គ្រោះមហន្តរាយ ព្យុះសុីក្លូនបោកបក់ប្រទេសឥណ្ឌា ស្របពេលឥណ្ឌាមិនទាន់ធូរស្រាលពីការកេីនឡេីងនៃការឆ្លងកូវីដ១៩

280

យោងតាមប្រភពព័ត៍BBCមានចុះផ្សាយថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១ បានឱ្យដឹងថា៖ ព្យុះស៊ីក្លូនយក្ស(Yass)បានបោកបក់ចូលភាគខាងកើតប្រទេសឥណ្ឌា បានសម្លាប់មនុស្សជាច្រើននាក់ ដោយបានវាយប្រហាររដ្ឋ West Bengal និង Orissa នៅថ្ងៃពុធក៏ដូចជានៅភាគខាងត្បូងប្រទេសបង់ក្លាដែស។ នេះជាព្យុះទី ២ហេីយ ដែលវាយប្រហារប្រទេសឥណ្ឌាក្នុងរយៈពេលមួយសប្តាហ៍បន្ទាប់ពីព្យុះស៊ីក្លូន Tauktae បានសម្លាប់មនុស្សជាង ១៥០ នាក់។ គួរឱ្យដឹងថា ព្យុះកំណាចនេះកើតឡើងស្របពេលដែលប្រទេសឥណ្ឌាកំពុងតស៊ូដើម្បីរំដោះខ្លួនជាមួយនឹងការផ្ទុះឡើងនៃ វីរុសកូវីដ-១៩។

ព្យុះសុីក្លូនYaas បានវាយប្រហារតំបន់ឆ្នេរសមុទ្រដែលមានខ្យល់និងភ្លៀងយ៉ាងខ្លាំងដែលធ្វើឱ្យមានការបាក់ដីនៅប្រទេសឥណ្ឌានិងបណ្តាលឱ្យខូចខាតផ្ទះប្រជារាស្រ្ត ព្រមទាំងជន់លិចទីប្រជុំជននានា។ ប្រជាជនជាង១លាននាក់ត្រូវបានជម្លៀសចេញនៅពេលព្យុះបានបក់មក។ នៅក្នុងការធ្វើរបាយការណ៍បច្ចុប្បន្នភាពចុងក្រោយរបស់ខ្លួន នាយកដ្ឋានឧតុនិយមឥណ្ឌាបានប្រាប់ថាព្យុះស៊ីក្លូនមានកម្លាំងខ្យល់ ៧០-៨០ គីឡូម៉ែត្រក្នុងមួយម៉ោង (៤៣-៥០ ម៉ែល / ម៉ោង) និងមានសន្ទុះដល់ ៩០ គីឡូម៉ែត្រ / ម៉ោង។ លោកបានបន្តថា ព្យុះនេះទំនងនឹងបន្តឆ្ពោះទៅទិសពាយ័ព្យនិងចុះខ្សោយជាបណ្តើរ ៗ ក្នុងរយៈពេលបីម៉ោងបន្ទាប់។ នាយករដ្ឋមន្រ្តី West Bengal លោក Mamata Banerjee បាននិយាយថាផ្ទះប្រមាណជាង ២ ម៉ឺនខ្នងត្រូវបានខូចខាតនៅក្នុងរដ្ឋ រីឯទីក្រុង Digha ត្រូវបានជន់លិចដោយរលកកម្ពស់ ៤ ម៉ែត្រ។ ទីភ្នាក់ងារព័ត៍មាន ANI បានឱ្យដឹងដែរថា ជម្រកបណ្តោះអាសន្នជិត ១.២០០ តង់ ត្រូវបានធ្វើដោយអនាម័យស្របតាមបទដ្ឋានសុវត្ថិភាព Covid-19 ហើយក្រុមគ្រូពេទ្យត្រូវបានគេដាក់ពង្រាយនៅទីនោះផងដែរ ប៉ុន្តែនៅតែមានការព្រួយបារម្ភថាវានឹងពិបាកក្នុងការរក្សាគម្លាត ខណៈមនុស្សជាង១លាននាក់ត្រូវបានគេជម្លៀសទៅកាន់ទីនោះយ៉ាងច្រេីនកុះករ។ រដ្ឋ Andhra Pradesh, Jharkhand និង Tamil Nadu របស់ឥណ្ឌានៅលើឆ្នេរសមុទ្រខាងកើតក៏រងផលប៉ះពាល់ដែរដោយមានក្រុមជួយសង្គ្រោះជាង ៥០ នាក់បានបញ្ជូនទៅសង្គ្រោះប្រជាពលរដ្ឋនៅទីនោះ។

ចំណែកឯ អាកាសយានដ្ឋាននៅ Bhubaneswar នៅ Orissa និង Kolkata នៅ West Bengal បានផ្អាកប្រតិបត្តិការទាំងអស់រហូតដល់ល្ងាចថ្ងៃពុធ។ លោក Bob Henson អ្នកព្យាករណ៍ឧតុនិយមនិងជានាយកនិពន្ធនៅ Weather Underground បានប្រាសារព័ត៍មាន BBCថា ឆ្នេរភាគខាងជើងនៃឈូងសមុទ្របេងហ្គាល់ងាយនឹងមានការកើនឡើងខ្លាំងជាងកន្លែងផ្សេងៗលើផែនដី ។ លោកបានបន្តទៀតថា ឆកសមុទ្របេងហ្គាល់គឺជា កន្លែងដ៏គ្រោះថ្នាក់បំផុតសម្រាប់ការកើនឡើងនៃព្យុះ។

បកប្រែដោយ៖ សេន សុគន្ធតារាវត្តី
Turbo tech solutions
HQP