ក្លឹប​បាល់ទាត់​ អាយ​អេសអាយ ដង្កោ​សែន​ជ័យ​មិន​​ផ្ដោត​​​លើ​លទ្ធផល​ពេក​ទេ សំខាន់​ទិសដៅ​ពង្រីក​​សមត្ថភាព ក្នុងពានរង្វាន់ League Cup

326

ក្លឹប​បាល់ទាត់​ អាយ​អេសអាយ​​ ដង្កោ​សែនជ័យ​​ មិន​​ផ្ដោត​លើ​​តែ​លទ្ធផល​ពេក​ទេ សំខាន់​គឺ​​ទិស​ដៅ​ពង្រីក​សមត្ថភាព​សម្រាប់​​ក្រុម​ខ្លួន​​នា​ពេល​អនាគត ពិសេស​គឺ​ការ​ត្រៀម​​ចូល​រួម​លីគ​២​​ សម្រាប់ការ​ចូល​រួម​​ប្រកួត​ពាន​រង្វាន់​លីគ​​ខាប់​ (League Cup 2021 by Forward​) នេះគឺជាការលើកឡើងរបស់ លោក សាប៊ូន វិន​តា ​ប្រធានផ្នែក​បច្ចេកទេស​​របស់​ក្លឹប​បាល់ទាត់អាយ​អេសអាយ​​ ដង្កោ​សែនជ័យ នៅសាលសន្និសីទសារព័ត៌មានបើករដូវកាល និងត្រៀមការប្រកួតដែល​នឹង​ចាប់​ផ្ដើម​ប្រកួត​ស្អែក​នេះ​​ទល់​ក្រុម​ភ្នំពេញ​ក្រោន​​វេលា​ម៉ោង ៦:០០ នាទី​​ល្ងាច​​នៅ​កីឡដ្ឋាន Smart RSN របស់ក្លឹបបាល់ទាត់​ភ្នំពេ​ញ​ក្រោន។

លោក សាប៊ូន វិន​តា ​ប្រធានផ្នែក​បច្ចេកទេស​​របស់​ក្លឹប​បាល់ទាត់អាយ​អេសអាយ​​ ដង្កោ​សែនជ័យ ថ្លែងសារក្នុងសន្និសីទសារព័ត៌មាន រូបភាពពី ទំព័រហ្វេសប៊ុក ISI Dangkor Senchey FC

​ប្រធានផ្នែក​បច្ចេកទេស​​របស់​ក្លឹប​បាល់ទាត់​ដដែល​បាន​ឲ្យ​ដឹង​ថា ​«ក្រុមរបស់យើង​គឺ​ផ្ដោត​សំខាន់​ចំពោះ​ការ​ ពង្រីក​សមត្ថភាព​​បន្ថែម​ទៀត​ ដើម្បី​ឆ្ពោះ​ទៅ​រក​ទិស​ដៅ​ដែល​ក្រុម​​ចង់​បាន ដូច្នេះ​ការ​ប្រកួត​ស្អែក​ និង​ការ​ប្រកួត​បន្ទាប់​ៗ​លោក​ពិត​ជា​សប្បាយ​ចិត្ត​ក្នុង​ការ​ចូល​រួម»។

លោក​បន្ថែម​ថា វា​មិន​មែន​ជា​ការ​ដាក់​សម្ពាធ​មក​​កាន់​ក្រុម​របស់​លោក​ឡើយ ​​បើ​ទោះ​ក្រុម​ចូល​រួម​សុទ្ធ​តែ​ជា​​ក្រុម​ធំៗ និង​សម្បូរ​ទៅ​ដោយ​ក្រុម​ខ្លាំង​ក៏​ដោយ​​ ផ្ទុយ​ទៅ​​វិញ​វា​បាន​ផ្ដល់​បទពិសោធ​ដល់​ក្រុម​របស់​លោក​កាន់​តែ​ច្រើន​។ ​​ជា​មួយ​គ្នា​នោះ​​ដែរប្រធាន​ក្រុម ធូ គាសេង ​ក៏​បាន​លើក​ឡើង​ដែរ​ថា ​ឆន្ទៈ​របស់​​ខ្លួន ​និង​ក្រុម​គឺ​មិន​ផ្ដោត​លើ​លទ្ធផល​​ដូច​គ្នា​ សំខាន់​គឺ​ការ​អនុវឌ្ឍ​​សម្រាប់​ទិស​ដៅ​បន្ទាប់​​ដើម្បី​ប្រជែង​លីគ​ទី​២​។

លោក ធូ គាសេង ​ប្រធាន​ក្រុម ថ្លែងសារចំណាប់អារម្មណ៍ ក្នុងសាលស្និតសីទសារពត៌មាន រូបភាពពី ទំព័រហ្វេសប៊ុក ISI Dangkor Senchey FC
ពិធីបង្ហាញឯកសណ្ឌានការប្រកួតរបស់ក្លឹប​បាល់ទាត់អាយ​អេសអាយ​​ ដង្កោ​សែនជ័យ រូបភាពពី ទំព័រហ្វេសប៊ុក ISI Dangkor Senchey FC
ថតរូបអនុស្សាវរីយ៍ជួបជុំថ្នាក់ដឹកនាំរបស់ក្លឹប​បាល់ទាត់អាយ​អេសអាយ​​ ដង្កោ​សែនជ័យ រូបភាពពី ទំព័រហ្វេសប៊ុក ISI Dangkor Senchey FC

ពាន​រង្វាន់​ (League Cup 2021 by Forward​) ​​មាន​​ក្រុម​ចូល​រួម​បឹងកេត ភ្នំពេញក្រោន ទ័ព ព្រះ​ខ័ន​រាជ​ស្វាយរៀង អាយអេសអាយ​ ដង្កោ​សែន​ជ័យ វិសាខា សាលា​បាល់ទាត់​ជាតិ​បាទី និង​ខេត្ត​ព្រៃវែង​។ ក្រុម​ទាំង​៨​បែង​ចែក​ជា​ពីរ​ពូល A និង B ហើយ​ក្រុម​លេខ​១ និង​លេខ​២​នៅ​តាម​ពូល​នីមួ​យ​ៗ នឹង​ឡើង​ទៅ​កាន់​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​៕

Turbo tech solutions
HQP