កណ្តាល ៖ បុរសម្នាក់ជាមុខសញ្ញាសង្ស័យក្នុងករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ត្រូវបានសមត្ថកិច្ចនគរបាលស្រុកអង្គស្នួលបានឃាត់ខ្លួន ។
ករណីនេះកើតឡើងនៅថ្ងៃទី២២ ខែឧសភាឆ្នាំ២០២១ វេលាម៉ោង ១៥និ៣០នាទី ចំណុចភូមិថ្នល់ទទឹង ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល ។
ជនសង្ស័យមានឈ្មោះ វ៉េង បូផា ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតមានទីលំនៅ បច្ចុប្បន្ន ភូមិទន្លាប់ខ្ពស់ជើង ឃុំដំណាក់អំពិល ស្រុក អង្គស្នួល ខេត្តកណ្តាល ។ ជនសង្ស័យខាងលើធ្លាប់ជាប់ ពន្ធនាគារខេត្តកណ្តាលចំនួន២ឆ្នាំ៦ខែ ពីបទ រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន ។
វត្ថុតាងដកហូតរួមមាន ៖ ម្សៅក្រាមពណ៌សថ្លា សង្ស័យថាសារធាតុញៀន ចំនួន០៧កញ្ចប់តូច, ទូរស័ព្ទដៃ០១គ្រឿង, ម៉ូតូ០១គ្រឿង ម៉ាកហុងដាប៊ិច គ្មានស្លាកលេខ ។
បច្ចុប្បន្ន ជនសង្ស័យ រួមជាមួយវត្ថុតាង ត្រូវបានបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីសាកសួរបន្ត និងកសាងសំណុំរឿងតាមនីតិវិធី ៕
