ភ្នំពេញ៖ ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១ វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ស៊ីណូហ្វាម Sinopharm ចំនួន ១ លានដូសទៀត ដែលផ្នែកមួយនៃវ៉ាក់សាំងស៊ីណូហ្វាម ចំនួន ៤លានដូស ដែលជាការបញ្ជាទិញរបស់រាជរដ្ឋាភិបាលកម្ពុជាពីសាធារណរដ្ឋប្រជាមានិតចិនបានមកដល់កម្ពុជាហើយ នារសៀលថ្ងៃទី ១២ ខែមិថុនា ២០២១នេះ តាមជើងយន្តហោះពិសេស។
បើតាមមន្ត្រីជាន់ខ្ពស់របស់ក្រសួងសុខាភិបាលបានឱ្យដឹងថា រាជរដ្ឋាភិបាលមានផែនការទិញវ៉ាក់សាំងចំនួន ២៦ លានដូសដើម្បីចាក់ជូនប្រជាពលរដ្ឋចំនួន ១៣ លាននាក់ដោយឥតគិតថ្លៃ ដែលក្នុងនោះរាជរដ្ឋាភិបាលបានបញ្ជាទិញវ៉ាក់សាំងស៊ីណូហ្វាមចំនួន៤ លានដូសនិងវ៉ាក់សាំងស៊ីណូវ៉ាក់៩លានដូសផងដែរ។ ដូចនេះវ៉ាក់សាំងនឹងមកដល់ប្រទេសកម្ពុជាជាបន្តបន្ទាប់ ហើយបើមិនមានការប្រែប្រួលទេនោះវ៉ាក់សាំង ១ លានដូសទៀត នឹងមកដល់នៅថ្ងៃទី ១៩ ខែមិថុនាខាងមុខ។ គួរបញ្ជាក់ជូនថា គិតមកដល់ថ្ងៃនេះកម្ពុជាបានទទួលវ៉ាក់សាំងចំនួនជាង ៨លានដូសរួចហើយ ភាគច្រើនបំផុតជាវ៉ាក់សាំងជំនួយនិងទិញពីប្រទេសចិន។
វ៉ាក់សាំងដែលកម្ពុជាទទួលបានរួចមកហើយនោះរួមមាន វ៉ាក់សាំងស៊ីណូហ្វាម (Sinopharm) ជាជំនួយរបស់រដ្ឋាភិបាលចិនចំនួន២,២លានដូស វ៉ាក់សាំងស៊ីណូហ្វាមចំនួន១ លានដូសទិញពីក្រុមហ៊ុនស៊ីណូហ្វាម វ៉ាក់សាំងស៊ីណូវ៉ាក់(Sinovac)ទិញពីប្រទេសចិន ចំនួន៤,៥លានដូស និងវ៉ាក់សាំងអាស្ត្រាហ្សេនីកា(AstraZeneca)ជំនួយរបស់ខូវ៉ាក់ (Covax Facility) តាមរយៈអង្គការសុខភាពពិភពលោក (WHO) ចំនួន ៣២៤ ០០០ដូស ។
បើគិតមកដល់ថ្ងៃទី ១១ មិថុនា ឆ្នាំ២០២១នេះ កម្ពុជាសម្រេចចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋបានចំនួនជាង ២លាន៨សែននាក់ហើយ។ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញផែនការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋអាយុចាប់ពី ១៨ឆ្នាំឡើង ប្រមាណ១៣លាននាក់ ដែលត្រូវការវ៉ាក់សាំងប្រមាណ ២៦លានដូស នឹងសម្រេចការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋឱ្យបានចំនួន ១០លាននាក់ នៅក្នុងឆ្នាំ២០២១នេះ ឬយ៉ាងយូរបំផុតនៅដើមឆ្នាំ២០២២៕

