​មន្ដ្រីនគរបាលម្នាក់ បើករថយន្តបុកស្រ្តីម្នាក់ធ្លាក់ពីលើម៉ូតូរួចបើកកិនសម្លាប់ នៅខណ្ឌច្បារអំពៅ​

443

ភ្នំពេញ៖ មន្ដ្រីនគរបាលម្នាក់​ដែល​ជាជនដៃដល់បើករថយន្តបុកស្រ្តីម្នាក់ឱ្យ​ធ្លាក់ពីលើម៉ូតូរួចបន្ដបើកកិន បណ្ដាលឲ្យស្លាប់ នៅខណ្ឌច្បារអំពៅ​​ ត្រូវ​បានកម្លាំងនគរបាលជំនាញ​ខណ្ឌ​ច្បារ​អំពៅ​ បញ្ជូនខ្លួន​ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ​ នៅថ្ងៃទី​១៥​ ខែកញ្ញា​ ឆ្នាំ​២០២៣នេះ​ ដើម្បីបន្ដនីតិវិធីតាមច្បាប់។ 

យោង​តាម​របាយការណ៍​របស់​សមត្ថកិច្ច​នគរបាល​ខណ្ឌ​ច្បារ​អំពៅ​ បានបញ្ជាក់ថា​ ជនបង្ក​បានធ្វេី​សកម្មភាព​បើករថយន្តបុកស្រ្តីរងគ្រោះឈ្មោះ ព្រុំ អ៊ាង អាយុ៦៤ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅភូមិកោះនរា សង្កាត់និរោធ ខណ្ឌច្បារអំពៅ​ ឲ្យធ្លាក់ពីលើម៉ូតូរួចបន្តបើកកិនសម្លាប់នៅមុខវត្តឫស្សីស្រស់ ផ្លូវបេតុង ភូមិកោះនរា សង្កាត់និរោធ ខណ្ឌច្បារអំពៅ កាលពីរសៀលថ្ងៃទី១៣ ខែកញ្ញាថ្មីៗនេះ​។

ជនសង្ស័យឈ្មោះ សូត្រ សិទ្ធី អាយុ៥៣ឆ្នាំ តួនាទីនាយរងការិយាល័យនគរបាលភស្តុភារ អង្គភាពអន្តរាគមន៍ព្រែកឯង ស្នាក់នៅផ្ទះលេខ15F8 ភូមិជ្រៃកោង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ។

តាមរបាយការណ៍របស់សមត្ថកិច្ចមូលដ្ឋាន បានបញ្ជាក់ទៀតថាមុនពេលកើតហេតុ ជនរងគ្រោះ និងកូនស្រីជិះម៉ូតូទៅផ្សារទិញអីវ៉ាន់ពេលនោះជនសង្ស័យក៏បានបើករថយន្តម៉ាក Toyota Highlander ពណ៌សផ្លាកលេខ ភ្នំពេញ 2AB-4983 តាមពីក្រោយ ពេលជនរងគ្រោះឃើញរថយន្តក៏ប្រាប់ឲ្យកូនស្រីជិះអែបគៀន ដើម្បីឲ្យរថយន្តបើកទៅមុន តែជនសង្ស័យមិនបើកវ៉ាទៅមុខទេ ជនរងគ្រោះក៏ជិះម៉ូតូបន្តទៅមុខទៀត មកដល់ចំណុចកើតហេតុ ជនសង្ស័យក៏បើករថយន្តមកបុកជនរងគ្រោះឲ្យធ្លាក់ពីលើម៉ូតូលើចិញ្ចើមផ្លូវរួចបើករថយន្តកិនជនរងគ្រោះចំក្បាលបណ្តាលឲ្យស្លាប់ភ្លាមៗតែម្តង។

ក្រោយបើកកិនជនរងគ្រោះហើយ ជនសង្ស័យបើករថយន្តគេចខ្លួនមកទុកចោលនៅមុខដីឡូត៍គ្មានលេខជាប់របងវិទ្យាល័យច្បារអំពៅ និងបានដោះផ្លាកលេខរថយន្តលាក់គុម្ភស្មៅក្បែរនោះ រួចដើរឡើងមកផ្លូវជាតិលេខ១ ដើម្បីជិះម៉ូតូ​ឡាំប្រឺតារត់​គេចខ្លួន។

បន្ទាប់មកសមត្ថកិច្ច ស្រាវជ្រាវឆែកកាម៉េរ៉ា និងធ្វើកោសល្យវិច្ឆ័យយកខ្ចៅដៃក្នុងរថយន្ត និងខ្ចៅដៃជនសង្ស័យគឺជាមនុស្សតែមួយ។ លុះដល់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ បញ្ជូនមកអធិការដ្ឋាន នគរបាលខណ្ឌច្បារអំពៅសាកសួរ។​ បច្ចុប្បន្នជនសង្ស័យ រួមនិងវត្ថុតាងរថយន្តបង្ក បានបញ្ជូនខ្លួនទៅកាន់​សាលាដំបូងរាជធានីភ្នំពេញ​ ដេីម្បីចាត់ការតាមច្បាប់​៕

Turbo tech solutions
HQP