អគារ​ក្រសួងមហាផ្ទៃ​ថ្មី នឹង​សម្ភោ​ធ​ដាក់​ដំណើរការ ​នៅ​ថ្ងៃ​ទី​៦ ខែវិច្ឆិកា ឆ្នាំ​២០២៣ ខាងមុខនេះ

224

ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ នៃ​ក្រសួងមហាផ្ទៃ បាន​ឲ្យ​ដឹង​ថា អគារ​ក្រសួងមហាផ្ទៃ​ថ្មី នឹង​សម្ភោ​ធ​ដាក់​ដំណើរការ​នៅ​ថ្ងៃ​ទី​៦ ខែវិច្ឆិកា ឆ្នាំ​២០២៣ ក្រោម​អធិបតីភាព​សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​កម្ពុជា​។

ឯកឧត្តម​សន្ដិ​បណ្ឌិត ម៉ៅ ច័ន្ទ​តារា រដ្ឋលេខាធិកា​ប្រចាំ​ក្រសួងមហាផ្ទៃ បាន​លើក​ឡើង​ក្នុង​កិច្ចប្រជុំ​ត្រៀម​រៀបចំ​ពិធី​សម្ពោធ​អគារ​ទីស្ដីការ​ក្រសួងមហាផ្ទៃ នា​ព្រឹក​ថ្ងៃ​ទី​១៨ ខែកញ្ញា ឆ្នាំ​២០២៣ នេះ​ថា តាម​ការ​ណែនាំ​ដ៏​ខ្ពង់ខ្ពស់​របស់​ឯកឧត្តម​អភិ​សន្ដិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ បាន​ណែនាំ​ឱ្យ​ត្រៀម​សម្រាប់​រៀបចំ​ពិធី​សម្ពោធ​អគារ​ទីស្ដីការ​ក្រសួងមហាផ្ទៃ ដែល​នឹង​ប្រព្រឹត្ត​ទៅ​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​សម្ដេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ដ្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នា​ថ្ងៃ​ទី​០៦ ខែវិច្ឆិកា ឆ្នាំ​២០២៣ ខាង​មុខ​នេះ​។

ឯកឧត្តម សន្ដិ​បណ្ឌិត បន្ដ​ថា តាម​ការ​ណែនាំ​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​ក្រឡាហោម ស ខេ​ង នា​ពេល​កន្លង​ទៅ សម្ដេច​ក្រឡាហោម បាន​យកចិត្តទុកដាក់​ចំពោះ​ការងារ​សាងសង់ និង​រៀបចំ​ពិធី​សម្ពោធ​អគារ​ទីស្ដីការ​ក្រសួងមហាផ្ទៃ​ថ្មី​នេះ ដោយ​ធ្វើ​យ៉ាងណា​រៀបចំ​ពិធី​នេះ​ឡើង ដោយ​អធិកអធម ដើម្បី​ឱ្យ​សាក​សម​ទៅ​នឹង​អគារ​ថ្មី​នេះ​។

ជាមួយ​គ្នា​នេះ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ សេង យូ​អ៊ា​ន់ អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​ភស្តុ​ភា និង​ហិរញ្ញវត្ថុ បាន​លើក​ឡើង​ថា រហូត​មក​ដល់​ពេល​នេះ ការងារ​សាងសង់​អគារ​ទីស្ដីការ​ក្រសួងមហាផ្ទៃ បាន​សាងសង់​រួចរាល់​ចប់​សព្វគ្រប់​។ តាម​ការ​ណែនាំ​ដ៏​ខ្ពង់ខ្ពស់​របស់​ឯកឧត្តម​អភិ​សន្ដិ​បណ្ឌិត ស សុខា ឱ្យ​មានការ​ជួសជុល​អគារ​អម​សងខាង និង​លាប​ពណ៌ ឱ្យ​ប្រហាក់ប្រហែល​ជាមួយ​អគារ​ទីស្ដីការ​ថ្មី​។

ចំពោះ​ការងារ​រៀបចំ​ពិធី​សម្ពោធ​អគារ​ទីស្ដីការ​នេះ ឯកឧត្តម​អគ្គនាយក បាន​លើក​ឡើង​ទៀត​ថា តាម​គម្រោង​នឹង​រៀប​ចែក​សៀវភៅសរសេរ​រៀបរាប់​អំពី​ដំណើរការ​សាងសង់​អគារ​នេះ ជូន​ដល់​គណៈអធិបតី និង​ភ្ញៀវ​ទាំងអស់ ដែល​បាន​អញ្ជើញ​ចូលរួម​។

ជា​ថ្មី​ម្ដងទៀត ឯកឧត្តម សន្ដិ​បណ្ឌិត ម៉ៅ ច័ន្ទ​តារា រដ្ឋលេខាធិការ​ប្រចាំការ ក្រសួងមហាផ្ទៃ បានឱ្យ​ដឹង​ថា ចំពោះ​សមាសភាព​ចូលរួម​ក្នុង​ពិធី​សម្ពោធ​អគារ​ទីស្ដីការ​ក្រសួងមហាផ្ទៃ​ថ្មី​នេះ នឹង​មានការ​អញ្ជើញ​ពី​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់ នៃ​រាជរដ្ឋាភិបាល​កម្ពុជា​, ឯកឧត្តម​-​លោក​ជំទាវ រដ្ឋមន្ដ្រី​តាម​បណ្ដា​ក្រសួង​-​ស្ថាប័ន​ទាំងអស់​, អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​, ប្រធាន​ក្រុមប្រឹក្សា​-​អភិបាល​រាជធានី​-​ខេត្ត​, ស្នងការដ្ឋាន​នគរបាល​រាជធានី​-​ខេត្ត និង​អង្គទូត​នានា​ប្រចាំ​ប្រទេស​កម្ពុជា​ផង​ដែរ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា អគារ​ទីស្ដីការ​ក្រសួងមហាផ្ទៃ មាន​ទំហំ​១៥៣​ម៉ែត្រ​គុណ​៨៣​ម៉ែត្រ មាន​៩​ជាន់ មិន​រាប់​បញ្ចូល​ជាន់​ផ្ទាល់​ដី និង​ជាន់​សម្រាប់​ចំណតរថយន្ត​។ អគារ​ស្ថាប័នរដ្ឋ​ដ៏​ធំ​ស្កឹមស្កៃ​មួយ​នេះ ត្រូវ​បាន​សាងសង់​ឡើង​នៅ​លើ​ទីតាំង​ចាស់​ចំពោះ​ប្លង់​ស្ថាបត្យកម្ម ជា​ប្រភេទ​ស្ថាបត្យកម្ម ក្លា​សិ​ក រចនា​បទ​ខ្មែរ​ដំបូល​ប្រក់​ក្បឿងស្រកាលិញ មាន​បុ​ស្ប​បុ​.​ក​ចំនួន​ប្រាំ លំនាំ​តាម​ប្រាសាទ​អង្គ​វត្ត​កំពូល​ប្រាំ អនុលោម​តាម​គោលការណ៍​សម​មាត្រ​នៃ​រូបរាង​អគារ និង​គិតគូរ​យ៉ាង​ហ្មត់ចត់​អំពី​ពន្លឺ និង​ខ្យល់​ធម្មជាតិ​ប្រកបដោយ​ផា​សុខភាព​សាក​សមជា​ទីកន្លែង​ធ្វើការ​បែប​សម័យ​ទំនើប​៕

Turbo tech solutions
HQP