លោក Kota Miyagi មានបទពិសោធ និងស្នាដៃក្នុងការបណ្ដុះបណ្ដាលយុវជនខ្មែរបានល្អនៅក្រុមយុវជនខេត្តក្រចេះ ទើបធ្វើឲ្យលោក Yusuke Shinoda អ្នកចាត់ការក្លិបបាល់ទាត់អង្គរថាយហ្គឺរ ជឿជាក់ថា លោកគ្រូជំនួយរូបនេះនឹងអាចរួមចំណែកជួយកីឡាករក្នុងស្រុករបស់ថាយហ្គឺរអភិវឌ្ឍខ្លួនបានកាន់តែលឿន ក្លាយជាធនធានដ៏ល្អ និងមានឱកាសជាប់ជម្រើសជាតិនាពេលអនាគត។

លោក Shinoda ថ្លែងបែបនេះបន្ទាប់ពីអង្គរថាយហ្គឺរបានប្រកាសពីការតែងតាំងលោក Kota Miyagi ជាគ្រូជំនួយកាលពីថ្ងៃព្រហស្បតិ៍ ទី០៣ ខែមិថុនា។ លោកថា មានកូនក្រុមរបស់លោក Kota មួយចំនួននៅក្រុមយុវជនខេត្តក្រចេះបានឈានជើងចូលថ្នាលយុវជនវិសាខា និងយុវជនបាទីទៀតផង។

អ្នកចាត់ការអង្គរថាយហ្គឺរបង្ហាញក្ដីរំពឹងបែបនេះ “៖ គាត់មានបទពិសោធ២ឆ្នាំជាគ្រូបង្វឹកមួយរូបនៅថ្នាលយុវជនខេត្តក្រចេះ និងបានបណ្ដុះបណ្ដាលកូនក្រុមមួយចំនួនបានទៅក្រុមថ្នាលវិសាខា និងបាទី ហើយថែមទាំងមានឈ្មោះក្នុងក្រុម U19 ជម្រើសជាតិទៀតផង។ នេះជាការប្រឹងប្រែងដ៏ធំធេង និងផ្លែផ្កាពីក្រុមក្នុងស្រុកកម្រិតខេត្ត។ គាត់ក៏ធ្លាប់ជាកីឡាករអាជីពនៅលីគទី៣ជប៉ុន និងអាចនិយាយភាសាខ្មែរបានទៀត។ ខ្ញុំរំពឹងថា គាត់នឹងអាចជួយជ្រោមជ្រែងកីឡាករក្នុងស្រុកយើងឲ្យរីកចម្រើនបានលឿន ជាកីឡាករល្អ និងអាចជាប់ជម្រើសជាតិ។”

បើតាមការបញ្ជាក់ពីក្លិបអង្គរថាយហ្គឺរ លោក Kota គឺជាគ្រូបង្វឹកមួយរូបដែលកាន់អជ្ញាបណ្ឌ Japan Football Association(JFA) C License។ មុនធ្វើគ្រូជំនួយថាយហ្គឺរ បុរសវ័យ ២៧ ឆ្នាំរូបនេះធ្លាប់ជាកីឡាករ លេងនៅក្លិបលីគលំដាប់ទី ៣ ជប៉ុន FC Ryukyu (បច្ចុប្បន្នស្ថិតក្នុងលីគលំដាប់ទី ២) ពីឆ្នាំ ២០១៦ ដល់ ២០១៧។ ក្រោយមកលោកក៏ត្រូវបានតែងតាំងជាគ្រូបង្វឹកក្រុម U12 របស់ FC Ryukyu ក្នុងឆ្នាំ ២០១៧ និងបន្តក្លាយជាគ្រូជំនួយក្រុម U18 នៅក្នុងឆ្នាំ ២០១៨។

ក្នុងឆ្នាំ ២០១៨ ដដែល លោក Kota បានឈានជើងដល់កម្ពុជាតាមរយៈអង្គការ JICA ដោយចូលធ្វើជាគ្រូជំនួយក្រុមយុវជនជម្រើសខេត្តក្រចេះ កម្រិតU15 និង U18 ដល់ឆ្នាំ២០២១នេះ៕
ប្រភពរូបភាពពី៖ CNCC Angkor Tiger Football Club