ក្រុមការងារព័ត៌មាននិង ប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល សូមធ្វើការឆ្លើយតបទៅនឹងសារប្រជាពលរដ្ឋ (សូមមិនបញ្ចេញឈ្មោះ) មានខ្លឹមសារថា ៖ «ខ្ញុំបាទសូមគោរពលោកពូស្នងការខេត្តកណ្តាលជាទីគោរពខ្ញុំបាទសូមមិនបញ្ចេញឈ្មោះ សូមលោកពូជួយដោះស្រាយក្មេងញៀនថ្នាំបីបួននាក់ពួកគេដើរអុកឡុកពេញភូមិប្រជាពលរដ្ឋដាំដំណាំអ្វីមិនបានហូបទេ ពួកគេដើរលួចមិនថាយប់មិនថាថ្ងៃ ដែលមានទីតាំងនៅភូមិអំពៅព្រៃ២ ឃុំអំពៅព្រៃ ស្រុកកណ្តាល ស្ទឹងខេត្តកណ្តាល។ »
ក្រោយពីទទួលបានព័ត៌មាននេះភ្លាម ដោយមានការចង្អុលបង្ហាញពីក្រុមការងារប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្ត
លោកអធិការនគរបាលស្រុកកណ្តាលស្ទឹង បានបញ្ជាឲ្យលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាល អំពៅព្រៃ ចុះទៅស្រាវជ្រាវរកទីតាំងខាងលើ ។
ជាលទ្ធផល ៖ នៅថ្ងៃទី០៤ ខែ ឧសភា ឆ្នាំ២០២១ វេលាម៉ោង៧:៣០នាទី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអំពៅព្រៃ បានទៅពិនិត្យទីតាំងខាងលើ ឃើញថា ៖ មានទួលចម្ការបន្លែមួយកន្លែងស្ថិតនៅខាងជើងភូមិចំងាយប្រហែល ៣០០ម៉ែត្រ ដែល ពីមុនប្រជាពលរដ្ឋធ្លាប់ដាំបន្លែ ត្រសក់ ត្រកួន និងធ្លាប់មានក្មេងញៀនថ្នាំចូលលួចបេះ លួចដក និងបំផ្លិចបំផ្លាញពិតប្រាកដមែន។
បច្ចុប្បន្ននេះទីតាំងខាងលើនោះពុំទាន់បានដាំដុះដំណាំបន្លែអ្វីនៅឡើយទេ គឺទទេស្អាត មានតែស្មៅដុះខៀវស្រងាត់ ។ កន្លងមក កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអំពៅព្រៃ ដឹកនាំ ដោយលោកវរសេនីយ៍ត្រី បូ ចំរើន បានដឹកនាំកម្លាំងចេញល្បាតតាមភូមិ សាស្ត្រងាយរងគ្រោះជាប្រចាំ ។ ដោយឡែក ក្រុមក្មេងៗញៀន ថ្នាំដែលជាមុខសញ្ញាធ្លាប់លួចចូលបេះបន្លែ និងបំផ្លិចបំផ្លាញរបស់អ្នកភូមិទាំង នោះ ត្រូវបានកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអំពៅព្រៃ សហការជាមួយកម្លាំងផ្នែក ព្រហ្មទណ្ឌស្រុកឃាត់ខ្លួនកសាងសំណុំរឿងតាមនីតិវិធីច្បាប់បញ្ជូនទៅពន្ធនាគារខេត្ត កណ្ដាល ចំនួន០២នាក់ មានដូចខាងក្រោម ៖
១-ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ ឃាត់ខ្លួនឈ្មោះ ប៉ាន់ ចាន់ថន ភេទប្រុស ពី បទ«ហិង្សាក្នុងគ្រួសារ »។
២-ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១ បានឃាត់ខ្លួនឈ្មោះ ប៉ាន់ ពៅ ភេទប្រុស ពីបទ អំពើលួចមានស្ថានទម្ងន់ទោស «ឆក់ទូរស័ព្ទ » ចំណែកបក្ខពួក ដែលសេសសល់ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអំពៅព្រៃ និងកម្លាំងផ្នែកព្រហ្មទណ្ឌ ស្រុក កណ្តាល ស្ទឹង និងស្វែងរកដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។
អាស្រ័យហេតុនេះ សូមសាធារណជន មេត្តាជ្រាបជាព័ត៌មាន និងកុំមានការភ័ន្តច្រឡំ ៕
