លោក ហ៊ុយ វណ្ណៈ ប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា បានចេញមុខអំពាវនាវក៏ដូចជារិះគន់ចំៗឲ្យសិក្សាឡើងវិញពីក្រមសីលធម៌ ដើម្បីការពារតម្លៃមនុស្ស។
នៅលើបណ្ដាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន លោក ហ៊ុយ វណ្ណៈ បានលើកឡើងថា កន្លងមកមានការអនុវត្តដោយឆ្គាំឆ្គងលើការបង្ហាញអត្តសញ្ញាណមនុស្ស ហើយមូលហេតុគឺប្រហែលដោយសារតែ «មិនបានដឹង និងមិនយល់» ដោយសារតែមិនបានឆ្លងកាត់ការរៀនសូត្រក្នុងសាលារៀនឱ្យបានត្រឹមត្រូវ។
ជាក់ស្ដែង លោកមានប្រសាសន៍ថា «មានអ្នកធ្វើមាតិកា សម្ភាសន៍ប្អូនស្រី ដែលមានជំងឺខួរក្បាល ឬហៅថា មិនគ្រប់ទឹក, ខ្លះសម្ភាសន៍កុមារ, អ្នកជំងឺវង្វេងវង្វាន់, អ្នកស្រវឹង ដែលការពិត គឺមិនត្រូវធ្វើបង្ហាញជាសាធារណៈបែបនេះទាល់តែសោះ។ វាបង្ហាញថា ជាទង្វើមិនដឹងខ្យល់ ហើយមិនដឹងថា នរណាដើរតួឱ្យចំ ដើម្បីកែលម្អ ក្រុមអ្នកធ្វើរឿងឆ្កួតៗនេះ?»។
មួយវិញទៀត «ការសួរនាំអ្នកជំងឺ គឺមានតែវេជ្ជបណ្ឌិតឯកទេស ដែលត្រូវសួរដើម្បីបម្រើឱ្យការព្យាបាលជំងឺ។ គេមិនសួរថតជាវីដេអូ បង្ហោះពេញបណ្ដាញសង្គម ដើម្បីធ្វើអាជីវកម្មយក Views បែបនេះទេ។ វាដូចជាហួសហេតុខ្លាំងណាស់! លុបវីដេអូចេញបានក៏លុបទៅ! ហើយបើមិនលុបទេ អាជ្ញាធរមានសមត្ថកិច្ចប្រើអធិបញ្ជា ឬអំណាចអាជ្ញា ចាត់ការតាមផ្លូវច្បាប់ទៅ»។ លោក ហ៊ុយ វណ្ណៈ បន្ថែមបែបនេះ។
ពាក់ព័ន្ធទៅនឹងការលើកឡើងខាងលើន លោក ហ៊ុយ វណ្ណៈ បានលើកឡើងថា លោកនឹងបន្តពន្យល់អ្វីបន្ថែមទៀតនោះទេ ជុំចំណុចមួយចំនួនខាងលើនេះ។
លោកក៏បានអំពាវនាវដល់អ្នកកាសែត អ្នកស្រាវជ្រាវ អ្នកធ្វើមាតិកា រួមទាំងមន្ត្រីយុត្តិធម៌ ត្រូវតែឆ្លងកាត់វគ្គសិក្សា «Human Subjects Protections ឬហៅថា ក្រមសីលធម៌ ឬកិច្ចព្រមព្រៀង ដើម្បីការពារសិទ្ធិមនុស្ស និងតម្លៃមនុស្ស»។ ព្រោះ ជនប្រយោជន៍និយមមួយចំនួន បានបង្ហាញពីតម្លៃខ្មែរនៅលើបណ្ដាញសង្គម អាក្រក់ហួសហេតុ ដែលធ្វើឱ្យបាត់តម្លៃបន្តិចម្ដងៗ៕

