កំពង់ចាម៖កាលពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១ លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត តំណាង ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ ១៩ រួមនឹងអាជ្ញាធរមូលដ្ឋាន បានចុះសួរសុខទុក្ខ និងចែកអំណោយរបស់រដ្ឋបាលខេត្តកំពង់ចាម ដល់ប្រជាពលរដ្ឋ ដែលកំពុងធ្វើចត្តាឡីស័កនៅតាមផ្ទះ ចំនួន ០៩គ្រួសារ ក្នុងនោះ នៅសង្កាត់សំបួរមាស ចំនួន ០៦គ្រួសារ នៅសង្កាត់វាលវង់ ចំនួន ០១គ្រួសារ និងសង្កាត់បឹងកុក ចំនួន ០២គ្រួសារ ។លោកជំទាវ ប៉ាង ដានី បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើ និងការសួរសុខទុក្ខពីសំណាក់ ឯកឧត្តម អ៊ុន ចាន់ដា ដោយអំពាវនាវឱ្យប្រជាពលរដ្ឋអនុវត្ត «៣ការពារ និង៣កុំ ខណៈដែល អ្នកឆ្លងកូវីដ-១៩ ក្នុងខេត្តកំពង់ចាម កំពុងកើនឡើង ។ ជាមួយនោះ ក្នុងកំឡុងពេល កំពុងចត្តាឡីស័កនេះដែរ បងប្អូនកុំចេញដើរ ឲ្យសោះ ដើម្បី ចូលរួមជាមួយក្រសួងសុខាភិបាល ក៏ដូចជារាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ១៩ កុំឲ្យឆ្លងរាលដាល ទៅក្នុងសហគមន៍ ដោយសារ នាបច្ចុប្បន្ន តែចំនួនអ្នកឆ្លងជម្ងឺនេះ នៅក្នុងខេត្តកំពង់ចាម បានកើនឡើងដល់ទៅជាង ៨០០នាក់ ហើយ បើគិតត្រឹមព្រឹកថ្ងៃទី៣១ ខែឧសភា នេះ ។ លោកជំទាវ បញ្ជាក់ថា ជនរងគ្រោះជម្ងឺកូវីដ ១៩ ខាងលើនេះ គឺភាគច្រើន ជាកម្មករ កម្មការិនី ធ្វើការងារនៅតាមបណ្តារោងចក្រ ។ ជាមួយនោះ រដ្ឋបាលខេត្ត ក៏បានសម្រេចផ្អាកផ្នែកខ្លះៗ នៃរោងចក្រ បន្ទាប់ពីស្រាវជ្រាវរកឃើញប្រភព នៃការឆ្លង និងបានបញ្ជួនអ្នកជម្ងឺទៅព្យាបាល រីឯអ្នកអ្នកប៉ះពាល់ផ្ទាល់ ក៏បានបញ្ជូនទៅធ្វើចត្តាឡីស័ក ផងដែរ ។ នាឱកាសនោះ លោកជំទាវ និងក្រុមការងារ បាននាំយកអំណោយរបស់រដ្ឋបាលខេត្ត ចែកជូនប្រជាពលរដ្ឋ ដែលកំពុងធ្វើចត្តាឡីស័ក ទាំង ០៩គ្រួសារ ដោយ ក្នុង១គ្រួសារៗ ទទួលបាន ៖ អង្ករ ២៥គ.ក្រ មី១កេះ ត្រីខ ១យួរ។ ដោយឡែក ប្រជាពលរដ្ឋ១គ្រួសារ ដែលមានជីវភាពខ្វះខាតខ្លាំង លោកជំទាវ ប៉ាង ដានី បានឧបត្ថម្ភថវិកាផ្ទាល់ខ្លួនបន្ថែម ចំនួន ៤ម៉ឺនរៀល ព្រះចៅអធិការវត្តនគរបាជ័យក្រៅ ក៏បានចូលរួម អង្ករ ២៥គ.ក្រ មី ១កេស ត្រីខ ១យួរ ផងដែរ៕





