ភ្នំពេញ៖ នៅថ្ងៃទី១៣-១៥ ខែកញ្ញា ឆ្នាំ២០២៣ មន្ត្រី ក.ប.ប. សាខាខេត្តតាកែវ បន្ទាយមានជ័យ និងរាជធានីភ្នំពេញ ដែលទទួលបានការតែងតាំងជាមន្ត្រីស៊ើបអង្កេតក្រោមច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ និងជាមន្ត្រីអធិការកិច្ចម្ហូបអាហារ ក្រោមច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ បានបន្តអនុវត្តនូវតួនាទីរបស់ខ្លួន តាមរយៈការចុះត្រួតពិនិត្យការចរាចរទំនិញលើទីផ្សារ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ។
ក្នុងបេសកកម្មនេះ មន្ត្រីជំនាញបានបញ្ជាក់ថា បានធ្វើតេស្តបឋមលើទំនិញគ្រឿងសមុទ្រ និងណែម ដើម្បីស្វែងរកក្រែងមានការដាក់សារធាតុគីមីផ្សេងៗត្រួតពិនិត្យទំនិញហូបចុកចម្រុះគ្រប់ប្រភេទ និងឃាត់ស្ទាក់រថយន្តដឹកទំនិញសង្ស័យពុំមានភាពអនុលោមតាមបទដ្ឋានបច្ចេកទេសដែលលួចនាំចូលតាមច្រករបៀងអូរបីជាន់ក្នុងស្រុកអូរជ្រៅ ។
ជាលទ្ធផល មន្ត្រីយើងពុំបានរកឃើញមានសារធាតុគីមីលើទំនិញគ្រឿងសមុទ្រ និងណែមនោះទេ ដោយឡែកបានរកឃើញទំនិញហួសកាលបរិច្ឆេទប្រើប្រាស់រួមមាន ស្ករគ្រាប់ នំ ប្រហិត សាច់គោ/ត្រី សរុបចំនួន៩០.៤៣គីឡូក្រាម បារី ពុំមានអនុលោមភាពចំនួន៥០កញ្ចប់ ភេសជ្ជៈរំលោភសិទ្ធិផ្តាច់មុខចំនួន១៩៨.៧២លីត្រ និងជាពិសេសរកឃើញ និងឃាត់ទុកនូវឆ្អឹងមាន់ព្រលះសាច់ គ្រឿងក្នុងមាន់ និងឈាមមាន់ ដែលពុំមានឯកសារពាក់ព័ន្ធនឹងការនាំចូលគ្មានប្រភពច្បាស់លាស់ ហើយមធ្យោបាយដឹកជញ្ជូនពុំត្រឹមត្រូវតាមគោលការណ៍បច្ចេកទេស សម្រាប់លក្ខខណ្ឌតម្រូវផ្នែកសីតុណ្ហភាព ចំពោះផលិតផលក្លាស្សេ ឬបង្កក សរុបចំនួន១៦០គីឡូក្រាម ។
ទំនិញពុំមានភាពប្រក្រតីទាំងនោះត្រូវបានមន្ត្រីជំនាញដកហូតយកមករក្សាទុក ដើម្បីចាត់វិធានការបន្តដោយឡែកម្ចាស់ទំនិញត្រូវប្រឈមមុខនឹងការពិន័យអន្តរការណ៍ពីមន្ត្រីជំនាញ ស្របតាមច្បាប់ជាធរមាន ៕






