រក​ឃើញ​នាវា​មុជ​ទឹកKRI Nanggala 402 ដែល​បាត់​ខ្លួន​តាំង​ពី​ថ្ងៃ​ពុធ នៅ​ក្នុង​បាត​សមុទ្រ​បាលី ជម្រៅ​៨៥០​ម៉ែត្រ

276

ឥណ្ឌូណេស៊ី៖ រក​ឃើញ​នាវា​មុជ​ទឹកKRI Nanggala 402 ដែល​បាត់​ខ្លួន​តាំង​ពី​ថ្ងៃ​ពុធ នៅ​ក្នុង​បាត​សមុទ្រ​បាលី ជម្រៅ​៨៥០​ម៉ែត្រ។​ នាវិក​ទាំង​៥៣​រូប​បាន​បាត់​បង់​ជីវិត​ទាំង​អស់។ យោងតាមប្រភពព៍ត៍មានCNA ចុះផ្សាយថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១ បានឱ្យដឹងថា៖ យោធា​ជើង​ទឹក​ឥណ្ឌូណេស៊ី​បាន​ប្រកាស​ថា ​នាវា​មុជ​ទឹកKRI Nanggala 402 ដែល​បាត់​ខ្លួន​តាំង​ពី​ថ្ងៃ​ពុធ បានរកឃេីញនៅ​ក្នុង​បាត​សមុទ្របាលី ជម្រៅ​៨៥០​ម៉ែត្រ។ ហើយ​នាវិក​ទាំង​៥៣​រូប​បាន​បាត់​បង់​ជីវិត​ទាំង​អស់ នេះ​បើ​តាម​ការ​ជូន​ដំណឹងរបស់​អាជ្ញាធរ​ឥណ្ឌូណេស៊ី។

នាវា​មុជ​ទឹក​សង្គ្រោះ​របស់​សិង្ហបុរីបានរកឃេីញ នាវា​មុជ​ទឹកKRI Nanggala 402 ​បាន​បាក់​ជា​បី​កំណាត់ លិច​ក្នុង​បាត​សមុទ្រជម្រៅ​៨៥០​ម៉ែត្រ​ នៅ​ព្រឹក​ថ្ងៃអាទិត្យ​ទី ២៥​មេសា នេះជាការ​លម្អិត​របស់​លោក​អគ្គមេបញ្ជាការ​កងទ័ព​ជើង​ទឹក Yodo Margono។ កាលពីថ្ងៃ​សៅរ៍​ម្សិលមិញ ក្រុមសង្គ្រោះ​បាន​រក​ឃើញ​វត្ថុ​ជា​ច្រើន​របស់​នាវា​អណ្តែត​លើ​ផ្ទៃទឹក​ តែ​ពុំ​ទាន់​អាច​កំណត់​បាន​ថា​តើ​នាវាលិច​នៅ​ទីណា​ឱ្យ​ប្រាកដ ដោយឡែកមុនការប្រកាស​​​រក​ឃើញ​នាវាមុជ​ទឹកបន្តិច ក្រុម​អ្នក​ស្វែង​រក​រើស​បានបំណែក​នាវា​ជា​ច្រើន​ផ្សេងទៀត ដូច​ជា​ ដងយុថ្កានិងសម្លៀកបំពាក់សុវត្ថិភាព​​របស់​ក្រុមនាវិក។

អាជ្ញាធរ​ឥណ្ឌូណេស៊ី នៅ​តែ​មិន​ផ្តល់​មូលហេតុ​ផ្លូវការ​នៃ​ការ​លិច​នាវាមុជទឹក​នេះ​ទេ តែ​បាន​បង្ហើប​ថា​នាវានេះ​ទំនងជាមានបញ្ហា​អគ្គីសនី ហើយក្រុមនាវិកមិន​អាច​បញ្ជា​ឱ្យ​នាវា​អណ្តែត​​ឡើង​មក​លើ​ផ្ទៃ​ទឹក​វិញ​បាន។ អាជ្ញាធរ​ឥណ្ឌូណេស៊ី​បាន​ពន្យល់​កាលពី​ថ្ងៃ​សៅរ៍​ម្សិលមិញ​ថា នាវា​ទំនង​ជា​ត្រូវបែក​លិច ដោយកម្លាំង​សម្ពាធទឹក ក្នុង​ជម្រៅ​ដល់៨០០ម៉ែត្រ ដែល​ហួស​ពី​សមត្ថភាព​របស់​នាវា ដោយ​​ច្រាន​ចោល​សម្មិតកម្ម​ដែល​ថា​នាវា​មុជ​ទឹក​បាន​ផ្ទុះ​។

បើ​តាម​អ្នកជំនាញ​បារាំង នាវាមុជ​ទឹក​ដែល​មាន​សំបក​ធ្វើ​ពី​ដែកថែប ដូច​យ៉ាង​នាវា​គ្រីណង់ហ្កាឡា នឹង​ប្រេះបែកឡើង​សំប៉ែត​ដូច​អាក័រដេអុង​ យ៉ាងដូច្នោះ នៅ​ពេល​មុជ​ទឹក​ជ្រៅ​ហួស​សមត្ថភាព។ ​ នាវា​មុជ​ទឹក​ឥណ្ឌូណេស៊ី KRI Nanggala 402 ចំណាស់​៤៤ឆ្នាំ​ ផលិត​ដោយ​អាល្លឺម៉ង់ បាន​ទទួល​ការ​អនុញ្ញាត​ឱ្យ​មុជ​ចូល​ក្នុង​សមុទ្រនា​ព្រឹក​ថ្ងៃពុធ​ទី ២១​មេសា ក្នុង​ក្របខ័ណ្ឌ​នៃ​ការ​ធ្វើ​សមយុទ្ធ មាន​បំពាក់​អាវុធ​បាញ់​ដោយ​ស្វ័យ​ប្រវត្តិ​និង​អាច​មុជ​ក្នុង​ទឹក​ជម្រៅ​​ពី​៣៥០-ទៅ​៤០០ម៉ែត្រ ប៉ុន្តែគ្រាន់តែពន្លិច​ខ្លួន​បាន​បន្តិច ស្រាប់​ដាច់ប្រព័ន្ធ​ទំនាក់ទំនង​ឈឹង។ ការបាត់​នាវា​មុជ​ទឹកKRI Nanggala 402 ឥណ្ឌូណេស៊ី​បាន​បញ្ចេញទាហាន​ជា​ច្រើន​រយ​នាក់ យន្តហោះ​យោធា និងនាវា​សង្គ្រាម​​ជា​ច្រើន​គ្រឿង​ទៅ​ស្វែង​រក​នាវា​មុជ​ទឹកនេះក្រែង​មានអភិនិហា​​រក​ឃើញ​និង​សង្គ្រោះ​ជីវិត​នាវិក​ទាំង​៥៣បាន​​ នៅ​​មុន​​ព្រឹក​ថ្ងៃ​សៅរ៍។

ប្រទេស​ជិត​ខាង​ម៉ាឡេស៊ី សិង្ហបុរី សហរដ្ឋ​អាមេរិក ឥណ្ឌា ព្រមទាំង​ អូស្ត្រាលី​ ក៏បាន​ចូល​រួម​ក្នុង​ប្រតិបត្តិការ​ស្វែង​រក​នាវាបាត់​ខ្លួន ដោយ​ផ្តុំការ​ស្រាវជ្រាវ​ក្នុង​រង្វង់​៣០​គីឡូម៉ែត្រការ៉េ។ មុន​សេចក្តី​ជូន​ដំណឹង​ស្តីអំពីការ​រក​ឃើញ​​នាវា​មុជទឹក​នៅ​បាតសមុទ្រ លោកប្រធានាធិបតី យូកូ វីដូដូ បាន​ផ្ញើ​សារ​រំលែក​ទុក្ខ​ដល់​គ្រួសារក្រុម​នាវិក​​ ដោយ​ចាត់​ទុកយុទ្ធពលី​​ទាំង​៥៣​ថា​ជាកុលបុត្រ​ជាតិ​ដ៏​​ល្អ​ប្រពៃ​បំផុត​របស់​ជាតិ ជា​អ្នកស្នេហាជាតិ​ ដែល​បាន​ការពារ​បូរណភាព​ដែនដី។ គួរឱ្យដឹងថាឥណ្ឌូណេស៊ី​មាន​នាវាមុជ​ទឹក​សរុប​ចំនួន​៥​គ្រឿង ដែល២គ្រឿងមាន​ឈ្មោះ គ្រីណង់ហ្កាឡា​ជា​ផលិតផល​របស់​អាល្លឺម៉ង់​ ចំណែក​៣គ្រឿង​ទៀត​ ទំនើប​ជាង​ជា​បច្ចេកវិទ្យា​របស់​កូរ៉េខាង​ត្បូង។

Turbo tech solutions
HQP