ការដកកងទ័ពអាមេរិកចេញពីប្រទេសអាហ្វហ្គានីស្ថានមិនមែនមានន័យថា អាមេរិកនឹងចាកចេញពីប្រទេសអាហ្វហ្គានីស្ថាននោះទេ

150

​រដ្ឋមន្ត្រី​ក្រសួងការបរទេស​សហរដ្ឋអាមេរិក លោក Antony Blinken បាន​និយាយថា នឹង​នៅតែមាន​វត្តមាន​របស់​សហរដ្ឋអាមេរិក​នៅក្នុង​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​បន្ទាប់ពី​ការដក​កងកម្លាំង​សហរដ្ឋអាមេរិក​បានបញ្ចប់​។​

​លោក Blinken បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​នៅលើ​កញ្ចក់​ទូរទស្សន៍ CBS News ក្នុង​កម្មវិធី «៦០​នាទី​» ថា «​យើង​បាន​ចូលរួម​នៅក្នុង​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​អស់​រយៈពេល ២០​ឆ្នាំ​មកហើយ ហើយ​ពេលខ្លះ​យើង​ភ្លេច​ពី​មូល​ហេតុដែល​យើង​ទៅ​ទីនោះ​ពីដំបូង ហើយ​នោះ​គឺ​ដើម្បី​ដោះស្រាយ​ជាមួយ​ប្រជាជន​ដែល​បាន​វាយប្រហារ​យើង​នូវ​ព្រឹត្តិការណ៍ ៩/១១​។ ហើយ​យើង​បានធ្វើ​វា​។ បើទោះជា​កងទ័ព​របស់​យើង​បាន​វិល​ត្រឡប់មកផ្ទះ​វិញ​ក៏ដោយ ក៏​មិនមែន​មានន័យថា​យើង​ចាក​ចេញពី​ទីនោះ​ដែរ​»​។​

​លោក Blinken បានចង្អុលបង្ហាញ​ថា ស្ថានទូត​សហរដ្ឋអាមេរិក​នឹង​នៅតែ​ស្ថិតនៅក្នុង​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន ហើយ​សហរដ្ឋអាមេរិក​នឹង​បន្ត​ផ្តល់​ការគាំទ្រ​ផ្នែក​សេដ្ឋកិច្ច មនុស្សធម៌ និង​ការអភិវឌ្ឍ​នៅក្នុង​ប្រទេស​នេះ​ដដែល​។​ នៅពេល​សួរថា តើ​ក្រុម​តា​លី​បង់អាច​បញ្ចប់​ការកាន់កាប់​នៅក្នុង​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​បានទេ​? លោក Blinken បាន​និយាយថា «​យើង​ត្រូវមាន​ការរៀបចំ​គ្រប់​សេណា​រី​យ៉ូ​ទាំងអស់​»​។​

​កាលពី​សប្តាហ៍​មុន អនុ​លេខាធិការ​សារព័ត៌មាន​សេត​វិមាន លោក Karine Jean-Pierre បាន​បញ្ជាក់ថា សហរដ្ឋអាមេរិក​បាន​ចាប់ផ្តើម​ដកទ័ព​ចេញពី​អា​ហ្វ​ហ្គា​នី​ស្ថាន​ហើយ​។ លោក Jean-Pierre បាន​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ថា ក្រុមការងារ​របស់​ក​ង​ទ័ព​អនុរក្ស​សហរដ្ឋអាមេរិក​នឹងត្រូវ​បញ្ជូនទៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​ចំពេល​ដែលមាន​ការដក​កងទ័ព​សហរដ្ឋអាមេរិក​ដែល​កំពុង​បន្ត​ដំណើរការ​។​

​កាលពី​ខែ​មុន ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក ចូ បៃ​ដិ​ន បានប្រកាស​អំពី​ផែន​ការដក​កងទ័ព​ស​ហ​រដ្ឋ​អាមេរិក​ចេញពី​អា​ហ្វ​ហ្គា​នី​ស្ថាន​ទាំងស្រុង​នៅ​ថ្ងៃទី ១១ ខែកញ្ញា ដែលជា​ខួប​លើក​ទី ២០ នៃ​ការវាយប្រហារ​ព្រឹត្តិការណ៍ ៩/១១ បើទោះបីជា​កិច្ចព្រមព្រៀង​សន្តិភាព​រវាង​សហរដ្ឋអាមេរិក និង​តា​លី​បង់​ឆ្នាំ ២០២០ បានកំណត់​យក​ថ្ងៃទី ១ ខែឧសភា ឆ្នាំ ២០២១ ជា​ថ្ងៃ​ផុតកំណត់​នៃ​ការដក​កងទ័ព​ក៏ដោយ​។ ក្រុម​តា​លី​បង់​បាន​ចោទប្រកាន់​សហរដ្ឋអាមេរិក​ថា​បាន​រំលោភ​លើ​កិច្ចព្រមព្រៀង​ទីក្រុង​ដូ​ហា ថា​បាន​បំពាន​ទៅលើ​ពេល​កំណត់​នៃ​ការដក​កង​ទ​ព័រ ហើយ​បាន​គំរាម​បោះបង់​កិច្ចចរចា​សន្តិភាព​អន្ត​រអា​ហ្វ​ហ្គា​នី​ស្ថាន​ចោល​រហូតដល់​កងទ័ព​បរទេស​ទាំងអស់​ត្រូវបាន​ដកចេញ​ពី​អា​ហ្វ​ហ្គា​នី​ស្ថាន​៕

Turbo tech solutions
HQP