កំពង់ស្ពឺ ៖ តាមសេចក្តីរាយការណ៍ពីនគរបាលស្រុកគងពិសីបានឲ្យដឹងថា បុរសម្នាក់បានយកថ្មគប់ទៅលើរថយន្ដគិលានសង្គ្រោះបន្ទាន់(AMBULANCE) របស់មន្ទីរពេទ្យបង្អែកស្រុកគងពិសី ខណៈកំពុងធ្វើដំណើរពីទិសត្បូងទៅជើងដើម្បីទៅយកសំណាក ធ្វើតេស្តអ្នកសង្ស័យវិជ្ជមានកូវីដ-១៩ នៅក្នុងឃុំព្រះនិព្វាន កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១ ។
ហេតុការណ៍នេះបានកើតឡើងនៅចំណុចខាងជើងបង្គោលគីឡូម៉ែត្រលេខ១៣ ប្រហែល២០ម៉ែត្រ ស្ថិតលើកំណាត់ផ្លូវជាតិលេខ៤១ ស្ថិតក្នុងភូមិសម្តេចឪ ឃុំព្រៃញាតិ បន្ទាប់ពីធ្វើសកម្មភាពរួច ជនសង្ស័យបានរត់គេចខ្លួន ។
សមត្ថកិច្ចបានបន្តថា បន្ទាប់ពីទទួលបានព័ត៌មានខាងលើ សមត្ថកិច្ចបានស្រាវជ្រាវ រហូតឈានទៅឃាត់ខ្លួនមុខសញ្ញាសង្ស័យឈ្មោះ វ៉ិត សត់ អាយុ២៩ឆ្នាំ រស់នៅភូមិ-ឃុំខាងលើ ។
ចំពោះករណីខាងលើ សមត្ថកិច្ចនគរបាលស្រុកគងពិសី បានយកមកសាកសួរនៅអធិការដ្ឋាននគរបាលស្រុក រួចកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញខេត្តចាត់នីតិវិធីបន្ដ ៕
COVID-19 មិនភ្លេចអ្នកទេ សូមអនុវត្ដវិធានការ « ៣ការពារ ៣កុំ » ឲ្យបានខ្ជាប់ខ្ជួន !!!

