កម្មករជៀរ​ជ័រកៅស៊ូម្នាក់ប្រកាច់ស្លាប់ក្នុងគ្លីនិក​ឯកជន​ «​ឱសថស្ថាន​ពន្លឺ​សុខភាព​» សង្ស័យប្រត្តិកម្មថ្នាំចាក់

45

រតនគិរី​៖ គ្លីនិក​ឯកជន​យីហោ​ «​ឱសថស្ថាន​ពន្លឺ​សុខភាព​» បាន​ទទួល​ព្យាបាល​អ្នកជំងឺ​ម្នាក់ បណ្ដាល​ឲ្យ​ស្លាប់​បាត់បង់​ជីវិត​ សង្ស័យ​ប្រតិកម្ម​ថ្នាំ​ច្រើន​មុខ​​ដែល​ចាក់​ចូល​បន្ត​ក្នុង​សេរ៉ូម​ ។ ហេ​តុ​ការណ៍​នេះបាន​កើតឡើង​នៅ​ថ្ងៃ​ទី​២៩​ ខែវិច្ឆិកា​ ឆ្នាំ​២០២៣​ ស្ថិត​នៅ​ក្នុងភូមិ​ជ័យ​ជំនះ​ សង្កាត់​ឡា​បាន​សៀ​ក​ ក្រុង​បាន​លុង​ ខេត្ត​រន​គិរី​ ។ ​ជន​រង​គ្រោះ​​ដែល​ស្លាប់​មានឈ្មោះ ប្រាក់ សុភាព ​អាយុ​៣៩​ឆ្នាំ​ មុខរបរ​កម្មករ​ជៀរ​ជ័រកៅស៊ូ​ មាន​ទីលំនៅ​ភូមិ​២​កាចា​ញ​ សង្កាត់​កាចា​ញ​ ក្រុង​បាន​លុង ​ខេត្តរតនគិរី​ ។

តាមប្រភពឈ្មោះ​ឈួ​ន ស្រី​រ័​ត្ន​ ត្រូវជា​ប្រពន្ធ​ជន​រង​គ្រោះ​បានឱ្យ​ដឹង​ថា ​នៅ​ថ្ងៃ​ទី​២៩​ ខែវិច្ឆិកា​ ឆ្នាំ​២០២៣​ ប្ដី​គាត់​​បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍ ដោយ​ដួល​ម៉ូតូ​ពេល​កំពុង​ដឹក​ជ័រកៅស៊ូ​មក​ផ្ទះ​បោក​ត្រូវ​ចំ​ដើម​ទ្រូង ដោយ​ខ្លាច​របួស​នោះ​ធ្ងន់ធ្ងរ​​ទើប​នៅ​រសៀល​ថ្ងៃ​ដដែល​ ក៏​នាំ​ប្ដី​ទៅ​ព្យាបាល​នៅ​កន្លែង​ឱសថស្ថាន​ពន្លឺ​សុខភាព​ដែល​មាន​ទីតាំង​ដូច​ខាងលើ​ ។

ប្រពន្ធ​ជន​រង​គ្រោះ​​បន្ដ​ថា ​សុខភាព​ប្តី​នៅ​ធម្មតាមិន​មាន​សភាព​ធ្ងន់ធ្ងរ​អ្វី​នោះ​ទេ​ តែ​ពេល​ចូល​ទៅ​ដល់​កន្លែង​នោះ​ ស្រាប់តែ​ក្រុម​គ្រូពេទ្យ​គេ​បាន​មក​ទទួល​អ្នកជំងឺ​យក​ទៅ​ព្យាបាល​ ដោយ​ដាក់​សេរ៉ូម​ជា​បន្ដបន្ទាប់​អស់​ចំនួន​៤​ ទៅ​៥​ប្លោក ប៉ុន្ដែ​រយៈ​ពេល​ជាង​៧​ម៉ោង​ទៅ​បែ​រទៅ​ជា​ធ្ងន់ធ្ងរ​ ហាក់​មិន​បាន​​ធូរស្រាល​សោះឡើយ​ ។

នៅ​ពេល​នោះ ​សាច់ញាតិ​បាន​សុំ​គ្រូពេទ្យ​យក​អ្នកជំងឺ​ចេញ​ទៅ​ពេទ្យ​ខេត្ត​វិញ​ តែ​ប្រធាន​គ្រប់​គ្រង់​នៅ​ទីនោះមិន​ព្រមឱ្យ​យក​អ្នកជំងឺ​ចេញ​ទេ ហើយ​ថែម​ទាំង​ប្រាប់​ថា​ «គេ​ចេះ​ព្យាបាល​ហើយ»​ ។ ប៉ុន្ដែ​អ្វី​ដែល​ក្រុម​គ្រូពេទ្យ​ពន្លឺ​សុខភាព​បាន​អះអាង​នោះ ​មិន​អាច​យក​ជា​ការ​បាន​ឡើយ​ពោល​គឺ​នៅ​ព្រលប់​ថ្ងៃ​ដដែល​នោះ ​អ្នកជំងឺ​មាន​សភាព​ប្រកាច់​ទាំង​ដៃ​ជាប់​សេរ៉ូម​ ហើយ​ក៏​ដាច់ខ្យល់​ស្លាប់​បាត់បង់​ជីវិត​នៅ​ទីនោះ​តែ​ម្តង​ ទើប​គេ​ព្រមឱ្យ​យក​សព​នោះ​ចេញ​ទៅ​ផ្ទះ​វិញ​។

នៅ​រសៀល​ថ្ងៃ​ទី​៣០ ​ខែវិច្ឆិកា ​ឆ្នាំ​២០២៣​នេះ ​នគ​បាល​កា​រិ​យាយ​ល័យ​បច្ចេកទេស​និង​វិទ្យា​​សាស្ត្រ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តរតនគិរី​ សហការ​ជាមួយ​សមត្ថកិច្ច​ពាក់ព័ន្ធ​បាន​ចុះ​ទៅ​ត្រួតពិនិត្យ​ធ្វើ​កោសល​វិ​ច្ច័​យ តែ​លទ្ធផល​នៅ​ពុំ​ទាន់​បានដឹង​នៅឡើយ​ទេ​។

ករណី​ខាងលើ​នោះ លោក​លុយ ទី ដែល​ជា​ប្រធាន​គ្រប់គ្រង​សម្ភព​ឈ្មោះ​ឱសថស្ថាន​ពន្លឺ​សុខភាព​ដែល​រង​កា​ចោទប្រកាន់​ថា​ បាន​ព្យាបាល​អ្នកជំងឺ​ម្នាក់​បណ្ដាល​ឱ្យ​ស្លាប់​នោះ​បាន​ប្រាប់​មន្ត្រី​នគ​បាល​ក្រុង​បាន​លុង​ដោយ​ខ្លី​ថា​ «ពាក់ព័ន្ធ​អ្នកជំងឺ​ដែល​ស្លាប់​នៅ​កន្លែង​លោក​នោះ ​លោក​ទុក​ឱ្យ​មេ​ធាវី​ជា​អ្នក​ចាត់ចែង​ហើយ​»។

ប​ច្ចុ​ប្ប​ន្ន ​សព​ត្រូវ​បាន​សាច់​ញា​តិ​ក្រុម​គ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី ​៕

Turbo tech solutions
HQP