ម៉ាឡេស៊ី៖ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន Channel News Asia បានឲ្យដឹងថា ការរីករាលដាលជំងឺកូវីដ ១៩ នៅក្នុងប្រទេសម៉ាឡេស៊ីបានឈានដល់កម្រិតអាក្រក់មួយមិនធ្លាប់បាន ពោលគឺម៉ាឡេស៊ីបានរកឃើញអ្នកឆ្លងកូវីដ ១៩ថ្មីក្នុងចំនួនច្រើនជាង ៦,០០០ នាក់ ក្នុងរយៈពេល ៦ ថ្ងៃជាប់ៗគ្នាមកហើយ។
របាយការណ៍ចុងក្រោយគឺកាលពីថ្ងៃចន្ទ ទី ២៤ ខែឧសភា ម្សិលមិញនេះម៉ាឡេស៊ីបានរកឃើញអ្នកឆ្លងកូវីដ ១៩ថ្មីចំនួន ៦,០៥៩នាក់ ដែលករណីឆ្លងទាំងអស់នេះសុទ្ធតែបានកើតឡើងក្នុងចំណោមពលរដ្ឋម៉ាឡេស៊ីនៅតាមសហគមន៍។
តាមរបាយការណ៍របស់អាជ្ញាធរសុខាភិបាលបានបង្ហាញទៀតថា ម្សិលមិញនេះម៉ាឡេស៊ីក៏បានរកឃើញអ្នកស្លាប់ដោយសារមានជំងឺជាប់ទាក់ទងនឹងជំងឺកូវីដ ១៩ ចំនួន ៦១ នាក់ផងដែរ ដែលចំនួននេះក៏ជាចំនួនអ្នកស្លាប់ប្រចាំថ្ងៃដ៏ខ្ពស់បំផុតរបស់ម៉ាឡេស៊ីផងដែរ។
គួរបញ្ជាក់ថា គិតមកទល់នឹងពេលនេះប្រទេសម៉ាឡេស៊ីបានរកឃើញអ្នកឆ្លងកូវីដ ១៩ សរុបចំនួន ៥១៨,៦០០ នាក់ និងស្លាប់សរុបចំនួន ២,៣០៩ នាក់ផងដែរ៕
