រដ្ឋបាលក្រុងប៉ោយប៉ែត ជូនដំណឹងពីការស្លាប់របស់អាជីវករម្នាក់

232

បន្ទាយមានជ័យ៖ រដ្ឋបាលក្រុងប៉ោយប៉ែត បានចេញសេចក្ដីជូនដំណឹងបញ្ជាក់ឲ្យដឹងថា អាជីវករផ្សារប៉ោយប៉ែតម្នាក់ ដែលមានវិជ្ជមានជំងឺកូវីដ១៩ បានទទួលមរណភាព នៅវេលាម៉ោង០១៖៣០នាទីថ្ងៃត្រង់ ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១នេះ។

រដ្ឋបាលក្រុងប៉ោយប៉ែត បានបញ្ជាក់ទៀតថា អាជីវកររូបនេះឈ្មោះ សួ ស៉ីងួន អាយុ៥០ឆ្នាំ មានទីលំនៅភូមិផ្សារកណ្ដាល សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត។

ពាក់ព័ន្ធករណីបុរស ដែលជាអ្នកជំងឺខាងលើ រដ្ឋបាលក្រុងប៉ោយប៉ែតបញ្ជាក់ថា ដោយសារតែមានអាការៈក្តៅខ្លួន អស់កម្លាំង និងឡើងឈាម នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១ បានទៅសម្រាកព្យាបាល នៅបន្ទប់ពិគ្រោះជំងឺ ឡុង សុធីរៈ មានទីតាំងជាប់របងខាងកើតសាលាវិទ្យាល័យ គន្ធា ហូមប្រឿន ភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ហើយបានដាក់សេរ៉ូម និងចាក់ថ្នាំផងដែរ លុះយប់ឡើងបានមកធ្វើការសម្រាកនៅផ្ទះ លុះព្រឹកឡើងត្រលប់ទៅកន្លែងព្យាបាលខាងលើម្តងទៀត។

ដោយអាការៈមិនស្រួលខ្លួនខ្លាំង នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២១ ដោយសារអស់កម្លាំងខ្លាំង ក៏ចូលទៅដាក់សេរ៉ូម នៅបន្ទប់ពិគ្រោះជំងឺ សំ សើរ មានទីតាំងនៅទល់មុខមន្ទីរពេទ្យបង្អែកប៉ោយប៉ែត បានដាក់សេរ៉ូមអស់កន្លះកំប្លោក ពេលនោះដោយមានអាការៈដង្គក់ខ្លាំង គ្រូពេទ្យបានណែនាំឲ្យទៅ មន្ទីរពេទ្យបង្អែកប៉ោយប៉ែត លុះទៅដល់គ្រូពេទ្យបានយកសំណាកជាលទ្ធផល មានវិជ្ជមានជំងឺកូវីដ-១៩ និងបានធ្វើការសម្រាកចំនួនមួយយប់ នៅមន្ទីរពេទ្យ ក្រោយមកក៏បានបញ្ជូនទៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ជប៉ុនមង្គលបូរី លុះដល់ម៉ោង១៖៣០នាទីយប់ ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ អ្នកជំងឺក៏បានស្លាប់
បាត់បង់ជីវិត។

ទន្ទឹមនេះ រដ្ឋបាលក្រុងប៉ោយប៉ែត សូមអំពាវនាវដល់អ្នកដែលធ្លាប់ បានប៉ះពាល់ផ្ទាល់ជាមួយអ្នកវិជ្ជមានកូវីដ-១៩ ដែលបានរៀបរាប់ខាងលើ សូមរួសរាន់មកជួបគ្រូពេទ្យ ដើម្បីយកសំណាកទៅពិនិត្យ និងធ្វើចត្តាឡីស័ក ចំពោះអ្នកប៉ះពាល់ដោយប្រយោល សូមធ្វើចត្តាឡីស័កនៅតាមផ្ទះរៀងៗខ្លួន និងបើមានអាការៈមិនស្រួល សូមប្រញាប់រួសរាន់ទៅយកសំណាកធ្វើតេស្តរកជំងឺកូវីដ-១៩ នៅស្ថានីយ៍រថភ្លើងប៉ោយប៉ែត មជ្ឈមណ្ឌលសំចតប៉ោយប៉ែត និងមន្ទីរពេទ្យបង្អែកប៉ោយប៉ែត ឬទំនាក់ទំនងតាមរយៈទូរស័ព្ទលេខ ០១២ ៩៨៣៨៥៦, ០៨៥ ៩៩៩៩១៧, ០៩៥ ៥០០០០៣, ០៨៩ ៥៥០០១៦, និង០៩២ ៦៨៣២០៧៕

Turbo tech solutions
HQP