ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៥ ខែកញ្ញាឆ្នាំ២០២៣ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌដូនពេញ បញ្ជូនខ្លួនបុរសវ័យចំណាស់ម្នាក់ទៅសាលាដំបូងរាជធានីភ្នំពេញ ករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស (យកចម្ពាមកៅស៊ូបាញ់ក្មេងស្រីបណ្តាលឲ្យរបួសក្រោយភ្នែកខាងឆ្វេង) ។
ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងលោកវរសេនីយ៍ឯក ប៊ុន សត្យា ស្នងការរងទទួលផែនការងារព្រហ្មទណ្ឌ សមត្ថកិច្ចជំនាញ ប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្រះចក នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ បានធ្វើការស្រាវជ្រាវបង្រ្កាប ពាក់ព័ន្ធនឹងករណី ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស(យកចម្ពាមកៅស៊ូបាញ់ក្មេងស្រីបណ្តាលឲ្យរបួសក្រោយភ្នែកខាងឆ្វេង) ប្រព្រឹត្តិនៅចំណុចមុខផ្ទះលេខ៤ ផ្លូវបេតុង ភូមិ១៦ សង្កាត់ស្រះចក កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង១៨.២៧នាទី ។
ជនសង្ស័យឈ្មោះ ង្វៀង យ៉ាំងងី ហៅ ហេង ផល្លា ភេទប្រុស អាយុ៧៥ឆ្នាំ ជនជាតិវៀតណាម មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះលេខ៤ ផ្លូវជាតិលេខ៥ ភូមិ១៦ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ វត្ថុតាងដែលសមត្ថកិច្ចចាប់យកបានរួមមាន៖ ១.ជំពាមកៅស៊ូ ដងឈើមួយ ២.គ្រាប់សំណរចំនួន៣គ្រាប់ ។
ជនរងគ្រោះមានឈ្មោះ សួន វ៉ាន់នី ភេទស្រី អាយុ០៦ឆ្នាំ មុខរបរសិស្ស ស្នាក់នៅផ្ទះជួលលេខ១៥ ភូមិ១៦ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ (រងរបួសចំថ្ពល់ខាងឆ្វេងក្រោមភ្នែកហូរឈាម)។
ប្រភពព័ត៌មានពីសាច់ញាតិរបស់កុមារីរងគ្រោះបានបញ្ជាក់អោយដឹងថា នាពេលកន្លងទៅប្រមាណ៥-៦ខែមុន ក្មេងស្រីរងគ្រោះធ្លាប់លេងជាមួយចៅរបស់ជនបង្ក ហើយក៏មានការឈ្លោះគ្នាតែមិនមានបង្កអោយរបួសស្នាមអ្វីឡើយ ។ លុះមកដល់ថ្ងៃកើតហេតុ កូនស្រីរងគ្រោះបានជិះកង់ស្គីជាមួយក្មេងៗដទៃទៀតជាធម្មតា និងបានជិះកាត់ខាងមុខផ្ទះរបស់ជនបង្ក ភ្លាមៗនោះគាត់បានយកចម្ពាមកៅស៊ូដាក់គ្រាប់ដែកបាញ់ទៅលើក្មេងស្រីរងគ្រោះចំនួន០៤លើកទើបបាញ់ចំផ្ទៃមុខក្មេងស្រី តែសំណាងល្អត្រូវខាងក្រោមភ្នែក។
ក្រោយកើតហេតុភ្លាមៗ ក្រុមគ្រួសាររបស់ក្មេងស្រីរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅប៉ូស្តិ៍នគរបាលដ្ឋបាលខណ្ឌ ដូនពេញដើម្បីចាត់ការទៅលើជនបង្កតាមនីតិវិធី៕



