ឃាត់ខ្លួនជនជាតិចិន និងរំដោះជនជាតិវៀតណាម ពាក់ព័ន្ធករណីចាប់ជំរិតទារប្រាក់

203


ភ្នំពេញ ៖ ​កម្លាំង​កងរាជអាវុធហត្ថ​ធ្វើ​ការ​ឃាត់ខ្លួន​ជនសង្ស័យ​មួយក្រុមយក​ទៅ​សួរនាំ​ ពាក់ព័ន្ធ​ករណី​ចាប់ជំរិត​មនុស្ស​និងបាន​រំដោះ​ជនរងគ្រោះ​២​នាក់ កាលពី​វេលា​ម៉ោង៥​និង​៤៥​នាទី​ល្ងាច​ ថ្ងៃទី​២២ ខែកញ្ញា ឆ្នាំ​២០២៣ នៅ​តាម​ផ្លូវ​៦០​ម៉ែត្រ ក្រវាត់​ក្រុង​ទី​៣ ចំណុច​ភ្លើងស្តុប កែង​ផ្លូវ​បេតុង​វត្ត​អង្គ​ត្រគៀត ក្នុងភូមិ​កន្ទោក​ត្បូង (​ហៅ​ភូមិ​ត្រាំ​ស្លឹក​) សង្កាត់​កន្ទោក ខណ្ឌ​កំបូល រាជធានី​ភ្នំពេញ ។


តាម​សមត្ថកិច្ច​បាន​ឱ្យ​ដឹង​ថា ក្រោយពី​ទទួល​បាន​ព័ត៌មាន​ជុំវិញ​ករណី​ខាងលើ កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ សហការ​ជាមួយ​កម្លាំង​អាវុធហត្ថ​ខណ្ឌ​ពោធិ៍​សែន​ជ័យ បើក​ការស្រាវជ្រាវ​មុខសញ្ញា​ចាប់​បង្ខាំង​មនុស្ស​ជំរិត​ទារ​ប្រាក់ បង្កឡើង​ដោយ​ជនសង្ស័យ​ជា​ជន​ជាតិចិន​មួយក្រុម​គ្នា​៣​នាក់ ចាប់​បង្ខាំង​ជនជាតិ​វៀតណាម​២​នាក់ ឪពុក​និង​កូនស្រី ដឹក​តាម​រថយន្ត​មួយគ្រឿង​ម៉ាក ALPHARD ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2BX-2282 ទៅ​ឈប់​តាមផ្លូវ​នៅមុខ​ព្រលានយន្តហោះ​ពោធិ៍ចិនតុង ខណ្ឌ​ពោធិ៍​សែន​ជ័យ គម្រាម​ជនរងគ្រោះ បង្ខំ​ឱ្យ​ក្រុមគ្រួសារ​ផ្ញើ​លុយ​ឱ្យ​ពួកគេ ជា​ថ្នូរ​នឹង​ការដោះលែង តែ​មិនទាន់​បានសម្រេច​ផង ឃើញ​កម្លាំង​អាវុធហត្ថ ជនសង្ស័យ​បាន​បើករថយន្ត​រត់គេច​ទៅតាម​ផ្លូវជាតិ​លេខ​៣ ត្រូវបាន​កម្លាំង​ប្រដេញ​តាម បត់​ចូល​តាមផ្លូវ​វត្ត​គោក​ខ្សាច់ សង្កាត់​ភ្លើង​ឆេះ​រទេះ ខណ្ឌ​កំបូល ឡើងទៅ​លើផ្លូវ​៦០​ម៉ែត្រ ក្រវាត់​ក្រុង​ទី​៣ បត់​ឆ្ពោះទៅ​ជើង កម្លាំង​បន្ត​ដេញ​តាម ធ្វើ​ឲ្យ​ជនសង្ស័យ បើក​រថយន្ត​ដេញ​កៀរ​រថយន្ត​របស់​អាវុធ​ហត្ថ ហើយ​បាញ់​គំរាម ដើម្បី​បើក​រត់​គេច​ខ្លួន ធ្វើ​ឲ្យ​កម្លាំង​សមត្ថកិច្ច​ផ្ទុះអាវុធ​តប​ត ដោយ​បាញ់​បំបែក​កង់​រថយន្ត​ជនសង្ស័យ​បែក​អស់​២​គ្រាប់ រួច​ដេញ​បុក​កៀរ​ឱ្យ​ឈប់ ត្រង់ចំណុច​ភ្លើងស្តុប ភូមិ​កន្ទោក​ត្បូង សង្កាត់​កន្ទោក ខណ្ឌ​កំបូល ចូលចាប់​ខ្លួន​ជនសង្ស័យ​បាន​១​នាក់ ចំណែក​២​នាក់​ទៀត​សុ​ទុះ​លោត​ចុះ​រត់​គេច​ខ្លួន​បាត់ រំដោះ​បាន​ជនរងគ្រោះ​២​នាក់​ឪពុក​និង​កូនស្រី បាន​ដោយ​សុ​វត្ថិភាព។


ក្នុង​ហេតុការណ៍​ខាងលើ រថយន្ត​របស់​មន្ត្រី​អាវុធហត្ថ​ខូចខាត​២​គ្រឿង រថយន្តរ​បស់ជនស​ង្ស័​យ​ខូចខាត​ផងដែរ តែ​មិន​បង្ក​ឲ្យ​អ្នកណា​រង​របួស​ឡើង។ ក្រោយ​ចាប់​ខ្លួន​បាន​ជនសង្ស័យ រំដោះ​បាន​ជនរងគ្រោះ រួមទាំង​វត្ថុតាង នាំយកទៅ​ទីបញ្ជាការ​ការ​អាវុធហត្ថ រាជធានី​ភ្នំពេញ ដើម្បី​អនុវត្តតាម​នីតិវិធី និង​ស្រាវជ្រាវ​តាម​ចាប់ខ្លួន​បក្ខពួក​បន្តទៀត៕

Turbo tech solutions
HQP