វៀតណាម៖ ក្រសួងសុខាភិបាលវៀតណាមបានប្រកាសថា ពួកគេបានរកឃើញវត្តមានជំងឺកូវីដ១៩ បំប្លែងខ្លួនថ្មីមួយប្រភេទទៀត ដែលជាប្រភេទកូនកាត់កូវីដបំប្លែងខ្លួននៅប្រទេសឥណ្ឌា និងកូវីដបំប្លែងនៅចក្រភពអង់គ្លេស នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន VNexpress នៅថ្ងៃសៅរ៍ ទី២៩ ខែឧសភា ឆ្នាំ២០២១។
ជម្រាបដែរថា កន្លងមកប្រទេសវៀតណាមក៏មានករណីជំងឺកូវីដ១៩ បំប្លែងខ្លួននៅប្រទេសឥណ្ឌា និងអង់គ្លេស មកលើពលរដ្ឋខ្លួនមួយចំនួនផងដែរ ប៉ុន្តែនេះជាលើកដំបូងបំផុត ដែលខ្លួនរកឃើញការបំប្លែងខ្លួនទាំង ២ ប្រភេទ នៅក្នុងករណីតែមួយបែបនេះ។
ប្រភពព័ត៌មានបាននិយាយថា ការបំប្លែងខ្លួនប្រភេទថ្មីនេះគឺទើបតែរកឃើញនៅប្រទេសវៀតណាមប៉ុណ្ណោះ ហើយបើនិយាយជារួមគឺវាមានលក្ខណៈជាការបំប្លែងខ្លួនមកពីប្រទេសឥណ្ឌា ប៉ុន្តែមានហ្សែនដែលត្រូវបានរកឃើញដំបូងនៅចក្រភពអង់គ្លេស។ យ៉ាងណាក៏ដោយក្រសួងសុខាភិបាលវៀតណាមមិនបានបញ្ជាក់ពីចំនួន និងព័ត៌មានលម្អិតអំពីការរកឃើញរបស់ពួកគេនៅឡើយទេ។
គួរឱ្យដឹងដែរថា ការបំប្លែងនៅចក្រភពអង់គ្លេស ត្រូវបានគេជឿថាអាចឆ្លងបានច្រើនជាងវីរុសធម្មតា ខណៈដែលការបំប្លែងខ្លួនរបស់ឥណ្ឌា គឺអាចចម្លងបានលឿន និងមានសភាពធ្ងន់ធ្ងរ ហើយមិនងាយត្រូវជាមួយវ៉ាក់សាំងបង្ការពីមុនៗនោះទេ៕
