អង់គ្លេស៖ ការសិក្សាមួយបានបង្ហាញថា ជំងឺកូវីដ ១៩ បំប្លែងខ្លួននៅក្នុងប្រទេសឥណ្ឌា ឬត្រូវបានគេហៅថា Delta មានសមត្ថភាពអាចចម្លងនៅក្នុងចំណោមសមាជិកគ្រួសារខ្ពស់ជាងមេរោគកូវីដ ១៩ ធម្មតារហូតដល់ ៦០%ឯណោះ។
ការសិក្សាមួយនេះត្រូវបានធ្វើឡើងដោយវិទ្យាស្ថានសុខភាពសាធារណៈអង់គ្លេស ហើយទល្ធផលនៃការសិក្សាត្រូវបានរដ្ឋាភិបាលអង់គ្លេសធ្វើការផ្បព្វផ្សាយជាសាធារណៈកាលពីថ្ងៃ សុក្រ ទី ១១ ខែ មិថុនា ម្សិលមិញនេះ។ នាពេលកន្លងមកគេគ្រាន់តែដឹងថា មេរោគកូវីដ ១៩ ប្រភេទ Delta គឺមានគ្រោះថ្នាក់ខ្លាំងនិងអាចចម្លងបានលឿនជាងមេរោគកូវីដ ១៩ ធម្មតា តែគេមិនដែលដឹកកម្រិតជាក់លាក់នៃចម្លងរបស់វាដូចការសិក្សាខាងលើនេះទេ។
របាយការណ៍នៃការសិក្សានេះក៏និយាយបន្ថែមផងដែរថា ព្រោះតែមេរោគ Delta អាចចម្លងបានលឿនដូចនេះហើយទើបគេពិបាកទប់ស្កាត់វាខ្លាំងណាស់ ហើយជាក់ស្តែងប្រទេសអង់គ្លេសក៏ធ្លាប់ធ្វើការបិទខ្ទប់តំបន់សំខាន់ៗជាច្រើនព្រោះតែមេរោគប្រភេទនេះដែរ ខណៈក្នុងពេលបច្ចុប្បន្ននេះឥណ្ឌាគឺជាប្រទេសដែលកំពុងមានការគំរាមគំហែងដោយមេរោគ Delta ខ្លាំងជាងគេបំផុត។
គួររម្លឹកជូនថា នាពេលកន្លងមកក្រុមវេជ្ជបណ្ឌិតឥណ្ឌាធ្លាប់បានអះអាងថាមេរោគកូវីដ ១៩ ប្រភេទ Delta អាចធ្វើឲ្យអ្នកជំងឺមានបញ្ហារលួយស្បែកយ៉ាងឆាប់រហ័យ និងអាចធ្វើឲ្យអ្នកជំងឺមួយចំនួនត្រូវមានបញ្ហាថ្លង់ជារៀងរហូតទៀតផង៕
