ម៉ាឡេស៊ី៖ វេជ្ជបណ្ឌិតសម្រេចចិត្តផ្តល់គ្រែសង្គ្រោះបន្ទាន់ដល់អ្នកជំងឺកូវីដណាដែលអាចសង្គ្រោះជីវិតបានប៉ុណ្ណោះ ក្រៅពីនោះអ្នកជំងឺដែលមានស្ថានភាពធ្ងន់ធ្ងរខ្លាំងទុកតាមដំណើរ

203

ម៉ាឡេស៊ី៖ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន Thestar បានឲ្យដឹងថា ក្រុមវេជ្ជបណ្ឌិតនៅក្នុងប្រទេសម៉ាឡេស៊ីនឹងទទួលបានសិទ្ធធ្វើការសម្រេចចិត្តផ្តល់គ្រែពេទ្យដែលមានសេវាសង្គ្រោះបន្ទាន់ទៅកាន់អ្នកជំ​ងឺកូវីដ ១៩ ណាម្នាក់តាមការចាំបាច់ជាក់ស្តែង ខណៈអ្នកជំងឺកូវីដ ១៩ នៅក្នុងប្រទេសម៉ាឡេស៊ីបានបន្តកើនឡើងយ៉ាងគំហុករហូតធ្វើឲ្យខាងមន្ទីរពេទ្យត្រូវខ្វះខាតគ្រែសង្គ្រោះបន្ទាន់យ៉ាងច្រើន។

លោកវេជ្ជបណ្ឌិត Noor Hisham Abdullah ដែលជានាយកផ្នែកសុខាភិបាលនៃប្រទេសម៉ាឡេស៊ីបានបញ្ជាក់ថា អ្នកជំងឺកូវីដ ១៩ ដែលនឹងត្រូវផ្តល់គ្រែពេទ្យសង្គ្រោះបន្ទាន់នោះគឺជាអ្នកជំងឺដែលមានភាគរយខ្ពស់ក្នុងការជួយសង្គ្រោះជីវិត ហើយចំណែក​ឯអ្នកជំងឺកូវីដ ១៩ ដែលគ្មានលទ្ធភាពខ្ពស់ក្នុងការសង្គ្រោះជីវិតនោះទេគឺមិនត្រូវផ្តល់ជូនគ្រែសង្គ្រោះបន្ទាន់ឡើយ​ ឬអាចនិយាយដោយងាយយល់ថា ពួកគេនឹងត្រូវផ្តល់ជូនត្រឹមការព្យាបាលធម្មតាហើយលទ្ធភាពនៃការជួយសង្គ្រោះជីវិតពួកគេបានឬអត់នោះគឺទុកឲ្យវាទៅតាមដំណើរតែម្តងទៅ។

ប្រធានផ្នែកសុខាភិបាលរូបនេះបានបន្តថា ការសម្រេចចិត្តធ្វើដូចនេះវាហាក់ដូចជាឃោឃៅនិងអមនុស្សធម៌ខ្លាំងណាស់ តែវាជាគឺជាជម្រើសល្អតែមួយគត់ដែលគេអាចធ្វើបានក្នុងកាលៈទេសៈដែលគ្រែសង្គ្រោះបន្ទាន់មានចំនួនកំណត់ ហើយជម្រើសនេះនឹងជួយឲ្យខាងវេជ្ជបណ្ឌិតអាចប្រើប្រាស់គែសង្គ្រោះបន្ទាន់ដែលមានចំនួនតិចតួចនោះឲ្យមានប្រយោជន៍ខ្ពស់បំផុតផងដែរ។ លោកវេជ្ជបណ្ឌិត Noor Hisham Abdullah បានបញ្ជាក់ទៀតថា គិតមកទល់នឹងពេលនេះ គ្រែសង្គ្រោះបន្ទាន់បានប្រើប្រាស់លើសកម្រិតទៅហើយ ពោលគឺដល់កម្រិត ១០៤ % គិតជាគ្រែសរុបមានចំនួន ១,១១៣គ្រែ។

គ្រែពេទ្យធម្មតានៅតាមមន្ទីរពេទ្យបានប្រើប្រាស់ដល់កម្រិត ៨៥% គិតជាចំនួនគ្រែមាន ១០,១៩០គ្រែ។ គ្រែពេទ្យនៅតាមមជ្ឈមណ្ឌលធ្វើចត្តាឡីស័កឬមន្ទីរពេទ្យសាងសង់នៅតាមទីវាលបានប្រើប្រាស់ក្នុងកម្រិត ៦៥% គិតជាចំនួនគ្រែមាន ២៧,១៨៣ គ្រែ និងបំពងខ្យល់អ៊ុកស៊ីសែនបានប្រើប្រាស់អស់ ៦០% ហើយ ដែលគិតជាចំនួនបំពងខ្យល់គឺមានចំនួន ២,១៣៨បំពងនិងត្រូវបានប្រើប្រាស់ចំពោះអ្នកជំងឺកូវីដ ១៩ ត្រឹមតែ ៣០% ប៉ុណ្ណោះ៕

                 លោកវេជ្ជបណ្ឌិត Noor Hisham Abdullah 

Turbo tech solutions
HQP