បញ្ជូនខ្លួន​ស្តេច​ថ្នាំញៀន​ម៉ិក​ស៊ិច​ទៅ​​អាមេរិក ដើម្បីកាត់ទោស​

211

អូ​វី​ដ្យូ ហ្គូស​ម៉ាន់ ​(Ovidio Guzman) ​ស្តេចត្រាញ់​ថ្នាំញៀន​ម៉ិក​ស៊ិច​ ដែល​កំពុង​ជាប់​ឃុំ​នៅក្នុង​ស្រុក និង​ជា​កូនប្រុស​របស់អតីត​ស្តេច​ថ្នាំញៀន ហ្សូ​អាគីន​ «​អែល ឆា​ប៉ូ​»​ហ្គូស​ម៉ាន់​ ( Joaquin “El Chapo” Guzman) ​ត្រូវបាន​ធ្វើ​បត្យាប័ន​ទៅកាន់​សហរដ្ឋ​អាម៉េរិក កន្លែងដែល​ជននេះ​ត្រូវ​គេ​តាម​ចាប់ខ្លួន​មក​កាត់ទោស​ចំពោះ​ការជួញដូរ​ថ្នាំញៀនហ្វង់​តានី​ល​( fentanyl ) នេះ​បើ​តាម​អាជ្ញាធរ​ម៉ិក​ស៊ិចនិង​អាម៉េរិក​បានបញ្ចេញ​អោយដឹង​កាលពី​ថ្ងៃ​សុក្រកន្លងទៅ​។​

​រដ្ឋ​អាជ្ញា មឺ​រិក ហ្កា​លែន ( Merrick Garland)​ បាន​និយាយថា «អូ​វី​ដ្យូ ត្រូវបាន​បញ្ជូន​ខ្លួន​មកហើយ​។ ​ខ្ញុំ​អរគុណ​សម​ភាគី​នៃ​រដ្ឋាភិបាល​ម៉ិក​ស៊ិច​ចំពោះ​បត្យាប័ន​នេះ​។ ​ក្រសួង​យុត្តិធម៌​នឹង​បន្ត​នាំ​អ្នកទទួលខុសត្រូវ​ចំពោះ​ការបង្ក​ភាពវឹកវរ​ថ្នាំញៀន​ក្នុង​សហគមន៍​អាម៉េរិក​មក​កាត់ទោស​»​។​

​អូ​វី​ដ្យូ ហ្គូស​ម៉ាន់ (Ovidio Guzman) ដែលជា​អ្នក​ស្នង​មរតក​ចក្រភព​ថ្នាំញៀន​ពី​ឪពុក ត្រូវបាន​ចាប់ខ្លួន​បាន​មួយ​រយៈពេល​ខ្លី​នៅ​ទី​ក្រុងឃូ​លី​យ៉ា​ខាន់​( Culiacan )​កាលពី​ឆ្នាំ​២០១៩ តែ​ត្រូវបាន​ដោះលែង​វិញតាម​បញ្ជា​របស់​ប្រធានាធិបតីម៉ិក​ស៊ិច​គ្រានោះ ដើម្បី​ជៀសវាង​ការ​បង្ហូរឈាម​ជាមួយ​សមាជិក​ក្រុម​ថ្នាំញៀន​របស់គាត់​។​ គាត់​ត្រូវបាន​ចាប់​ខ្លួន​ឡើងវិញ​កាលពី​ខែ​មករា ក្រោយ​មាន​ការប្រយុទ្ធ​គ្នា​យ៉ាងខ្លាំង​នៅក្នុង​រដ្ឋ ស៊ីណា​ឡូ​អា​(Sinaloa)​ភាគ​ខាងជើង​ម៉ិកស៊ិច​។​

​រដ្ឋាភិបាល​អាម៉េរិក​បាន​សុំ​ធ្វើ​បត្យាប័ន​អូ​វី​ដ្យូ ហ្គូស​ម៉ាន់ កាលពី​ខែ​កុម្ភៈ ដើម្បី​ប្រឈម​ការចោទប្រកាន់​ថ្នាំញៀន​នៅ​ក្នុង​តុលាការ​អាម៉េរិក​។​

​ឪពុក​របស់​គាត់​ឈ្មោះ​ហ្សូ​អាគីន «​អែល ឆា​ប៉ូ​»​ ហ្គូស​ម៉ាន់ ក៏​ត្រូវ​ធ្វើ​បត្យាប័ន​បញ្ជូន​ខ្លួន​ទៅ​អាម៉េរិក​នៅ​ឆ្នាំ​២០១៧ ក្រោយ​រត់គេច​ចេញពី​គុក​ម៉ិក​ស៊ិច​ពីរលើក​។​ ជន​នេះ​ឥឡូវ​កំពុង​ស្ថិត​ក្នុង​គុក​អាម៉េរិក​ដែល​សន្តិសុខ​ខ្ពស់បំផុត​នៅក្នុង​រដ្ឋ​ខូ​រ៉ូឡា​ដូ​៕

​យោង​តាម​ឯកសារ​អាម៉េរិក ហ្គូស​ម៉ាន់និង​បងប្អូន​រប​ស់​គាត់​បាន​គ្រប់គ្រង​ប្រតិបត្តិការ​ថ្នាំញៀន​អន្តរជាតិ​ដ៏​ធំ​ និងរកចំណូលបាន​រាប់រយ​លាន​ដុល្លារ តាមរយៈ​បង្ហូរ​ថ្នាំញៀន​ចូល​អាម៉េរិក​។

Turbo tech solutions
HQP