រដ្ឋបាលខេត្តត្បូងឃ្មុំ ចេញសេចក្ដីប្រកាសព័ត៌មានផ្លូវការ បញ្ជាក់ពីការស្លាប់របស់ស្ដ្រីម្នាក់ នៅស្រុកត្បូងឃ្មុំ ដោយសារជំងឺកូវីដ១៩

302

ត្បូងឃ្មុំ៖ រដ្ឋបាលខេត្តត្បូងឃ្មុំ នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មានផ្លូវការ បញ្ជាក់អំពីការស្លាប់របស់ស្ដ្រីម្នាក់ អាយុ៤៦ឆ្នាំ នៅស្រុកត្បូងឃ្មុំ ដោយសារជំងឺកូវីដ១៩។

រដ្ឋបាលខេត្តត្បូងឃ្មុំ បានបញ្ជាក់ថា ស្ដ្រីជនជាតិខ្មែរដែលស្លាប់ដោយសារជំងឺកូវីដ១៩នេះ ឈ្មោះ សុខ គឹមសឿន អាយុ៤៦ឆ្នាំ រស់នៅភូមិរកាធំ ឃុំជីរោទិ៍ទី១ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ បានស្លាប់បាត់បង់ជីវិត នាថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង២១៖១៨នាទី នៅមន្ទីរពេទ្យបង្អែកព្រះនរោត្តម សីហនុ ត្បូងឃ្មុំ។

ប្រវត្តិអ្នកស្លាប់ខាងលើ កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ មានអាការៈក្តៅខ្លួន ក្អក ហត់តិចៗ រយៈពេល០៨ថ្ងៃមុន ថ្ងៃចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យ ដោយគាត់បានព្យាបាលនៅផ្ទះលេបថ្នាំ ដែលព្យាបាលដោយប្ដីរបស់គាត់ជាគ្រូពេទ្យនៅមណ្ឌលសុខភាពជីរោទិ៍ទី១។

នៅវេលាម៉ោង ១៤៖៣០នាទី នាថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១ ស្ថានភាពអ្នកជំងឺកាន់តែធ្ងន់ធ្ងរ ក៏សម្រេចចិត្តនាំមកសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែក ព្រះនរោត្តម សីហនុ ត្បូងឃ្មុំ នៅវេលាម៉ោង១៦៖៣០នាទី ក្រុមគ្រូពេទ្យបានជួយសង្គ្រោះបន្ទាន់ភ្លាមៗ ទន្ទឹមនឹងនោះបានធ្វើតេស្តរហ័សកូវីដ-១៩លទ្ធផលវិជ្ជមានកូវីដ-១៩ ដោយស្ថានភាពអ្នកជំងឺមានសភាពធ្ងន់ធ្ងរតាំងពីចូលសម្រាកដំបូង តម្រូវឲ្យក្រុមគ្រូពេទ្យប្រើប្រាស់ម៉ាស៊ីនជំនួយដង្ហើម តែទោះបីជាក្រុមគ្រូពេទ្យបានខិតខំជួយសង្គ្រោះតាមលក្ខណៈបច្ចេកទេសយ៉ាងណាក៏ដោយ ក៏មិនអាចជួយអ្នកជំងឺបាន ហើយស្ថានភាពអ្នកជំងឺកាន់តែធ្ងន់ធ្ងរឡើងៗ ដែលបណ្តាលឲ្យអ្នកជំងឺបានស្លាប់បាត់បង់ជីវិតនៅវេលាម៉ោង២១៖១៨នាទី នាថ្ងៃខែឆ្នាំដដែល។

តាមការសន្និដ្ឋាន និងរោគវិនិច្ឆ័យរបស់ក្រុមគ្រូពេទ្យអ្នកជំងឺ សុខ គឹមសៀន បានស្លាប់ដោយសារវិបត្តិផ្លូវដង្ហើមស្រួចស្រាវធ្ងន់ធ្ងរ និងរលាកសួតធ្ងន់ធ្ងរ ដែលបណ្តាលមកពីជំងឺកូវីដ-១៩។ សាកសពបានវេចខ្ចប់តាមលក្ខណៈបច្ចេកទេសវេជ្ជសាស្ត្ររួចបញ្ជូនដោយរថយន្តគិលានសង្គ្រោះទៅបូជានៅវត្តភូមិចាន់ សង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំ។

រដ្ឋបាលខេត្តត្បូងឃ្មុំ សូមចូលរួមចំណែកសោកស្តាយជាពន់ពេក និងចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំជាទីបំផុតជាមួយក្រុមគ្រួសារសព៕

Turbo tech solutions
HQP