ភ្នំពេញ៖ យោងទៅតាមប្រសាសន៍របស់ សម្ដេចអគ្គសេនាបតីតេជោ ហ៊ុន សែន បានបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ ប្រទេសកម្ពុជាបានចាក់វ៉ាក់សាំងជូនប្រជាជនបានជាង ៣លាននាក់ហើយ។
ក្នុងនោះផងដែរ ក៏បានរកឃើញបុគ្គលដែលបានចាក់វ៉ាក់សាំងទី ៣លាន ដោយបានទៅលើស្ដ្រីមេម៉ាយម្នាក់ឈ្មោះ ស៊ុ សំអឿន អាយុ ៤៨ឆ្នាំ រស់នៅមន្ទីរពេទ្យជ័យជំនះ ខេត្ដកណ្ដាល។ ដូច្នេះ គាត់ក៏នឹងទទួលបានប្រាក់ជំនួយឧបត្ថម្ភដូចអ្នកចាក់វ៉ាក់សាំងទី ១លាន និងទី ២លានដែរ ពោលនឹងទទួលបាននូវទឹកប្រាក់ចំនួន ១០លានរៀល ដែលលោកជំទាវ ឱ វណ្ណឌីន នឹងយកទៅជូនផ្ទាល់នាថ្ងៃនេះ។
សម្ដេចបានបញ្ជាក់ដែរថា យើងសម្រេចបាននូវការចាក់វ៉ាក់សាំងចំនួន ៣០ភាគរយនៃចំនួនដែលត្រូវចាក់ ដែលនេះជាជោគជ័យដ៏ធំក្នុងដំណើរឆ្ពោះទៅរកគោលដៅ ១០លាននាក់ដែលត្រូវចាក់៕
