នាយឧត្តមសេនីយ៍ វង្ស ពិសេន អនុញ្ញាតឱ្យអនុព័ន្ធយោធាចាស់-ថ្មីសហរដ្ឋអាមេរិក ចូលជួបសម្តែងការគួរសម

504

(ភ្នំពេញ)-នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ កាលពីព្រឹកថ្ងៃទី០៤ មិថុនា ឆ្នាំ២០២១ បានអនុញ្ញាតឲ្យលោកវរសេនីយ៍ឯក ម៉ាកូស ហ្វេរ៉ារ៉ា នាយការិយាល័យអនុព័ន្ធយោធាសហរដ្ឋអាមរិកប្រចាំកម្ពុជាដែលត្រូវចប់អាណត្តិ ចូលជួបសំណេះសំណាល និងជម្រាបលា និងលោកវរសេនីយ៍ត្រី អារីស រីប៊ូជីអូ នាយការិយាល័យ អនុព័ន្ធយោធាសហរដ្ឋអាមេរិកថ្មីក៏បានចូលជួបសម្ដែងការគួរសម និងបង្ហាញមុខនាឱកាសនោះផងដែរ។ក្នុងកិច្ចសន្ទនា លោកវរសេនីយ៍ឯក ម៉ាកូស ហ្វេរ៉ារ៉ា បានលើកឡើងនូវចំណុចសំខាន់ពីរក្នុងរយៈពេលដែលលោកបំពេញការងារនៅកម្ពុជា ក្នុងនោះបញ្ហាទី១ គឺការរាតត្បាតនៃជំងឺឆ្លងកូវីដ-១៩ បញ្ហាទី២ គឺទំនាក់ទំនងរវាងកងទ័ពប្រទេសទាំងពីរ (កម្ពុជា-អាមេរិក) ។ លោកនាយសេនានុព័ន្ធយោធា សហរដ្ឋអាមេរិកបានគូសបញ្ជាក់ថា ចាប់តាំងពីលោកបានមកបំពេញការងារដំបូងនៅកម្ពុជាក្នុងឆ្នាំ ២០១៧ គឺបរិយាកាសមិត្តភាពរវាងកម្ពុជា និងសហរដ្ឋអាមេរិកមានភាពស្និទ្ធស្នាល ប៉ុន្តែកាលពីសប្តាហ៍មុនរូបលោកបានទៅមូលដ្ឋានសមុទ្ររាម ហើយបានឃើញសារព័ត៌មានចុះផ្សាយនៅទំព័រមុខថាកងទ័ពសហរដ្ឋអាមេរិកបានចុះទៅត្រួត ពិនិត្យនៅសមុទ្ររាម ដែលធ្វើឲ្យលោកមានអារម្មណ៍ថាទំនាក់ទំនងកម្ពុជា-អាមេរិក ហាក់ដូចជាមានការប្រែប្រួល ប៉ុន្តែលោកវរសេនីយ៍ឯក បានមានសង្ឃឹមថា ទៅថ្ងៃ ខាងមុខទំនាក់ទំនងរវាកងទ័ពប្រទេសទាំង ពីរនឹងអាចត្រឡប់មកល្អដូចពីពេលមុនវិញ តាមរយៈការបន្តគោរពគ្នាទៅវិញទៅមក ការបន្តអនុវត្តអនុសាសន៍សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅក្នុងការកសាងទំនុកចិត្តគ្នា។ក្នុងកិច្ចឆ្លើយតប នាយឧត្តមសេនីយ៍ វង្ស ពិសេន បានគូសបញ្ជាក់ពីទំនាក់ទំនងការទូតរវាងកម្ពុជា និងសហរដ្ឋអាមេរិក ដែលមានជាមួយគ្នារយៈពេល ៧១ឆ្នាំមកហើយ ដែលទំនាក់ទំនងនេះមានភាពល្អប្រសើររហូតមក។ បន្ថែមលើនេះ នាយឧត្តមសេនីយ៍អគ្គមេបញ្ជាការ បានគូសបញ្ជាក់ពីកិច្ចសហប្រតិបត្តិការរបស់កងទ័ពសហរដ្ឋអាមេរិកនៅក្នុងការជួយឧបត្ថម្ភគាំទ្រដល់កងយោធពលខេមរភូមិន្ទដែលត្រូវទៅបំពេញបេសកកម្មនៅក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិ រួមទាំងការជួយហ្វឹកហ្វឺនផ្នែកដោះមីន គ្រាប់មិនទាន់ផ្ទុះ សន្តិសុខលំហរសមុទ្រ ហើយថ្មីៗនេះការជួយឧបត្ថម្ភថវិកាដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ផងដែរ។ក្រៅពីនោះ នាយឧត្តមសេនីយ៍ ក៏បានលើកឡើងពីកិច្ចសហការល្អរវាងកងទ័ពប្រទេសទាំងពីរកន្លងមក នៅក្នុងការស្វែង រកអដ្ឋិធាតុទាហានអាមេរិកដែលបានបាត់ ខ្លួននៅកម្ពុជា ក៏ដូចជាកិច្ចសហប្រតិបត្តិការប្រឆាំងអំពើភេរវកម្ម, ការងារមនុស្សធម៌ ការ ស្រាវជ្រាវវិទ្យាសាស្ត្រយោធា និងលំហាត់ឆ្មាំអង្គរជាដើម។ នាយឧត្តមសេនីយ៍ វង្ស ពិសេន បានមានជំនឿយ៉ាងមុតមាំថា ទៅថ្ងៃខាងមុខទំនាក់ ទំនងរវាងកងទ័ពប្រទេសទាំងពីរ (កម្ពុជា-អាមេរិក) នៅតែបន្តសហប្រតិបត្តិការល្អជាមួយគ្នា៕

Turbo tech solutions
HQP