ក្រសួងអប់រំ យុវជន និងកីឡា នឹងចុះសិក្សាទៅលើករណីនាយករងវិទ្យាល័យទួលទំពូងម្នាក់តម្រូវឲ្យសិស្សជួយចេញទឹកភ្លើង

126

ក្រសួងអប់រំ យុវជន និងកីឡា នឹងចុះសិក្សាទៅលើករណីនាយករងវិទ្យាល័យទួលទំពូងម្នាក់ ដែលតម្រូវឱ្យសិស្សជួយចេញទឹកភ្លើង ២ម៉ឺនរៀល ហើយបើសិស្សណាមិនបង់ទេ ឱ្យនាំគ្នាទៅរៀនក្រោមដើមឈើ។

លោកស្រី ឃួន វិច្ឆិកា អ្នកនាំពាក្យ ក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងនៅរសៀលថ្ងៃទី១៥ កញ្ញានេះថា ករណីនាយករងវិទ្យាល័យទួលទំពូងម្នាក់ឱ្យសិស្សជួយចេញថ្លៃទឹកភ្លើងក្នុងម្នាក់ ២ម៉ឺនរៀល បើមិនបង់ទេឲ្យនាំគ្នាទៅរៀនក្រោមដើមឈើនេះ ក្រសួងនឹងសិក្សាលម្អិត។ “ករណីហ្នឹង លុះត្រាតែមានការសិក្សាពីក្រុមប្រឹក្សា ឬមន្ទីរថា តើការពិតជាក់ស្តែងយ៉ាងមិចតទៅទៀត”។

លោកស្រីបានបន្តទៀតថា ក្រសួងមានការគាំទ្រថវិកាសម្រាប់ចំណាយទៅលើទឹកនិងភ្លើងនៅតាមសាលានីមួយៗ តែថវិកាមានកម្រិតនៅឡើយហើយការចូលរួមរបស់សហគមន៍ជាការចូលរួមដ៏សំខាន់ក្នុងការគាំទ្របង្រៀន និងរៀនដែរ ប៉ុន្តែត្រូវមានការស្ម័គ្រចិត្តមានការយល់ព្រម ឬ ជជែកគ្នាជាមួយអាណាព្យាបាលមាតាបិតាសិស្សជាមុនសិន។

ករណីខាងលើនេះ លោក ម៉ី សាម៉ុន នាយកវិទ្យាល័យរងទួលទំពូង បានចេញសចក្តីសុំទោស និងបំភ្លឺថា នៅរសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ រូបលោកបាននិយាយជាមួយសិស្សានុសិស្សឱ្យជួយបង់ថវិកាថ្លៃទឹកភ្លើង ម្នាក់ ២ម៉ឺនរៀល សម្រាប់ ៨ខែ។ ហើយករណីសិស្សមិនបង់ថវិកា ឱ្យទៅរៀនក្រោមដើមឈើនោះ វាជាពាក្យសម្តីរបស់ លោកនាយករង ម៉ី សាម៉ុន បាននិយាយលេងសើចជាមួយសិស្ស និងគ្រូទេ។

លោកនាយករងបានបន្តថា ការរៃអង្គាសប្រាក់នេះ គឺមានការប្រជុំយល់ព្រម ឯកភាពពីសំណាក់មាតាបិតាសិស្សចាប់តាំងពីដើមឆ្នាំសិក្សាមកម្ល៉េះ ដោយឯកភាពក្នុងសិស្សមួយនាក់ ត្រូវសុំជំនួយឧបត្ថម្ភមួយខែ ស្មើ ២៥០០រៀល ហើយថវិកានេះ គឺដើម្បីទ្រទ្រង់លើការខ្វះខាត ក្នុងការចំណាយលើសេវាអគ្គិសនី ទឹក សំរាម ក្នុងមួយឆ្នាំសិក្សា។ ចំណែកសិស្សក្រីក្រ ជួបការលំបាក យើងមិនទទួលថវិកានេះទេ។ ចំពោះមាតាបិតាសិស្ស ដែលមានកូនរៀននៅទីនេះ ចាប់ពីពីរនាក់ឡើងទៅ សាលាតម្រូវឱ្យបង់តែមួយនាក់តែប៉ុណ្ណោះ៕

អត្ថបទ៖ សំអឿន

Turbo tech solutions
HQP