យ៉ាងហោចណាស់ ១៦នាក់បានស្លាប់ក្នុងឧបទ្ទវហេតុរថយន្ដក្រុងដាច់ហ្រ្វាំងធ្លាក់ជ្រោះជម្រៅ៣០ម៉ែត្រ នៅហ្វីលីពីន

44

ហ្វីលីពីន៖ រថយន្តក្រុងមួយគ្រឿង ដែលដឹកមនុស្សជាច្រើននាក់បានដាច់ហ្វ្រាំង ហើយធ្លាក់ពីលើច្រាំងថ្មចោទក្នុងខេត្ត Antique ភាគកណ្តាលប្រទេសហ្វីលីពី បណ្ដាលឲ្យស្លាប់មនុស្សយ៉ាងហោចណាស់ ១៦នាក់។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃពុធ ទី៦ ខែធ្នូ ឆ្នាំ២០២៣។

អភិបាលក្រុង Antique លោកស្រី Rhodora Cadiao បានប្រាប់វិទ្យុក្នុងស្រុកថា មនុស្ស ៨នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរនៅក្នុងមន្ទីរពេទ្យ ខណៈមនុស្ស ៤នាក់ទៀតមានស្ថានភាពធម្មតា។

លោកស្រី បាននិយាយថា រថយន្តក្រុងដឹកអ្នកដំណើរពីខេត្ត Iloilo កំពុងធ្វើដំណើរទៅកាន់ទីក្រុង Culasi ក្នុងខេត្ត Antique កាលពីរសៀលថ្ងៃអង្គារ នៅពេលដែលហ្វ្រាំងរបស់រថយន្ដបានដំណើរការខុសប្រក្រតីនៅលើដងផ្លូវ ហើយវាបានធ្លាក់ចូលទៅក្នុងជ្រោះជម្រៅ ៣០ម៉ែត្រ។ លោកស្រីបន្ថែមថា នេះ​ជា​ឡានក្រុង​ទី២ ហើយ​ដែល​បាន​ធ្លាក់​នៅ​តំបន់នេះ។

ទាក់ទិននឹងបញ្ហានេះ រដ្ឋាភិបាលខេត្ត Antique បាននិយាយនៅលើបណ្ដាញសង្គម Facebook ថា ប្រតិបត្តិការទាញយករថយន្ដបានបញ្ឈប់ បន្ទាប់ពីបានទាញយកសាកសព និងអ្នករបួសចេញពីតំបន់កើតហេតុ។ តួលេខអ្នកដំណើរសរុប ដែលដំបូងឡើយគេប៉ាន់ប្រមាណថា មានមនុស្ស ៥៣នាក់ ប៉ុន្ដែគេមិនទាន់បានផ្ទៀងផ្ទាត់បន្ថែមនៅឡើយទេ។

សូមជម្រាបថា កន្លងមកប្រទេសហ្វីលីពីន ជាប់ឈ្មោះល្បីល្បាញដោយសារបទប្បញ្ញត្តិដ៏ធូររលុងរបស់ខ្លួន លើការដឹកជញ្ជូនសាធារណៈ និងផ្លូវថ្នល់ដែលថែទាំមិនបានល្អផងដែរ៕

ប្រភព៖ CNA

Turbo tech solutions
HQP