ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមធ្វើការបដិសេធទាំងស្រុងចំពោះការចុះផ្សាយព័ត៌មានមិនពិត របស់គណនីហ្វេសបុកមួយ ដែលបានសរសេរថា «មានបញ្ហារត់ទៅឲ្យប៉ូលិសជួយ បែរជាត្រូវប៉ូលីសចង្អុលមុខ និងជេរប្រមាថទៅវិញ» ។
ការចុះផ្សាយព័ត៌មានមិនពិតនេះ គឺក្នុងគោលបំណងអាក្រក់ដើម្បីបង្ខូចកិត្តិយសអង្គភាព ក៏ដូចដូចជាធ្វើឲ្យប៉ះពាល់ដល់កិត្តិយសរបស់មន្ត្រី ជាអ្នកអនុវត្តច្បាប់ ។ តាមការពិតលោកនាយប៉ុស្តិ៍មិនបានចង្អុលមុខ ឬជេរប្រមាថទៅលើប្រជាពលរដ្ឋណាម្នាក់ឡើយ ។
ដំណើររឿងជាក់ស្តែង : កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង ០៩និង៣០នាទីព្រឹក មានករណីទំនាស់ពាក្យសំដីរវាងមេការសំណង់ ដែលមិនបើកប្រាក់ខែឲ្យទៅកម្មករ រយៈពេល ១៥ថ្ងៃ ហើយកម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលឃ្មួញ ខណ្ឌសែនសុខ បានធ្វើការអញ្ជើញភាគីទាំងសងខាងមកបំភ្លឺនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃ្មួញ ។
ភាគីទី១-ឈ្មោះ យ៉ន់ សឿង ភេទប្រុស អាយុ ៥៧ឆ្នាំ មុខរបរមេការសំណង់ មានទីលំនៅភូមិសែនសុខ២ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ( មានគ្នាចំនួន០៦នាក់ )
ភាគីទី២-ឈ្មោះ អាន សុវណ្ណារ៉ា ភេទប្រុស អាយុ ២៧ឆ្នាំ មុខរបរកម្មករសំណង់ មានទីលំនៅផ្ទះជួល ភូមិសែនសុខ៦ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ (មានគ្នាចំនួន ០៣នាក់ ) ។ លុះមកដល់ប៉ុស្តិ៍នគរបាលរដ្ឋបាលឃ្មួញ ភាគីទាំងសងខាងដែលមានមនុស្សសរុបចំនួន០៩នាក់ មានការឈ្លោះប្រកែកតឹងសរសៃកដាក់គ្នា ។ ដោយឃើញមានការបង្កបញ្ហា ឡូឡាខ្លាំងនៅក្នុងប៉ុស្តិ៍ ក៏ដូចជាមានមនុស្សច្រើនពេក សមត្ថកិច្ចបានណែនាំ និងប្រាប់ទៅភាគីទាំងសងខាងត្រូវរក្សាការស្ងៀមស្ងាត់ និងត្រូវរក្សាគម្លាតដើម្បីចូលរួមបង្ការ និងទប់ស្កាត់ការឆ្លងជំងឺកូវីដ-19 ហើយបានប្រាប់ថា ចំពោះអ្នកមិនពាក់ព័ន្ធឲ្យទៅរងចាំនៅខាងក្រៅ ទុកតែអ្នកពាក់ព័ន្ធមកធ្វើការដោះស្រាយ ដោយមន្ត្រីនគរបាលមិនបានប្រើពាក្យមើលងាយទៅលើភាគីណាមួយឡើយ ។
ដោយមានការពន្យល់ណែនាំ និងជួយសម្របសម្រួលពីមន្ត្រីនគរបាល បច្ចុប្បន្នករណីខាងលើត្រូវបានធ្វើការដោះស្រាយចប់ហើយ ដោយភាគីទី១(មេការសំណង់) យល់ព្រមបើកលុយចំនួន ១៥ថ្ងៃ គិតជាទឹកប្រាក់ចំនួន ៥៥០,០០០(ហាសិបប្រាំម៉ឺន)រៀល ឲ្យទៅភាគីទី២(កម្មករសំណង់) ៕

