តើពាក្យថា ឯកអគ្គរាជទូត មានន័យដូចម្ដេច?

410

បច្ចុប្បន្ន ការប្រើប្រាស់មុខងារផ្លូវការរបស់មនុស្សជាច្រើននៅក្នុងសង្គមកម្ពុជា ហាក់ត្រូវបានពង្វក់ឱ្យល្អក់កករ ដោយក្រុមមនុស្សខ្វះចំណេះដឹងពីស្ថាបន័នានាជាច្រើន ក្នុងនោះវិស័យឯកជនហាក់ផុសផុលខ្លាំងក្នុងការបង្កបញ្ហាដ៏រសើបនេះ។ ក្នុងបរិការណ៍នេះ យើងសង្កេតឃើញ មានងារមួយដែលបុគ្គលជាតំណាងផ្លូវការរបស់អង្គភាព អង្គការ ក្រុមគម្រោងបេសកកម្ម ក្លឹប ក្រុមហ៊ុនឯកជន ។ល។ ត្រូវបានគេប្រកាសហៅថា “ឯកអគ្គរាជទូត”។ តើពាក្យនេះ ពិតជាអាចប្រើប្រាស់ដោយសេរី តាមការនឹកឃើញចង់បានរបស់មនុស្សម្នាក់ៗក្នុងប្រទេសជាតិមួយដែរឬទេ? ជាដំបូង យើងត្រូវយល់ពីខ្លឹមសារនៃព្យាង្គនីមួយៗសិន។ “ឯក” មានន័យថា មានតែមួយគត់ មិនអាចមានលើសពីមួយទេ។ “អគ្គ” មានន័យថា ប្រសើរឧដ្ដុង្គឧត្ដមលើសគេបំផុតក្នុងរដ្ឋសីមា។ “រាជ” ជាពាក្យដាក់រៀងពីខាងដើមស័ព្ទនាម ដើម្បីបញ្ជាក់ថាតួនាទីនោះត្រូវបានតែងតាំងដោយស្ដេចនៃប្រទេស។ “ទូត” ជាមន្ត្រីសក្ដិធំដែលរាជការឬប្រមុខរដ្ឋចាត់ទៅជាតំណាងផ្ទាល់ដើម្បីធ្វើកិច្ចការទាក់ទងគ្នាជាមួយរដ្ឋបាលប្រទេសដទៃទៀត គោលដៅបម្រើផលប្រយោជន៍ប្រទេសជាតិ។ដូច្នេះ ពាក្យថា “ឯកអគ្គរាជទូត” គឺជាមនុស្សដ៏ប្រសើរឧដ្ដុង្គឧត្ដមលើសគេបំផុត ហើយត្រូវបានតែងតាំងដោយព្រះមហាក្សត្រនៃប្រទេសមួយ ដើម្បីធ្វើជាតំណាងរាជការ ក្នុងកិច្ចការសម្របសម្រួលនូវរឿងរ៉ាវប្រទេសជាតិទាំងមូលជាមួយប្រទេសដទៃណាមួយក្នុងលោក ហើយមានតែមួយគត់ក្នុងប្រទេសនីមួយៗ។ ឧទាហរណ៍ ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប្រជាមានិតចិន មានតែមួយនាក់គត់។ ឯកអគ្គរាជទូតកម្ពុជា ប្រចាំសហរដ្ឋអាមេរិក ក៏មានតែ១នាក់គត់។ បញ្ច្រាសមកវិញ ឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ក៏មានតែ១នាក់ដូចគ្នា។ ឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំនៅ សាធារណរដ្ឋសង្គមនិយមវៀតណាម ក៏មានតែ១នាក់ដែរ។ ហើយដូចៗគ្នានេះ គ្រប់ប្រទេសដែលមានទំនាក់ទំនងការទូត តែងតែមានអ្នកតំណាង១រូបដែលត្រូវបានតែងតាំងដោយព្រះមហាក្សត្រ ឬដោយប្រមុខរដ្ឋ សម្រាប់ឈរជើងក្នុងអាណត្តិមួយជាក់លាក់។ផ្ទុយទៅវិញ ពាក្យ “ឯកអគ្គរាជទូត” ស្រាប់តែប៉ុន្មានឆ្នាំចុងក្រោយនេះ វាត្រូវបានគេយកទៅតែងតាំងមនុស្សសាមញ្ញធម្មតាៗ ដែលគ្មានគុណសម្បត្តិអ្វីជាដុំកំភួនសោះ និងធ្វើឡើងដោយក្រុមមនុស្សកម្រិតធម្មតាដូចៗគ្នា សម្រាប់បម្រើផលប្រយោជន៍នានាក្នុងក្រុមតូចៗទៅវិញ។ យើងត្រូវដឹងថា ការតែងតាំងនរណាម្នាក់ ជាអ្វីមួយ ដើម្បីស្វែងរកការទទួលស្គាល់ជាសាធារណៈ មិនអាចធ្វើឡើងតាមអារម្មណ៍នឹកឃើញចង់បាននោះឡើយ បើមិនដូច្នេះទេ ងារនោះ នឹងក្លាយជាសញ្ញាសម្គាល់ “ទុច្ឆន្ទៈបុគ្គល” ទៅវិញផង។ ឬករណីប្រទូស្ដធ្ងន់ អាចនឹងត្រូវមានការប្ដឹងផ្ដល់ ទោសទណ្ឌផ្សេងៗ ដោយសារប្រឆាំងនឹងងារស្របច្បាប់របស់រាជការ ដែលទាមទារព្រះរាជក្រឹត្យត្រឹមត្រូវពីព្រះមហាក្សត្រ ឬហៅងាយស្ដាប់ គឺងារក្លែងក្លាយ។ចុះអ្នកតំណាងស្លាកយីហោក្រុមហ៊ុន ឬ អង្គការ ឬគម្រោងអ្វីមួយ គួរហៅថាដូចម្ដេច?ពួកគេ គួរត្រូវបានហៅថា “អ្នកតំណាង” ក្នុងភាសាបារាំងនិងអង់គ្លេស គេហៅថា “ម៉ូឌែល” (Model) អ្នកបង្ហាញស្លាកសញ្ញាផលិតផល ជាតំណាងរបស់ក្រុមហ៊ុន។ ខ្មែរយើងបែរហៅខុស ដោយហៅអ្នកកាច់រាងមុខកាមេរ៉ាថតបង្អួតរាងថាជា “ម៉ូឌែល” ទៅវិញ។ សូមបញ្ជាក់ថា អ្នកដែលគ្រាន់តែចូលចិត្តថតរូបស្អាតៗ ហើយមិនផ្សព្វផ្សាយផលិតផល ឬ ផ្សាយក្រុមហ៊ុន គេហៅថា “Stylist” (អ្នកនិយមបង្អួតរូបរាង)។ មានអ្នកខ្លះ សរសេរនិងហៅអ្នកតំណាងក្រុមហ៊ុន ឬ អង្គការក្រៅរដ្ឋាភិបាល ថា “ទូតសុឆន្ទៈ”។ តាមពិតទៅ បើយោងតាមវចនានុក្រមខ្មែរ សម្ដេចសង្ឃ ជួន ណាត ពាក្យថា “ទូត” ប្រែថា អ្នកដែលគេបញ្ជូន ដែលគេប្រើទៅ តំណាងប្រទេសជាតិដើម្បីនាំដំណឹងផ្សេងៗ ទៅកាន់រដ្ឋដទៃ ប្រទេសដទៃផ្សេងទៀត។ ដូច្នេះ ឃើញថា សូម្បីតែប្រើពាក្យ “ទូតសុឆន្ទៈ” ក៏នៅមិនទាន់ត្រូវផង កុំថាឡើយបំប៉ោងហួសមាឌដល់ទៅលំដាប់ ឯកអគ្គរាជទូត។បើសិនជាគ្រប់ៗគ្នា សុទ្ធតែមានសិទ្ធិ ក្លាយជា “ឯកអគ្គរាជទូត” ដូច្នេះ មានន័យថា អ្នកតែងតាំងគេនោះ ក៏សុទ្ធតែមានសិទ្ធិឡើងសោយរាជ្យជាស្ដេច ជាម្ចាស់ប្រទេស បានដែរ!

Turbo tech solutions
HQP