រដ្ឋាភិបាលថៃរៀបចំជើងយន្តហោះពិសេសទៅដឹកពលរដ្ឋថៃចេញពីប្រទេសឥណ្ឌានៅថ្ងៃទី១៥ ខាងមុខ កំឡុងពេលឥណ្ឌាកំពុងរងការរាតត្បាតជំងឺកូវីដ១៩ ធ្ងន់ធ្ងរ

191

ស្ថានទូតថៃប្រចាំនៅក្នុងប្រទេសឥណ្ឌាបានណែនាំឲ្យពលរដ្ឋថៃវិលត្រលប់ទៅកាន់ប្រទេសថៃវិញ ក្រោយស្ថានទូតមើលឃើញថា ការរាតត្បាតជំងឺកូវីដ ១៩ នៅក្នុងប្រទេសឥណ្ឌាកាន់តែធ្ងន់ធ្ងរឡើងនិងឈានដល់កម្រិតមួយដែលលែងអាចគ្រប់គ្រងបាន។ ទន្ទឹមនឹងធ្វើសេចក្តីជូនដំណឹងនេះ ខាងស្ថានទូតថៃក៏បានរៀបចំជើងហោះហើរពិសេសមួយសម្រាប់ពលរដ្ឋខ្លួនផងដែរ ដោយជើងហោះហើរនឹងត្រូវចេញដំណើរពីទីក្រុង Chennai ប្រទេសឥណ្ឌា មកកាន់ប្រទេសថៃនៅក្នុងថ្ងៃទី ១៥ ខែឧសភាខាងមុខនេះ។  ពលរដ្ឋថៃដែលមានបំណងចង់វិលមកប្រទេសកំណើតវិញអាចទៅធ្វើការចុះឈ្មោះចាប់ពីថ្ងៃជូនដំណឹងនេះតទៅ ខណៈការហោះហើរនឹងមិនត្រូវគិតថ្លៃឡើយ ព្រោះជើងហោះហើរពិសេសមួយនេះត្រូវបានរៀបចំឡើងក្នុងលក្ខខណ្ឌជាជំនួយសប្បុរសធម៌ពីសំណាក់រដ្ឋាភិបាលថៃទៅកាន់ពលរដ្ឋខ្លួន។

គួរបញ្ជាក់ថា បច្ចុប្បន្នភាពនៅក្នុងប្រទេសឥណ្ឌាគឺប្រទេសមួយនេះកំពុងតែប្រឈមនឹងការរាតត្បាតជំងឺកូវីដ ១៩ក្នុងកម្រិតដ៏ធ្ងន់ធ្ងរបំផុតមួយដោយក្នុងមួយថ្ងៃឥណ្ឌាអាចមានអ្នកឆ្លងជំងឺកូវីដ ១៩ ថ្មីក្នុងខ្ទង់ជាង ៣០ ម៉ឺននាក់ និងមានអ្នកស្លាប់រាប់ពាន់នាក់។ នៅតាមមន្ទីរពេទ្យក្នុងប្រទេសឥណ្ឌាកំពុងប្រឈមនឹងបញ្ហាខ្វះខាតសម្ភារៈបរិក្ខាពេទ្យ គ្រែពេទ្យ និងអ៊ុកស៊ីសែនយ៉ាងខ្លាំង ហើយចំពោះអ្នកស្លាប់រួចហើយវិញក៏ត្រូវប្រឈមនឹងបញ្ហាខ្វះកន្លែងបូជាសាកសពផងដែរ។ គិតជាសរុបរួមមកទល់នឹងពេលនេះឥណ្ឌាមានអ្នកឆ្លងជំងឺកូវីដ ១៩ ជាង ២០ លាននាក់ និងស្លាប់ជាង ២០ ម៉ឺននាក់ផងដែរ៕

Turbo tech solutions
HQP