ខេត្តស្ទឹងត្រែង ប្រកាសរកឃើញអ្នកកើតជំងឺកូវីដ១៩ ជាលើកដំបូងនៅ ស្រុកសៀមបូក

239

ស្ទឹងត្រែង៖ ខេត្តស្ទឹងត្រែង នៅព្រឹកថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១នេះ បានប្រកាសពីការរកឃើញករណីវិជ្ជមានជំងឺកូវីដ១៩ ជាលើកដំបូង ដែលកើតលើស្ដ្រីម្នាក់ រស់នៅភូមិអូរឫស្សីកណ្ដាល ឃុំអូរឫស្សីកណ្ដាល ស្រុកសៀមបូក។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន របស់មន្ទីរសុខាភិបាលខេត្តស្ទឹងត្រែង ដែលទទួលបាន។

មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តស្ទឹងត្រែង បានបញ្ជាក់ថា ក្រុមការងារឆ្លើយតបបន្ទាន់របស់មន្ទីរសុខាភិបាលខេត្ត បានពិនិត្យសុខភាព និងយកសំណាក
វត្ថុវិភាគ ដើម្បីពិនិត្យរកជំងឺកូវិដ-១៩ ចំនួន០១នាក់ ឈ្មោះ លី សុភា ភេទស្រី អាយុ២៤ឆ្នាំ មានទីលំនៅភូមិអូឬស្សីកណ្តាល ឃុំអូរឬស្សីកណ្តាល ស្រុកសៀមបូក ខេត្តស្ទឹងត្រែង និងបានធ្វើការអប់រំ អំពីវិធានការការពារ ជំងឺកូវីដ-១៩ និងអប់រំការដាក់ខ្លួននៅដាច់ដោយឡែករយៈពេល១៤ថ្ងៃ នៅមណ្ឌលធ្វើចគ្នាឡិកកំរិត១ ខេត្តស្ទឹងត្រែង ដើម្បីធ្វើការតាមដានសុខភាពជាប្រចាំ ហើយបានយកសំណាកវត្ថុវិភាគ ធ្វើការដឹកជញ្ជូនទៅកាន់មន្ទីរពេទ្យព្រះកេតុមាលា នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ រហូតមកដល់ត្រឹមម៉ោង៩៖០០នាទីព្រឹក ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១ លទ្ធផលវិភាគរបស់មន្ទីរពេទ្យព្រះកេតុមាលា បានបញ្ជាក់ថា មានផ្ទុកជំងឺកូវីដ-១៩។

ក្រុមការងារឆ្លើយតបបន្ទាន់មន្ទីរសុខាភិបាលខេត្ត បានធ្វើការដឹកជញ្ជូនពីមណ្ឌលធ្វើចត្តាឡីស័កកំរិត១ មកកាន់មណ្ឌលធ្វើចត្តាឡីស័កកំរិត២ ដើម្បីសម្រាកព្យាបាល។

មន្ទីរសុខាភិបាលខេត្ត សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនដល់ថ្នាក់ដឹកនាំខេត្ត ថ្នាក់ដឹកនាំមន្ទីរ មន្ត្រីសុខាភិបាល និងក្រុមគ្រូពេទ្យទាំងអស់ , អាជ្ញាធរពាក់ព័ន្ធទាំងអស់ កងកម្លាំងសមត្ថកិច្ច និងអង្គការដៃគូរដែលបានបំពេញភារកិច្ច បានយ៉ាងល្អប្រសើរបំផុត ក្នុងការជួយពិនិត្យសុខភាព និងការចុះស្រាវជ្រាវរកករណីជំងឺកូវីដ-១៩ រួមទាំងវិធានការដាក់នៅដាច់ដោយឡែក ដើម្បីទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩ បានទាន់ពេលវេលា។

ប្រសិនបើបងប្អូនប្រជាពលរដ្ឋណាម្នាក់ មានចម្ងល់ ឬក៏មានបញ្ហាសុខភាពផ្ទាល់ខ្លួន ដែលទាក់ទងនឹងជំងឺកូវីដ-១៩។ សូមមេត្តាប្រញាប់ទៅកាន់មណ្ឌលសុខភាព ឬមន្ទីរពេទ្យខេត្ត ដែលនៅជិតបំផុត ឬក៏អាចសាកសួរព័ត៌មានលំអិតមកក្រុមការងារឆ្លើយតបបន្ទាន់តាមទូរស័ព្ទលេខ ០១៧ ៧៧៨ ០០០, ០៨៨៨ ៧៧៨ ០០០, ០៧១៦ ៧៦២ ៣២៣, ០៩៧២ ៦៣០ ៥៦៤ ឬលេខ ១១៥ ដោយឥតគិតថ្លៃ៕

Turbo tech solutions
HQP