ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈអនុញ្ញាតឲ្យកម្មករនិយោជិតឈប់សម្រាកចំនួន១ថ្ងៃ ដោយមានប្រាក់ឈ្នួល ដើម្បីទៅចាក់វ៉ាក់សាំងកូវីដ-១៩ដូសទី២ ក្នុងការចូលរួមយុទ្ធនាការចាក់វ៉ាក់សាំងរបស់រាជរដ្ឋាភិបាល ។ ឯកឧត្តម អ៊ិត សំហេង ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីជូនដំណឹងដោយណែនាំដល់ម្ចាស់ ឬនាយករោងចក្រ សហគ្រាស ទាំងអស់ត្រូវបង្កលក្ខណៈងាយស្រួលដល់កម្មករនិយោជិតដែលត្រូវចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី២ ដោយ ត្រូវអនុញ្ញាតឲ្យ កម្មករនិយោជិតឈប់សម្រាកចំនួន ១ថ្ងៃ ដោយមានប្រាក់ឈ្នួលដើម្បីទៅចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី២ តាមទីតាំងដែលធ្លាប់ចាក់ដូសទី១ និងតាមថ្ងៃកំណត់ក្នុងប័ណ្ណចាក់វ៉ាក់សាំង។
ឯកឧត្តម អ៊ិត សំហេងបានបន្តថា ក្នុងករណី ម្ចាស់ ឬនាយករោងចក្រ សហគ្រាសណាមិនអនុញ្ញាតបងប្អូនកម្មករនិយោជិត បានសម្រាកចំនួន ១ថ្ងៃដោយមានប្រាក់ឈ្នួល ដើម្បីទៅចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី២ តាមទីតាំងដែលធ្លាប់ចាក់ដូសទី១ និងតាមថ្ងៃកំណត់ដែលមានសរសេរក្នុងប័ណ្ណចាក់វ៉ាក់សាំងនោះ សូមបងប្អូនកម្មករនិយោជិតជូនដំណឹងមក ក្រសួងតាមរយៈ ទូរសព្ទលេខ០៨៧ ៥២៥ ៦៥៦ និង ០១១ ៨៤៨ ៤៨៦ ឬក្រុមតេឡេក្រាមhttps://t.me/KhmerWorkerChat។ ឯកឧត្តមរដ្ឋមន្ត្រីបន្តទៀតថា ការរារាំងបុគ្គលណាម្នាក់មិនឲ្យទៅចាក់វ៉ាក់សាំងកូវីដ-១៩ គឺល្មើសនឹងច្បាប់ស្តីពីវិធានការទប់ស្កាត់ ការឆ្លងរាលដាលជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវនិងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត, ច្បាប់ស្តីពីការងារ, និងលិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធនឹងកាតព្វកិច្ចក្នុងការទទួលបានការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩។
ដូចនេះ ម្ចាស់ ឬនាយករោងចក្រសហគ្រាស ត្រូវជួយជំរុញ និងអនុញ្ញាតឲ្យកម្មករនិយោជិតទៅចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី២ តាមទីតាំង ដែលធ្លាប់ចាក់ដូសទី១ និងតាមថ្ងៃកំណត់ដែលមានសរសេរក្នុងប័ណ្ណចាក់វ៉ាក់សាំង។ បើមិនដូច្នេះ ម្ចាស់ ឬ រោងចក្រ សហគ្រាស នឹងត្រូវទទួលពិន័យជាប្រាក់ និងផ្តន្ទាទោសដាក់ពន្ធនាគារតាមច្បាប់ជាធរមាន។ សូមកម្មករនិយោជិតទាំងអស់ដែលបានទៅចាក់វ៉ាក់សាំងកូវីដ-១៩ រួចហើយ មេត្តាថែរក្សាប័ណ្ណចាក់វ៉ាក់សាំង ឲ្យបានល្អ ដើម្បីប្រើប្រាស់ ជាផលប្រយោជន៍នៅពេលខាងមុខ ៕
