កម្ពុជាពុំទាន់ផែនការណាមួយ ក្នុងការចាក់វ៉ាក់សាំងការពារវីរុសកូវីដ-១៩ លើកុមារនៅឡើយទេ

242

លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ (គ.វ.ក១៩) ក្នុងក្របខណ្ឌទូទាំងប្រទេស បានប្រាប់ទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) នៅយប់ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១នេះថា នៅកម្ពុជាពុំទាន់មានផែនការ ឬការសិក្សាណាមួយក្នុងការចាក់វ៉ាក់សាំងការពារវីរុសកូវីដ-១៩ លើកុមារអាយុ ០៣ឆ្នាំឡើងនៅឡើយទេ ហើយអ្វីដែលត្រូវផ្តោតនៅពេលនេះគឺក្រុមបុគ្គលអាយុ ១៨ឆ្នាំឡើងសិនប៉ុណ្ណោះ។

ការលើកឡើងរបស់លោកជំទាវដូច្នេះ ឆ្លើយតបទៅនឹងសំនួរពាក់ព័ន្ធនឹងផែនការ ឬក៏ការសិក្សាណាមួយរបស់ក្រសួងសុខាភិបាល ដែលអាចនឹងប្រើប្រាស់វ៉ាក់សាំងរបស់ក្រុមហ៊ុន ស៊ីណូវ៉ាក់ទៅលើកុមារ បន្ទាប់ពីក្រុមហ៊ុនធំ នៅប្រទេសចិន បានផ្សព្វផ្សាយអំពីការកំពុងត្រៀមចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដល់កុមារ ដែលមានអាយុចាប់ពី៣ឆ្នាំឡើងទៅ ដែលនេះនឹងធ្វើឲ្យប្រទេសចិន ក្លាយជាប្រទេសដំបូងគេបំផុតក្នុងពិភពលោក ដែលអនុញ្ញាតឲ្យចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដល់កុមារ ហើយក្នុងនោះក៏មានបណ្តាប្រទេសមួយចំនួន បានចាក់វ៉ាក់សាំងដល់ក្មេងជំទង់រួចហើយដែរ ដែលមានអាយុចាប់ពី ១២ឆ្នាំឡើង។

លោកជំទាវវេជ្ជបណ្ឌិត បានសង្កត់ធ្ងន់ថា ៖ “យើងពុំទាន់មានគម្រោង ឬការសិក្សាណាមួយនៅឡើយទេពាក់ព័ន្ធនឹងបញ្ហាខាងលើ ហើយអង្គការសុខភាពពិភពលោកក៏ពុំទាន់មានគោលការណ៍ណែនាំអំពីរឿងនេះនោះដែរ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋកុំទាន់ភ្ញាក់ផ្អើលអំពីរឿងនេះ។ ម៉្យាងគ.វ.ក១៩ កំពុងផ្តោតការចាក់វ៉ាក់សាំង ទៅលើក្រុមបុគ្គលដែលមានអាយុ១៨ឆ្នាំឡើង ហើយមានហានិភ័យឆ្លង និងប្រឈមខ្ពស់ នៅព្រះរាជាណាចក្រកម្ពុជាយើង ហើយយុទ្ធនាការចាក់វ៉ាក់សាំងនេះក៏បាននិងកំពុងអនុវត្តជាបន្តបន្ទាប់ផងដែរតាមយុទ្ធសាស្រ្តផ្ការីក របស់សម្តេចតេជោ នាយករដ្ឋមន្ត្រី”។

គួររម្លឹកថា គិតត្រឹមថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១នេះ ចំនួនប្រជាពលរដ្ឋបានចាក់វ៉ាក់សាំងនៅទូទាំងប្រទេស សម្រាប់ដូសទី១រួច មានចំនួនសរុប ២ ៨៣៦ ៤៨២នាក់ និងបានចាក់ដូសទី២រួច មានចំនួនសរុប ២ ៣៨៧ ៤៧២នាក់ ដែលស្មើនឹង ២៨.៣៦% នៃចំនួនប្រជាជនគោលដៅទទួលបានវ៉ាក់សាំងសរុប ១០លាននាក់។

Turbo tech solutions
HQP