រន្ទះបាញ់សម្លាប់ស្រ្តីម្នាក់ ចំណែកប្ដីរងរបួសពេលកំពុងច្រូតស្មៅនៅវាលស្រែ ក្នុងស្រុករំដួល

186

ស្វាយរៀង៖ មានគ្រោះធម្មជាតិរន្ធះបាញ់មួយបានកើតឡើង ខណៈពេលដែលប្ដីប្រពន្ធមួយគូរកំពុងច្រូតស្មៅនៅឯវាលស្រែ ស្រាប់តែសំណាងអាក្រក់ត្រូវរន្ទះបាញ់ចំមួយគ្រាប់បណ្ដាលអោយស្លាប់និងរបួសធ្ងន់បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិទាំងថ្ងៃត្រង់។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២និង៣០នាទី ថ្ងៃទី១៧ខែកញ្ញាឆ្នាំ២០២៣ស្ថិតនៅភូមិទួលសាលា ឃុំជ្រុងពពេល ស្រុករំដួល។ ស្ត្រីដែលជាប្រពន្ធមានឈ្មោះជូ សុវណ្ណដារា អាយុ ៣៥ឆ្នាំ (ស្លាប់) មុខរបរកសិករ នៅភូមិទួលសាលា ឃុំជ្រុងពពេល ស្រុករំដួល និង ប្ដីមានឈ្មោះ ពៀន រ៉ា អាយុ៣២ឆ្នាំ (រងរបួសធ្ងន់) មុខរបរកសិករ។

តាមសាក្សីបានអោយដឹងថា មុនកើតហេតុគេឃើញទាំង២នាក់ប្ដីប្រពន្ធបាននាំគ្នាជិះម៉ូតូទៅច្រូតស្មៅនៅឯវាលស្រែខាងក្រោយផ្ទះចម្ងាយ២០០ម៉ែត្រអោយគោស៊ី។ ក្រោយមកស្រាប់តែមេឃងងឹតនិងមានភ្លៀងរលឹមស្រិចៗ ខណៈនោះមានរន្ទះបាញ់មួយគ្រាប់ឮសូរផាំងធ្វើអោយអ្នកភូមិម្នាក់ៗរត់ចូលជ្រកក្រោមផ្ទះរៀងៗខ្លួន។

ប្រភពបន្តថា ក្រោយពីរាំងភ្លៀងស្រាប់តែមានការភ្ញាក់ផ្អើលដោយប្រទះឃើញប្ដីប្រពន្ធទាំងពីរដេកដួលលើវាលស្រែ ទើបអ្នកភូមិនាំគ្នាប្រញាប់ប្រញាល់ជួយសង្គ្រោះនិងរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានដឹកយកមកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកសាមគ្គីរំដួល ប៉ុន្តែអកុសលស្ត្រីជាប្រពន្ធបានដាច់ខ្យល់ស្លាប់ ចំណែកប្ដីត្រូវបានបញ្ជូនបន្តទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង។

សពស្ត្រីជាប្រពន្ធត្រូវបានសមត្ថកិច្ចប្រគល់អោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

Turbo tech solutions
HQP