ម៉ាឡេស៊ី៖ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន Channel News Asia បានឲ្យដឹងថា កាលពីថ្ងៃពុធ ទី ១២ ខែ ឧសភា ម្សិលមិញនេះអាជ្ញាធរសុខាភិបាលនៃប្រទេសម៉ាឡេស៊ីបានរកឃើញអ្នកស្លាប់ដោយសារជំងឺកូវីដ ១៩ ក្នុងចំនួនដ៏ច្រើនបំផុតមិនធ្លាប់មាន ពោលគឺមានអ្នកស្លាប់ចំនួន ៣៩នាក់នៅក្នុងមួយថ្ងៃ។
ប្រភពបានបន្តថា ក្នុងចំណោមជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតទាំងអស់នោះគឺមាន ៣៧នាក់ជាពលរដ្ឋម៉ាឡេស៊ី និង ២នាក់ផ្សេងទៀតគឺជាជនបរទេស ហើយពួកគាត់មានអាយុចន្លោះពី ៤៣ ឆ្នាំដល់ ៨៨ឆ្នាំ។ នៅក្នុងថ្ងៃដដែលនោះអាជ្ញាធរសុខាភិបាលម៉ាឡេស៊ីក៏បានរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ ថ្មីចំនួន ៤ ៧៦៥ នាក់ផងដែរ តែតួលេខដ៏ច្រើននេះមិនមែនជាកំណត់ត្រាថ្មីសម្រាប់ម៉ាឡេស៊ីនោះទេព្រោះនាពេលកន្លងមកម៉ាឡេស៊ីក៏ធ្លាប់រកឃើញអ្នកឆ្លងថ្មីប្រចាំថ្ងៃក្នុងខ្ទង់ប្រហែលនេះដែរ។
គួរបញ្ជាក់ជូនថា ម៉ាឡេស៊ីកំពុងប្រឈមនឹងការរាតត្បាតជំងឺកូវីដ ១៩ ដែលរលកទី ៣ ធ្ងន់ធ្ងរ ហើយនៅក្នុងអំឡុងពេលនេះរដ្ឋាភិបាលម៉ាឡេស៊ីកំពុងអនុវត្តវិធានការបិទខ្ទប់ប្រទេសទាំងមូលដោយមិនទាន់ដឹងច្បាស់ថាពេលណានឹងត្រូវបើកវិញនោះទេ។ គិតមកទល់នឹងពេលនេះម៉ាឡេស៊ីបានរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ សរុបចំនួន ៤៥៣ ២២២នាក់ និងស្លាប់ចំនួន ១ ៧៦១ នាក់ផងដែរ៕
