នៅប្រទេសឥណ្ឌា ក្នុងរយៈពេល២៤ម៉ោងមានអ្នកជំងឺកូវីដ ១៩ ចំនួន ៣៨៧៤នាក់ទៀតស្លាប់ និងមនុស្សជាង ២៧៦០០០នាក់ឆ្លង នៅក្នុងរបាយការណ៍ថ្ងៃព្រហស្បតិ៍នេះ

261

ញូដេលី៖ អ្នកស្លាប់ដោយសារជំងឺកូវីដ ១៩ នៅប្រទេសឥណ្ឌា ក្នុងរយៈពេល២៤ម៉ោងកន្លងទៅ មានចំនួន ៣,៨៧៤នាក់ ដែលជាតួលេខថយចុះបើធៀបនឹងថ្ងៃពុធ ហើយទន្ទឹមគ្នាក៏មានករណីឆ្លងថ្មីៗសរុប ២៧៦,១១០នាក់ ត្រូវបានរកឃើញនៅក្នុងរយៈពេលដូចគ្នា។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នារសៀលថ្ងៃព្រហស្បតិ៍ ទី២០ ខែឧសភា ឆ្នាំ២០២១។

ក្រោយការបូកសរុបទិន្នន័យថ្មីៗខាងលើនេះ ធ្វើឲ្យចំនួនករណីឆ្លងជំងឺកូវីដ ១៩ សរុបទូទាំងប្រទេសឥណ្ឌាកើនដល់ ២៥.៧៧លានករណី ក្នុងនោះមានអ្នកស្លាប់ ២៨៧,១២២នាក់ និងជាសះស្បើយឡើងវិញជិត ២១.៦លាននាក់ ខណៈអ្នកជំងឺជាង ៣លាននាក់ទៀត កំពុងសម្រាកព្យាបាល និងរង់ចាំការព្យាបាល។

គួរបញ្ជាក់ថា ទោះបីជាករណីឆ្លង និងស្លាប់ប្រចាំថ្ងៃដោយសារជំងឺកូវីដ ១៩ នៅតែស្ថិតក្នុងកម្រិតខ្ពស់ក្តី ក៏ប្រទេសឥណ្ឌា នៅតែមិនធ្វើការបិទប្រទេសទាំងមូលដែរ ខណៈបណ្តារដ្ឋមួយចំនួនបានសម្រេចចិត្ត lockdown និងរាំងខ្ទប់ការធ្វើដំណើរមិនចាំបាច់ខ្លះៗប៉ុណ្ណោះ។

សម្រាប់យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ វិញ មកទល់ពេលនេះគឺឥណ្ឌាសម្រេចបានជាង ១៨៥លានដូស ក្នុងនោះ ១៤៤.២៧លាននាក់បានទទួលការចាក់យ៉ាងហោចណាស់ ១ដូស (១០.៦%នៃចំនួនប្រជាជនសរុប) និងជិត ៤១លាននាក់ ចាក់បានគ្រប់ដូស (៣%នៃចំនួនប្រជាជនសរុប)៕

Turbo tech solutions
HQP