បន្ទាយមានជ័យ៖ រថយន្តធុនធំមួយគ្រឿងបើកបុកម៉ូតូចំនួន០២គ្រឿង បណ្តាលឲ្យយុវតីម្នាក់ជាសិស្សថ្នាក់ទី១២ស្លាប់ និងយុវជនម្នាក់រងរបួសធ្ងន់ រថយន្តបង្កព្យាយាមបើករត់គេចតែត្រូវសមត្ថកិច្ចតាមចាប់បាន នៅយប់ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ តាមផ្លូវស្ថិត ភូមិប្រឡាយលួង ឃុំឫស្សីក្រោក ស្រុកមង្គលបូរី ។ ជនរងគ្រោះដែលស្លាប់មាន ឈ្មោះ ម៉ៅ វិសាល ភេទស្រី អាយុ១៨ឆ្នាំ រៀនថ្នាក់ទី១២នៅវិទ្យាល័យមង្គលបូរី រស់នៅភូមិពាម ឃុំព្រះនេត្រព្រះ ស្រុកព្រះនេត្រព្រះ ចំនែកយុវជនម្នាក់ទៀតមិនទាន់ស្គាល់ឈ្មោះនៅឡើយទេ។
តាមប្រភពប្រជាពលរដ្ឋប្រាប់ថា នៅពេលគ្រោះថ្នាក់ចរាចរណ៍កើតឡើងមានម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីម ពាក់ផ្លាកលេខ បន្ទាយមានជ័យ1Q.4438 បានបើកបរតាមផ្លូវដោយយុវជនម្នាក់ក្នុងទិសដៅពីកើតមកលិច ហើយយុវតីរងគ្រោះបានជិះម៉ូតូ ម៉ាកហុងដាឌ្រីម ពាក់ផ្លាកលេខ បន្ទាយមានជ័យ1I.5397 ដែលបើកបរបញ្ច្រាសទិសគ្នាពីលិចមកកើត ហើយមានរថយន្តធុនធំ១គ្រឿងទៀតបើកទិសដៅពីលិចមកកើតបានបុកម៉ូតូទាំង២គ្រឿង បណ្តាលឱ្យយុវតីម្នាក់បែកលលាដ៏ក្បាលហូរឈាមដាបផ្លូវស្លាប់នឹងកន្លែង រីឯយុវជនម្នាក់រងរបួសធ្ងន់ត្រូវបានសង្គ្រោះ ហើយរថយន្តធុនធំបង្កបានបើករត់គេចតែត្រូវសមត្តកិច្ចតាមចាប់ឃាត់បាននៅទឹកដីស្រុកព្រះនេត្រព្រះ។
ក្រោយកើតហេតុគេឃើញមានមន្ត្រីនគរបាលចរាចរណ៍ស្រុកមង្គលបូរី បានចុះដល់កន្លែងកើតហេតុ បានសម្រួលចរាចរណ៍ព្រោះផ្លូវពីរង្វង់មូលយាយជីច្រកស្រូវស្រុកមង្គលបូរីទៅស្រុកព្រះនេត្រព្រះតូចចង្អៀត ។
មន្ត្រីនគរបាលចរាចរណ៍ផ្លូវគោកបានបញ្ជាក់ថា៖ ក្រោយធ្វើការវាស់វែងហើយសាកសពយុវតីដែលស្លាប់ត្រូវបានរថយន្តសង្គ្រោះមន្ទីរពេទ្យមិត្តភាពកម្ពុជា.ជប៉ុនមង្គលបូរី ដឹកសាកសពជនរងគ្រោះជូនសាច់ញាតិដើម្បីធ្វើបុណ្យតាមប្រពៃណី ។
ចំណែកម៉ូតូ២គ្រឿងរងការខូចខាតតិចតួច និងរថយន្តបង្កដែរបើករត់ចាប់បាន យកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកមង្គលបូរី ដើម្បីចាត់ការតាមច្បាប់៕



