ក្រសួងយុត្តិធម៌ នឹងចាត់វិធានការច្បាប់លើម្ចាស់គណនីហ្វេសប៊ុកឈ្មោះថា San Prum ចំពោះការផ្សាយព័ត៌មានមិនពិត ដែលមានបំណងជាការបរិហារកេរ្ដិ៍លើស្ថាប័នរបស់រដ្ឋ។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងយុត្តិធម៌ នៅថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ ២០២៣នេះ។
សេចក្ដីប្រកាសព័ត៌មានបានឲ្យដឹងថា នាពេលថ្មីៗនេះ មានបណ្តាញសង្គមហ្វេសប៊ុកមួយឈ្មោះ San Prum បានផ្សព្វផ្សាយនូវព័ត៌មានមួយដែលមានខ្លឹមសារថា «មានបញ្ហា ហើយក្រសួងយុត្តិធម៌? ឃឹម ភារុន ក្រោយពីចេញពីគុក បានប្រឡងជាប់ក្របខ័ណ្ឌប៉ូលីស តើព្រឹត្តិបត្រថ្កោលទោសចេញពីក្រសួងយុត្តិធម៌ បញ្ជាក់ (Certifier) ដូចម្តេច? មិនធ្លាប់មានទោសឬ? រឿងជាន់រឿងហើយ! មិនក្រោមពាន់ដុល្លារទេ !! ហាសៗៗ»។ តាមដឹងហាងឆេងបញ្ជាក់បែបនេះ (មិនដែលមានទោស)។
ក្រោយពីទទួលបានព័ត៌មាននេះ ក្រសួងយុត្តិធម៌ បានស្រាវជ្រាវជាបន្ទាន់ កាលពីព្រឹកថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ ២០២៣ នេះ។ យោងតាមការស្រាវជ្រាវ និងកំណត់ត្រាក្នុងបញ្ជីថ្កោលទោស នៃអគ្គនាយកដ្ឋានកិច្ចការទោសព្រហ្មទណ្ឌ នៃក្រសួងយុត្តិធម៌ ឈ្មោះ យឹម ភារុន ពុំបានមកស្នើសុំព្រឹត្តិបត្រថ្កោលទោសពីក្រសួងយុត្តិធម៌នោះទេ ហើយក្រសួងយុត្តិធម៌ ក៏ពុំបានផ្តល់ព្រឹត្តិបត្រថ្កោលទោសនេះដល់សាមីជនឡើយ។
តាមរយៈលទ្ធផលស្រាវជ្រាវខាងលើ បង្ហាញឲ្យឃើញថា ការផ្សព្វផ្សាយព័ត៌មានក្នុងបណ្តាញសង្គមហ្វេសប៊ុកមួយឈ្មោះ San Prum ជាការផ្សាយព័ត៌មានមិនពិត ដែលមានចរិតជាការបរិហារកេរ្តិ៍ ចំពោះក្រសួងយុត្តិធម៌។ ក្រសួងយុត្តិធម៌ បានបញ្ជាក់ថា ក្រសួង នឹងចាត់វិធានការផ្លូវច្បាប់លើករណីនេះ ចំពោះការផ្សាយព័ត៌មានមិនពិត ដែលមានចរិតជាការបរិហារកេរ្ដិ៍លើស្ថាប័នរបស់រដ្ឋ៕


