ឥណ្ឌា រាយការណ៍ពីករណីស្លាប់ដោយសារកូវីដ ១៩ ច្រើនបំផុត ៤,៥២៩នាក់ ក្នុង១ថ្ងៃ ខណៈមនុស្សជាង ២៦ម៉ឺននាក់ទៀតឆ្លង

239

ញូដេលី៖ អ្នកជំងឺកូវីដ ១៩ រហូតដល់ ៤,៥២៩នាក់ទៀត បានបាត់បង់ជីវិត នៅក្នុងរយៈពេលតែ ២៤ម៉ោងកន្លងទៅនេះប៉ុណ្ណោះនៅឥណ្ឌា ហើយនេះជាចំនួនករណីស្លាប់ប្រចាំថ្ងៃច្រើនបំផុត ដែលប្រទេសអាស៊ីខាងត្បូងមួយនេះ មិនធ្លាប់បានជួបប្រទះឡើយ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នារសៀលថ្ងៃពុធ ទី១៩ ខែឧសភា ឆ្នាំ២០២១។

នៅក្នុងពេលដដែលនេះ អ្នកឆ្លងកូវីដ ១៩ ប្រមាណ ២៦៧,៣៣៤នាក់ទៀតត្រូវបានរកឃើញ។ ទោះបីជាករណីឆ្លងប្រចាំថ្ងៃ ហាក់ធ្លាក់ចុះជាបណ្តើរៗវិញ កំលុងមួយសប្តាហ៍កន្លងមកនេះមែន ប៉ុន្តែមន្ត្រីជំនាញអង្គការសុខភាពពិភពលោក (WHO) បានព្រមានថា ការធ្វើតេស្តនៅតាមទីជនបទនៅឥណ្ឌា កំពុងមានភាពខ្វះចន្លោះខ្លាំងនៅឡើយ ដែលជាហេតុនាំឲ្យចំនួនករណីឆ្លងពិតប្រាកដ មិនទាន់ត្រូវបានរកឃើញ។

គួរបញ្ជាក់ថា ក្រោយការបូកសរុបទិន្នន័យថ្មីៗខាងលើនេះ នាំឲ្យចំនួនករណីឆ្លងកូវីដ ១៩ សរុបនៅឥណ្ឌាកើនដល់ជិត ២៥,៥០០,០០០ករណី ក្នុងនោះមានអ្នកស្លាប់ ២៨៣,២៤៨នាក់ និងជាសះស្បើយវិញជិត ២២លាននាក់ ខណៈអ្នកជំងឺ ៣.២២លាននាក់ទៀត កំពុងសម្រាកព្យាបាល និងរង់ចាំការព្យាបាល។ គិតត្រឹមថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១ ឥណ្ឌាសម្រេចបានការចាក់វ៉ាក់សាំង ១៨៥លានដូស ដោយក្នុងនោះប្រជាជនជាង ៤០លាននាក់បានចាក់គ្រប់ដូស ដែលស្មើនឹង ៣% នៃចំនួនប្រជាជនសរុប៕

Turbo tech solutions
HQP