ភ្នំពេញ៖ សមត្ថកិច្ច ឃាត់ខ្លួនមន្រ្តីនគរបាលម្នាក់ និងជនជាតិចិន៤នាក់ផាកពិន័យ ដោយព្យាយាមធ្វើដំណើរ ដោយថ្មើរជើង ឆ្លងកាត់គោលដៅបិទខ្ទប់
កម្លាំងគណះបញ្ជាការឯកភាពខណ្ឌជ្រោយចង្វារដាក់គោលដៅបិទខ្ទប់ ឃាត់ខ្លួន មន្រ្តីនគរបាលម្នាក់និងជនជាតិចិន ៤នាក់ ជាបន្តបន្ទាប់ខណះ ពេលដែល ព្យាយាមធ្វើដំណើរ ដោយថ្មើរជើង ឆ្លងកាត់គោលដៅបិទខ្ទប់ដោយពុំមានលិខិតស្នាម។
បន្ទាប់ពីឃាត់ខ្លួន មន្រ្តីនគរបាលរូបនោះនិងជនជាតិចិន ២នាក់ សុខចិត្តទទួលនូវការផាកពិន័យ ក្នុងម្នាក់ៗ ចំនួន ២លាន់៥សែន រៀល ។
ចំណែក ជនជាតិចិន២នាក់ទៀត ពុំមានប្រាក់ត្រូវបានបញ្ជូន ទៅកាន់មណ្ឌលចត្តាឡីស័ក ព្រែកព្នៅ ។
ការឃាត់ខ្លួន ជនដែលល្មើស វិធានការរដ្ឋបាលនេះ ធ្វើឡើង ជាបន្តបន្ទាប់កាលពីវេលាម៉ោងប្រមាណ១២ថ្ងៃត្រង់ ទី២៨ ខែ មេសា ឆ្នាំ២០២១នៅចំណុចគោល ដៅ បិទខ្ទប់ រង្វល់មូល តាព្រហ្មគល់ស្ពានជ្រោយចង្វារ ខាងកើត ក្នុងភូមិទី៣ សង្កាត់ ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
មន្រ្តីនគរបាល ដែលល្មើសនឹង ការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ត្រូវបានសមត្ថកិច្ចអោយដឹងថា ឈ្មោះ ផាត់ សារ៉េត អាយុ៥៤ ឆ្នាំ ឋានន្តរស័កថ្នាក់វរះសេនីយ៍ត្រី នៅនាយកដ្ឋានអង្គរក្សមានលំនៅផ្ទះលេខ ២៩ភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ចំណែក ជនជាតិចិនចំនួន ៤នាក់ទៀត មិនស្គាល់អត្តសញ្ញាណ ។
អភិបាលរង ខណ្ឌជ្រោយចង្វារបានអោយដឹងថា មន្រ្តី នគរបាលម្នាក់ រួមទាំងជនជាតិចិន ត្រូវបានឃាត់សួរនាំ ធ្វើដំណើរដោយថ្មើជើងឆ្លងគោលដៅបិទខ្ទប់ ដោយពុំមានឯកសារធ្វើដំណើរ ឆ្លងកាត់ ៕