលគេ ហើយថែមទាំងដើររើសអេតចាយផ្សំទៀតផងទម្រាំនឹងទិញគោបាន គឺលំបាកខ្លាំងណាស់តាំងពីបានមេមួយ រហូតដល់កើតកូនបានចំនួន ០៤ក្បាល គឺខិតខំថែទាំទោះបីជាគេសួរទិញមិនលក់ទេ ទុកអោយកើតកូនបានច្រើន នឹងលក់ទិញដីធ្វើផ្ទះដើម្បីរស់នៅនឹងគេ ព្រោះបច្ចុប្បន្នពួកគាត់សុំដីគេសង់ខ្ទមស្នាក់នៅបណ្តោះអាសន្នប៉ុណ្ណោះ។ គាត់បានបន្ថែមថា រាល់ថ្ងៃ ប្តីរបស់គាត់ឃ្វាលគោផង និងដើរស៊ីឈ្នួលគេផង។ រីឯរូបគាត់ ដើររើសអេតចាយ លក់យកលុយទិញម្ហូប ដោយជីវភាព ជួបការលំបាកខ្លាំង។ តែពួកគាត់ នៅតែមានសង្ឃឹម ព្រោះនៅមានគោ ដែលជាទ្រព្យ។
ចំណែកប្រជាពលរដ្ឋម្នាក់ទៀត ក៏មានស្ថានភាពស្រដៀងគ្នាផងដែរ។ ប្តីប្រពន្ធនេះ មានឈ្មោះ មាន អួម អាយុ ៤១ឆ្នាំ និងប្តីឈ្មោះ ញៀន ទូច អាយុ ៤៦ឆ្នាំ រស់នៅសង្កាត់អូរតាវ៉ៅ បានបាត់គោអស់ មួយក្រោល ចំនួន ២ក្បាល។ ពួកគាត់ សុំដីគេរស់នៅ ក្បែរថ្នល់ជាតិ។
ទោះបីជាយ៉ាងណា ទាំង០២គ្រួសារ ដែលបាត់គោអស់ពីក្រោល បានសំណូមពរដល់អាជ្ញាធរខេត្ត និងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ សូមជួយតាមស្វែងរកគោ និងចាប់ជនល្មើស មកផ្តន្ទាទេសផង ព្រោះពួកគាត់ សុទ្ធតែក្រីក្រ រកព្រឹកខ្វះល្ងាច និងសុំដីគេសង់ខ្ទមរស់នៅប៉ុណ្ណោះ សព្វថ្ងៃ។
ពាក់ព័ន្ធករណីខាងលើនេះ លោក ជា សុភត្រា នាយប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់អូរតាវ៉ៅ បានអោយដឹងថា ខាងសមត្ថកិច្ច កំពុងដុតដៃដុតជើង ស្វះស្វែងរកមុខសញ្ញា តែក្រុមចោរប្រហែលដឹកគោ តាមឡាន ឆ្ពោះទៅខាងខេត្តបាត់ដំបង ព្រោះមើលតាមកាំរ៉ាសុវត្ថិភាព មិនឃើញចូលមកក្រុងប៉ៃលិនឡើយ៕



